លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ ២០១៨​-២០១៩ នៅ​ខេត្តសៀមរាប​ត្រូវបាន​បិទ​ជា​ផ្លូវការ​

386
ចែករម្លែក

​ដោយ:​បាយ័ន​/​ខេត្តសៀមរាប​ ៖ កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ដែលជា​ថ្ងៃ​ប្រកាស​នូវ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ របស់​សិស្ស​ថ្នាក់​ទី​១២ នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា។ ក្រោម​ការ​ទន្ទឹម​របស់​សិស្សា​នុសិស្ស មានការ​អ​ន្ទះ​អ​ន្ទែ​ញ​រងចាំ​ពិនិត្យ​អំពី​លទ្ធផល​ប្រឡង​របស់ខ្លួន ដោយ​ក្នុងនោះ​មួយចំនួន​មានចិត្ត​សប្បាយរីករាយ មួយចំនួន​មានការ​ភិតភ័យ​ព្រួយបារម្ភ​អំពី​លទ្ធផល ប្រឡង​របស់ខ្លួន ។​

ក្នុង​ពិធី​ប្រកាស​បើក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨.២០១៩​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​ការបើក​កញ្ចប់​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាល័យ​១០​មករា ១៩៧៩ ។​

លោក ពៅ ពិសិដ្ឋ ក៏បាន​គូសបញ្ជាក់ថា​លទ្ធផល​នៃ​ការប្រឡង​សញ្ញា ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ក៏​ជា​យុទ្ធសាស្ត្រ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល និង ក្រសួង​អប់រំ​យុវជន​និង​កីឡា លើ​វិស័យ​អប់រំ​សិក្សា ក្នុង​ពង្រឹង​នូវ​គុណភាព​អប់រំ នៃ​ការបណ្តុះបណ្តាល​ធនធាន មនុស្ស​ឲ្យ​កាន់​តែមាន​គុណភាព ។

ម្យ៉ាងទៀត​ក៏​ជាការ​ពង្រឹង​នូវ​អង្គការ​វិន័យ ដល់​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ លើ ការបង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ដើម្បី​ធានា​គុណភាព​អប់រំ សាលារៀន​ចាប់ពី​ថ្នាក់​បឋម វិទ្យាល័យ និង ថ្នាក់​ឧ​ត្ត​មសិ​ក្សា ព្រមទាំង​ឲ្យ​ធ្វើការ​កែប្រែ​នូវ​រាល់​ទង្វើ​ដែលមាន​កន្លងមក​ចំពោះ​សិស្ស​ផងដែរ ។

ក្នុងនោះដែរ​លោក​អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ដល់​លោកនាយក នាយិកា លោកគ្រូ​អ្នកគ្រូ និង សាស្ត្រាចារ្យ​គ្រប់​វិទ្យាល័យ ត្រូវ​បង្កើន​នូវ​ការយក​ចិត្តទុកដាក់​ប​ង្ហា​ត់​បង្រៀន​ដល់​សិស្ស​ឲ្យ​បានល្អ ក្នុងការ​ប្រឡងប្រណាំង​ពី​វិទ្យាល័យ​មួយ​ទៅ វិទ្យាល័យ​មួយ ក្នុងការ​លើ​គុណភាព​ការអប់រំ បណ្តុះបណ្តាល​សិស្ស​ជំនាន់​ក្រោយ ឲ្យ​ទទួលបាន​នូវ​លទ្ធផល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​បន្តបាន​ល្អប្រសើរ។ ម្យ៉ាងទៀត​យុវ​សិស្ស​យើង គឺជា​ធនធានមនុស្ស នៃ​សរ​ស្តម្ភ​ដ៏​រឹងមាំ ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ។

លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ត្រូវ​ពង្រឹង​នូវ​អង្គការ​វិន័យ​សាលា ដល់​សិស្ស និង ធ្វើការ​ទប់ស្កាត់​នូវ រាល់​ការហូរចូល​គ្រឿងញៀន​នៅតាម​សាលា ដែល​បង្ក​ឲ្យ​មាន​កើត​នូវ​បងតូច​បងធំ ព្រមទាំង​បង្ក​ឲ្យ​កើត​មាននូវ​អសន្តិសុខ​ដល់​សង្គម ដោយ​ខេត្តសៀមរាប​យើង ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ភ្ញៀវ​ទេសចរណ៍ មកពី​គ្រប់​តំបន់​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ហើយ​សិស្សានុសិស្ស​យើង គឺជា​ធនធាន​មួយ​សម្រាប់​បម្រើ​នូវ​វិស័យ​ទេសចរណ៍ និង អភិវឌ្ឍន៍​ប្រទេស​ទៅ​ពេលអនាគត​ផងដែរ ។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹងថា ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ សម្រាប់​មណ្ឌល​សៀមរាប មាន​បេក្ខជន​ប្រឡង ចំនួន​សរុប ៨​ពាន់​៤២៨​នាក់ មាន​ស្រី ៤​ពាន់​៦៨៩​នាក់ មាន​១៣ មណ្ឌល នៅក្នុង​ក្រុង​សៀមរាប ស្មើ ៣៨៤​បន្ទប់ ដោយ​ចែកចេញជា ២ ផ្នែក គឺ ផ្នែក​វិទ្យាសាស្ត្រ​ពិត ៖ មាន​៤​មណ្ឌល ស្មើនឹង ១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២​ពាន់​៩៤៤ នាក់ មាន​ស្រី ចំនួន ១​ពាន់​៧០៧ នាក់ និង ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖ មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនូ​ន​៥​ពាន់​៧៧០​នាក់ និង អវត្តមាន​មិន​មក​ប្រឡង ចំនួន ៦៤​នាក់ ។

ចំពោះ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨.២០១៩ នៅ​មណ្ឌល​សៀមរាប មាន​សិស្ស​ប្រឡង​ជាប់​ចំនួន​៦​ពាន់​៥១១​នាក់ ស្រី​៣​ពាន់​៧៦៣​នាក់ ស្មើនឹង​៧៧,២៦% ក្នុងនោះ​ស្រី ៨០,០៨% ។ ក្នុងនោះ​សិស្ស​ដែល​ប្រឡង​បាន​និទ្ទេស A ចំនួន​៣៨​នាក់​ស្រី​១៥​នាក់ ,​និទ្ទេស B ចំនួន​១៩០​នាក់ ស្រី​១០៥​នាក់ ,​និទ្ទេស C​ចំនួន ៤៧៤​នាក់ ស្រី​២៩៤​នាក់ និទ្ទេស D​ចំនួន​១​ពាន់​៣១៤​នាក់ ស្រី​៨២៨​នាក់ និង និទ្ទេស​E ចំនួន​៤​ពាន់​៤៩៥​នាក់ ស្រី​២​ពាន់​៥២១​នាក់ ។

ក្នុងនោះ​លោក​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នៅពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨- ២០១៩​នេះ ក៏មាន​បេក្ខជន​មួយចំនួន​បាន​បោះបង់​ការប្រឡង​របស់​ខ្លួន ដោយ​ពុំ​ទុកចិត្ត​លើ​សមត្ថភាព​របស់ខ្លួន ក្នុងការ​ប្រឡង​នេះ​មាន​ចំនួន ៦៤​នាក់ ។ ក្រោម​ការ​កំណែទម្រង់​វិស័យ អប់រំ បានធ្វើ​ឲ្យ​គុណភាព​នៃ​ការសិក្សា​របស់​សិស្ស កាន់តែ​ទទួលបាន​លទ្ធផល​ទ្វេរ​ឡើង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម