​នឹង​បើកសវនាការ​កាត់ទោស​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​

547
ចែករម្លែក

ដោយ​:​អង្គរតូច​-​សៀមរាប​÷​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​ថ្លែងថា នៅ​រសៀល​ថ្ងៃទី​៩​ខែកញ្ញា​នេះ ចៅក្រម​នឹង​លើកយក​រឿងក្តី​ជនជាតិ​ជប៉ុន​ពីរ​នាក់​ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​មក​បើកសវនាការ​កាត់ទោស​។​

លោក យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បានឲ្យដឹងថា សំណុំរឿង​ប្លន់​សម្លាប់​អ្នករត់​តាក់ស៊ី​នៅ​ស្រុក​ពួក នៃ​ខេត្តសៀមរាប ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ជប៉ុន​ពីរ​នាក់ ចៅក្រម​សម្រេច​បើក​សវ​នា​នៅ​រសៀល​ថ្ងៃទី​៩​ខែកញ្ញា​នេះ​។​

សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់​មាន ទី​០១​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ,​ទី​០២​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។ អ្នក​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពួក​ចាប់​ឃាត់ខ្លួនកាលពី​ព្រលប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ ពោលគឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេលធ្វើ​សកម្មភាព​ចាក់​សម្លាប់​លើ​ជនរងគ្រោះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

ជនរងគ្រោះ​ក្នុង​អំពើ​នេះ មានឈ្មោះ​ហ៊ឹម ចាន់ មានមុខ​របរ​រត់​តាក់ស៊ី​សៀមរាប ប៉ោយប៉ែត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យោងតាម​ចម្លើយសារភាព របស់​ជនសង្ស័យ​បាន​ប្រាប់ថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​ថ្ងៃត្រង់ ពួកគេ​បាន​រក​តាក់ស៊ីជិះ​ទៅ​ក្រុង​សិរី​សោ​ភ័​ណ ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណងរ​កឡាន​តាក់​ស៊ី​ថ្មី ដើម្បី​ប្លន់​យកទៅ​ប្រើប្រាស់​។ លុះ​ពេលទៅដល់ ពួកគេ​ក៏បាន​ជួល​រថយន្ត​ជនរងគ្រោះ (​ម៉ាក​ហាយ​ឡែ​ន​ឌ័​រព​ណ៌​ស្ករ ផ្លាកលេខ ២AB ៥២១៨ ) ដោយ​ពួកគេ​ប្រាប់ថា ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុងតម្លៃ​៣០ដុល្លារ ។​
​ពេល​ជិះ​ដល់​ចំណុច​កើត ពួកគេ​បាន​ប្រាប់​តាក់ស៊ី​ឱ្យ​ឈប់ ហើយ ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​ចុះ ដើម្បី​មើលផ្លូវ ដោយ​ទុកឱ្យ​បក្ខពួក​ខ្លួន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​សម្លាប់​យក​រថយន្ត​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពួកគេ​ក៏បាន​បើកទ្វារ​រថយន្ត​ទម្លាក់​ជនរងគ្រោះ​មកលើ​ផ្លូវ​។ ភ្លាមៗ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​ឡើង​រថយន្ត បើក​ចេញពី​កន្លែងកើតហេតុ ។ ប៉ុន្តែ​បាន​ប្រហែល ៣០០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកស្រូវ បណ្តាល​ឲ្យ​ទៅមុខ​លែងរួច​។ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ករណី​ឃាត​កម្មនេះ សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​ចាប់​ជនដៃដល់ បាន​ភ្លាមៗ និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​។

​បន្ទាប់ពី​បញ្ចប់​ការសាកសួរ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខេត្តសៀមរាប ក៏បាន​បញ្ជូន​អ្នក​ទាំងពីរ​មកកាន់​សាលាដំបូង​ខេត្តសៀមរាប ហើយ​ចៅក្រម​សាលាដំបូង​ក៏​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​រសៀល​ថ្ងៃ​ដដែល​៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម