កងកម្លាំង​ខេត្តមណ្ឌលគិរី រឹតបន្តឹង​បទល្មើស​បន្ថែម លទ្ធផល​គ្មាន​បទល្មើស​ទៀត​ទេ​

399
ចែករម្លែក

ដោយ:​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖ ​​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រោយពេល​ទទួលដំណឹង អំពី​ការ លួច​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស តាមរយៈ​ច្រករបៀង ក៏ដូចជា​ផ្លូវ​សំខាន់ៗ​ក្នុងស្រុក​កែវ​សីមា​នោះ កង​រាជ​អាវុធ​ហ​ត្ត ខេត្តមណ្ឌលគិរី ក៏ដូចជា​ស្នងការដ្ឋាន​នគរបាល បាន​បន្ថែម​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ ធ្វើការ​រឹតបន្តឹង ក៏ដូចជាធ្វើការ​បង្ក្រាប គ្រប់​បទល្មើស​ទាំងអស់​។​

​ជាការ​កត់សម្គាល់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៦​ ចាប់ពី​ក្រុង​សែន​មនោ​រម្យ រហូតដល់​ស្រុក​កែវ​សីមា គេ​សង្កេតឃើញថា មាន​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​អន្តរាគមន៍របស់​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ដាក់ពង្រាយ និង​យាមល្បាត ទាំងថ្ងៃទាំងយប់ ដើម្បី​បង្ការនូវ​រាល់​ការដឹកជញ្ជូន​ឈើ តាមរយៈ​ម៉ូតូ​ឬ​រថយន្ត​។ ក្នុងនោះ តាម​ខ្សែបន្ទាត់​ព្រំដែន គេ​សង្កេតឃើញថា​នគរបាល នៃ​វរ​ការពារ​ព្រំដែន លេខ​៦២១ ក៏មាន​វត្តមាន ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​រង់ចាំបង្ក្រាបបទល្មើស​ព្រៃឈើ ដែល​លបលួចតាម​តំបន់​នោះផងដែរ​។​

​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី លោក​ហែម បូ​ណា​រ៉ែ​ល បាន​បញ្ជាក់ថា សម្រាប់​រូបលោក​ផ្ទាល់ គឺ​មិន​គាំទ្រឲ្យ​មាន​បទល្មើស​ព្រៃឈើ កើតមាន​ក្នុង​តំបន់ដែល​លោក​គ្រប់គ្រង​ឡើយ​។ លោក​ថា ទាំងថ្ងៃទាំងយប់ ចំពោះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​ស្នាក់ការ បានធ្វើ​ការចេញ​ល្បាត ដើម្បី​បង្ក្រាប​បទល្មើសព្រៃឈើឲ្យ​ខាន​តែ​បាន​។ មេបញ្ជាការ​ថ្លែងបន្តថា បើទោះជា​ករណីនេះ​បាន​ស្ងប់​ល្អប្រសើរ​វិញ​ហើយ​ក្តី តែ​លោក​នៅតែ​ដាក់បទបញ្ជា​បន្ត​បង្ក្រាប ដូច​ភ្លៀងរលឹម​ដដែល​។​

​ក្នុងនោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ថ្លែងថា កម្លាំង​នគរបាល ទាំង​កម្លាំង​អន្តរាគមន៍ ទាំង​កម្លាំង​វរការពារ​ព្រំដែន គឺ​កំពុងតែចុះ​ល្បាតគ្រប់​ច្រកល្ហក​ទាំងអស់​។ លោកស្នងការ​ថ្លែងបន្តថា កម្លាំង​ក្រោម​ឱវាទ​របស់លោក​ទាំងអស់ គឺ​លោក​តែងតែ ធ្វើការ​អប់រំ​ណែនាំ ពិសេស គឺ​កុំ​ឲ្យ​មានពាក់ព័ន្ធ ឬ​ឃុបឃិតជាមួយ​ឈ្មួញក្នុង​ការនាំ​ឈើ​ចេញ ឬ​បង្កើត​ឲ្យ​មាន​បទល្មើស​ព្រៃឈើថែម​ទៀតផង​។​

​គួ​រំលឹកថា បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ស្ងប់ស្ងាត់​មួយរយៈ​ធំ​មកហើយ ប៉ុន្តែ​ទើបតែ​វេលា​រំលង​អធ្រា​តុ​ឈានចូល​ថ្ងៃទី​៦​កញ្ញា ក៏​ស្រាប់តែ​មានការ​លបលួច​នាំ​ឈើ​ចេញតាម​ច្រករបៀង​។​ ករណីនេះ ថ្នាក់ដឹកនាំ​ខេត្ត​បាន​បញ្ជា​យ៉ាង​មុឺ​ង​ម៉ាត់ ជា​លទ្ធផល​គឺ​ទទួលបាន​ភាពល្អប្រសើរ​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម