ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​ប្រទេស​បា​ហា​ម៉ា កើនឡើង​ដល់ ៤៣នាក់​

448
ចែករម្លែក

​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​បា​ហា​ម៉ា លោក Hubert Minnis បាន​និយាយថា​ចំនួន​មនុស្ស​ដែល​ត្រូវបាន​អះអាងថា​បាន​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​Dorian​បាន​កើន​​ឡើងដល់​៤៣ នាក់ ហើយ​តួលេខ​នេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ថែម​ទៀត​។​

​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ខែ​កញ្ញា លោក Hubert Minnis បាន​និយាយថា មនុស្ស​៣០​នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នេះ​។​

​អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ចំនួន​៤៣​បាន​ស្លាប់ និង​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ហើយ​ចំនួន​នេះ​អាច​នឹង​​កើនឡើង​ថែម​ទៀត​។​នេះ​បើ​យោង​តាម​សារព័ត៌មាន NBC News​។​

​សារព័ត៌មាន​នេះ បាន​និយាយថា ខណៈ​ដែល​ប្រតិ​ប​តិ្ត​ការរុករក​និង​ការសង្គ្រោះ​នៅ​តំបន់​រងគ្រោះ​ទាំងនេះ​បាន​កំពុង​ធ្វើ​នោះ មនុស្ស​៧០.០០០​នាក់​នៅ​កោះ​Abaco និង​កោះ​ Grand Bahama នៅ​ប្រទេស​នេះ កំពុង​ត្រូវការ​ជំនួយ​។​

​ខ្យល់ព្យុះ​នេះ​បាន​មក​ដល់​ប្រទេស​បា​ហា​ម៉ា​កាលពី​ចុង​សប្តាហ៍​មុន​ហើយ​បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ អស់​រយៈពេល​២​ថ្ងៃ​។​

​យោង​តាម​កាកបាទក្រហម​អន្ដរជាតិ​បានឱ្យដឹងថា​ខ្យល់ព្យុះ​នេះ​បាន​ធ្វើឱ្យ​ខូចខាត​ឬ​បំផ្លាញ​ផ្ទះសម្បែង​ប្រហែល ១៣.០០០​ខ្នង​ដែល​ស្មើនឹង​៤៥ ភាគរយ​នៃ​លំនៅដ្ឋាន​ទាំងអស់​នៅ​​លើ​កោះ​Abacos និង កោះ Grand Bahama៕ដោយ៖សុខា/sn

​ព្យុះ​Dorian​បង្ក​ការខូតខាត​ទូទៅ​និង​សម្លាប់​មនុស្ស​ជាង​៤០​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម