​ថ្នាក់ដឹកនាំ​និង​សមាជិក​កាកបាទក្រហម​ត្រូវ​រួមគ្នា​ថែ​កេរ្តិ៍ឈ្មោះ​អង្គភាព​ឱ្យ​ល្អប្រសើរ​

364
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ក៏ដូចជា​សមាជិក​សមាជិកា​សាខា​-​អនុសាខា​កាកបាទក្រហម​ខេត្ត​ក្រុង​ស្រុក​បន្ត​ថែរក្សា​កិត្តិយស​ព្រមទាំង​កេរ្តិ៍ឈ្មោះ​របស់​កាកបាទក្រហម​ឱ្យនៅ​គង់វង្ស និង​ល្អប្រសើរ​ថែមទៀត​។​

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ចូលរួម​សន្និបាត​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត​អាណត្តិ​ទី​៥​កាលពី​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​សាលសន្និសីទ​ខេត្ត​។​លោកស្រី​ពុំ​ចន្ទី​នី​បាន​មានប្រសាសន៍ថា​គណៈ​កិត្តិយស​សាខា​ក៏ដូចជា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ក្នុង​អាណត្តិ​ទី​៤​ព្រមទាំង​សមាជិក​សមាជិកា​អ្នកស្ម័គ្រចិត្ត​។

ទីប្រឹក្សា​យុវជន​កាកបាទក្រហម​និង​អនុសាខា​កាកបាទក្រហម​ក្រុង​ស្រុក​ទាំងអស់​បាន​បំពេញបេសកកម្ម​ដោយ​សេចក្ដីក្លាហាន​មិន​រើសអើង​។​ព្រមទាំង​មាន​ឆន្ទៈ​យ៉ាង​មោះមុត​រហូត​ធ្វើឱ្យ​សាខា​កាកបាទក្រហម​ខេត្តកំពត​ទទួលជោគជ័យ​ដ៏​ត្រចះត្រចង់​។

​ផ្តោតលើ​បទពិសោធន៍​ពោរពេញ​ដោយ​ទំនួល​ខុសត្រូវ​ទាំងនោះ​លោកស្រី​ជឿជាក់ថា​ក្នុង​អាណត្តិ​ទី​៥ ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា​ចំណុះ​សាខា​កាកបាទក្រហម​ខេត្តកំពត​នឹង​នៅតែ​រក្សា​ប្រពៃណី​ដ៏​ល្អ​នេះ​សម្រាប់​គណៈកម្មាធិការ​ក​ណ្តា​ល​ជា​បន្តទៀត​។

​លោកស្រី​អគ្គលេខាធិការ​បាន​បន្ត​ថា​អ្វីដែល​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា​ត្រូវ​ប្រកាន់ខ្ជាប់​គឺ​ការថែរក្សា​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​សាខា​ឱ្យ​កាន់តែ​ប្រសើរ​ដើម្បី​ទទួលបាន​នូវ​ជំនឿ​ទុកចិត្ត​បន្ថែម​ពី​សប្បុរសជន​នានា​ពេល​កៀរគរ​ប្រាក់​មូលនិធិ​សម្រាប់​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌​ទូទៅ​។​លើសពីនេះ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​របស់​សមាគម​ជាតិ​ផែនការអភិវឌ្ឍន៍​សាខា​បន្ត​អភិបាលកិច្ច​ល្អ​ដឹកនាំ​គ្រប់គ្រង​ដោយ​តម្លាភាព​និង​គណនីយភាព​។

សូមបញ្ជាក់ថា​ក្នុង​អង្គសន្និបាត​អាណត្តិ​ទី​៥​នេះ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន​បានតែងតាំង​លោក​ប៉ែន​ស៊ីម៉ន​ជា​ប្រធាន​និង​៣៩​នាក់​ទៀត​ជា​អនុប្រធាន​កិត្តិ​យ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត​។​

ដោយឡែក​សមាជិក​សមា​ជិ​កា​ពេញសិទ្ធិ​ចំនួន​១០៣​នាក់​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ជាវ តា​យ​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​លោកស្រី​លាង​ហៃ ជាវ​តា​យ​ជា​អនុប្រធាន​ប្រចាំការ​។​លោកស្រី​យ​សុគន្ធ​(​អតីត​ប្រធាន​អាណត្តិ​ទី​៤)​ជា​អនុប្រធាន​ដើម្បី​ដំណើរការ​ដឹកនាំ​សម្រាប់​អាណត្តិ​ទី​៥​ក្នុង​បរិមាណ​គាំទ្រ​១០០​សំឡេង​។​

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត អាណត្តិ​ទី​៥ លោក​ជាវ តា​យ​បាន​ប្តេជ្ញា​ថា​នឹង​ពង្រឹង​អភិបាលកិច្ច​ល្អ​ពង្រីក​សមត្ថភាព​ដើម្បី​កៀរគរ​មូលនិធិ​ព្រមទាំង​គ្រប់គ្រង​ប្រកបដោយ​គណនេយ្យភាព​និង​តម្លាភាព​។​

លើសពីនោះ​លោក​ក៏​នឹង​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ឱ្យមាន​ប្រសិទ្ធភាព​ខិតខំ​ពង្រីក​ក៏ដូចជា​អភិវឌ្ឍ​កម្លាំងចលករ​ក្នុង​ស្រទាប់​យុវជន​និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម