ញាក់សាច់​! ប្លន់​យក​ឡាន​ដើម្បី​ទៅរក​លុយ​តាម​កន្លែង​ប្តូរ​លុយ​

2857
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់ ក្នុង​អំពើ​ប្លន់​ដោយ​អា​រក​សម្លាប់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ប្លន់​យក​ឡាន គឺ​ដើម្បី​ធ្វើជា​មធ្យោបាយ ទៅរក​លុយ​តាម​បណ្តា​កន្លែង​ប្តូរ​លុយ ក្នុង​ខេត្តសៀមរាប​។​

​នៅក្នុង​សវនាការ​ជំនំជម្រះ នា​រសៀល​ថ្ងៃទី​៩ ខែកញ្ញា នៅក្នុង​អាគារ​នៃ​សាលាដំបូង​ខេត្តសៀមរាប ដែលមាន​លោក​អ៊ុ ចាន់ថុល ចៅក្រម​ជំនំជម្រះ លោក​ជួន សុ​បញ្ញា តំណាង​អយ្យការ មេធាវី​ការពារ​ក្តី​ចុងចោទ​និង​ដើមចោទ ប្រពន្ធ​សព​ជនរងគ្រោះ រួមទាំង​ម្ចាស់​គោយន្ត​កន្ត្រៃ​ផង​នោះ ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​មក​ប្រទេស​កម្ពុជា បំណង​ប្លន់​យក​ឡាន​ដើម្បី​ធ្វើជា​មធ្យោបាយ ជិះ​ដើរ​រកលុយ​តាម​កន្លែង​ប្តូរ​លុយ យកទៅ​សង​ធនាគារ​ឯ​ប្រទេស​របស់ខ្លួន​។ ត្បិត​នៅ​ទីនោះ រូបគេ​ធ្វើជា​កម្មករសំណង់​មិនអាច​សង​ធនាគារ​បាន​។​

​អង្គ​សវនាការ ដែលមាន​ការដេញដោល​សាកសួរ អស់​រយះពេល​ប្រហែល​ពីរ​ម៉ោង ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់ ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន ចាក់​និង​អា​រក​សម្លាប់​ជនរងគ្រោះ បំណង​ប្លន់​យក​ឡាន តំណាង​អយ្យការ សម្រេច​ចោទប្រកាន់​ជន​ទាំងពីរ ពីបទ ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​នៅ​ភូមិ​ពួក​ថ្មី ឃុំ​ពួក​ស្រុក​ពួក ខេត្តសៀមរាប កាល​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៩​។​

​ក្រោយពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់ ស្ត្រី​ជា​ប្រពន្ធ​សព​ជនរងគ្រោះ បាន​សុំ​ប្តឹង​ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ​និង​សុំអោយ​ផ្តន្ទាទោស​តាមច្បាប់​។​ចំណែក​ម្ចាស់​គោយន្ត​កន្ត្រៃ​និង​អ្នករួមដំណើរ​ម្នាក់ទៀត ប្តឹង​ទារ​សំណង​ក្នុង​ម្នាក់​៥០០០​ពាន់​ដុល្លារ​។ ជាមួយគ្នា​នោះ​មេធាវី​ដើមបណ្តឹង លើកឡើងថា រូបលោក​មិន​ប្តូរ​ចិត្ត​ទេ គឺ​ទារ​សំណង​១០​ម៉ឺន​ដុល្លារ​ដដែល​។​

​ដោយឡែក​មេធាវី ការពារ​ក្តី​របស់​ចុងចោទ​លោក ថេ​ង ចំរើន បាន​សុំអោយ​អង្គ​សវនាការ កែ​បទចោទប្រកាន់ ពី​ឃាតកម្ម ទៅជា​មនុស្សឃាត​ដោយ​អ​ចេតនា​។ ត្បិត​កូនក្តី ធ្វើ​ដោយ​គ្មាន​ចេតនា​នោះឡើយ​។ នៅ​រសៀល​ថ្ងៃ​ដដែល​អង្គ​សវនាការ បានបញ្ចប់​ដោយ​លើក​ពេល​ប្រកាស​ទៅ​ថ្ងៃក្រោយ​។

សូមបញ្ជាក់ថា ជនសង្ស័យ ទី​១​ឈ្មោះ ISHIDA REIMON ប្រុស​អាយុ​២៤​ឆ្នាំ​។​ទី​២​ឈ្មោះ NAKA RYUJI ប្រុស​អាយុ​២៤​ឆ្នាំ ពួកគេ​ជា​ជនជាតិ​ជប៉ុន​។ កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៩ ពួកគេ​បាន​ចាក់​និង​អា​រក​ប្លន់​សម្លាប់​ជនរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី បំណង​យក​ឡាន​។​ប៉ុន្តែ​ក្រោយ​ប្លន់​បានសម្រេច​ក៍​បើក​ទៅបុក​គោយន្ត​កន្ត្រៃ ហើ​ត​ត្រូវ​ប៉ូលិស​ចាប់បាន​ភ្លាមៗ​តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម