​សង្ស័យ​ចាក់​សម្លាប់​បុរស​ម្នាក់​ជា​អ្នក​ដឹកអីវ៉ាន់ Online ប្លន់​ម៉ូតូ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

451
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​:ភ្នំពេញ​៖​ បុរស​ម្នាក់​ជា​អ្នក​ដឹក​អីវ៉ាន់ Online ត្រូវ​ឃាតករ​ចាក់​ជាច្រើន​កាំបិត បណ្តាលឲ្យស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ សង្ស័យថាជា​ករណី​ប្លន់​សម្លាប់ ព្រោះ​មុនពេល​ជនរងគ្រោះ​ស្លាប់ បាន​ស្រែក​ឲ្យគេ​ជួយ​ថា​មាន​ចោរប្លន់​។

​ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៩ ខែកញ្ញា នៅក្នុង​សំណង់ផ្ទះ​ល្វែង​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច បញ្ជាក់ថា សព​បុរសរងគ្រោះ​ឈ្មោះ ជីន សុភា អាយុ​៣២​ឆ្នាំ មានមុខរ​បរ​​ជា​អ្នក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ និង​មាន​ស្រុកកំណើត ស្ថិតនៅ​ភូមិ​ខ្សាច់​ឆេះ​ក្រោម ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​អូ​របែកក្អម ខណ្ឌ​សែន​សុខ ។​

​មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៧ ពាក់​ផ្លាកលេខ ភ្នំពេញ​1R-8743​។​

​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​បុរសរងគ្រោះបាន​រត់​ចេញពី​កន្លែង​សំណង់ផ្ទះ​ល្វែងទុកចោល​ខាងលើ​ចម្ងាយជាង​១០០​ម៉ែត្រ ហើយ​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ​ផង​មាន​គេ​ប្លន់​គាត់ ហើយ​រត់​មក​ទាំង​ខ្លួន​ត្រូវគេ​ចាក់​ចំ​ជើង​ទាំងសងខាង រត់​មក​ដួល​ក្នុង​ថ្លុក​ទឹក​។​

​ភ្លាមៗ​នោះ​បងប្អូន​ប្រជាពលរដ្ឋបាននាំគ្នា​ខ​ល​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះនៅឯ​មន្ទីរពេទ្យ​ផងដែរ តែដោយសារ​ជនរងគ្រោះ ហូរឈាម​ច្រើនពេក​​ ពិបាកក្នុងការ​ក្នុងការ​ជួយសង្គ្រោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិតយ៉ាង​អាណោចអាធ័ម​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ​រួច​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច័យ ដើម្បី​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​សព ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​ជនសង្ស័យ សមត្ថកិច្ច​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម