ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មណ្ឌលគិរី​ជាប់​និទ្ទេស​A​ម្នាក់​និង​ជាប់​ចំណាត់ថ្នាក់​លេខ​២​ទូទាំងប្រទេស​

518
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ការបិទ​ផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី មាន​បេ​ក្ខ​នារី ជាប់​និទ្ទេស​A​បាក់​ឌុប ក្នុងចំណោម​បេក្ខជន​បេ​ក្ខ​នារី​សរុប​ចំនួន​៤០១​នាក់​។​នា​សម័យ​ប្រឡង​១៩​សីហា​ឆ្នាំ​២០១៩​ហើយ​ការបិទ​ផ្សាយ​លទ្ធផល​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក​ទឹម​សង្វាត​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​ទឹម​សង្វាត​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​បញ្ជាក់ថា​បេក្ខជន​បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មាន​ចំនួន​៤០១​នាក់​ស្រី​២២១​នាក់​។​ដោយឡែក​ចំពោះ​លទ្ធផល​នៃ​ការបិទ​ប្រកាស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨២០១៩​នៅ​ខេត្តមណ្ឌលគិរី មាន​ចំនួន ៣៥៧​នាក់ ស្រី​២០០​នាក់​។ ក្នុងនោះ ជាប់​និទ្ទេស​A ម្នាក់​និទ្ទេស​B ២​នាក់ និទ្ទេស​C ៣៥​នាក់​និទ្ទេស​D១១២​នាក់​និង​និទ្ទេស​E២០៥​នាក់​បើ​គិត​ជា​ភាគរយ​ចំនួន​៨៩.០៣​ភាគរយ​ស្រី​៩០.៥០​ភាគរយ​។
លោក ប្រធាន​មន្ទីរ បាន​បន្ថែមថា សម្រាប់​ឆ្នាំនេះ ខេត្តមណ្ឌលគិរី ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែលមាន​បេ​ក្ខ​នារី​ម្នាក់​ជាប់​និទ្ទេស​A​ហើយ​ចំពោះ​លទ្ធផល​ទាំងនេះ​ខេត្តមណ្ឌលគិរី​ទទួលបាន​ចំណាក់​ថ្នាក់​លេខ​២​បើ​ប្រៀបធៀប​នៅ​ទូទាំងប្រទេស​។​

លោក​ទឹម​សង្វាត​ប្រធាន​មន្ទីរ​ក៏បាន​អំពាវនាវ​ដល់​បេក្ខជន​បេ​ក្ខ​នារី​ទាំងអស់​ដែល​ប្រឡង​ជាប់​នាពេលនេះ​មានបំណង​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ​។​ដោយបាន​ការឧបត្ថម្ភ​អារ​ហា​រូបករណ៍​មួយរយ​ភាគរយ​សម្រាប់​សិស្សានុសិស្ស​នៅ​ខេត្តមណ្ឌលគិរី​។​សូម​ទៅ​ទំនាក់ទំនង​នៅ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​រៀងរាល់​ម៉ោង​ធ្វើការ​ផងដែរ​។​

បេ​ក្ខ​នារី​ម្នាក់​ឈ្មោះ​មាស​រតនា​ដែល​ជាប់​និទ្ទេស​A​មកពី​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​ថ្នាក់​វិទ្យាសាស្ត្រ​បានបង្ហាញ​នូវ​ទឹកមុខ​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​ដែល​មិន​នឹកស្មាន​មិន​ដល់​។ ប្អូនស្រី​បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​ប្អូនស្រី​រួមទាំង​មិត្តភក្តិ​ទាំងអស់​ជាពិសេស​អាណាព្យាបាល​ដែល​បាន​ខិតខំ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្អូនស្រី​រហូត​បាន​លទ្ធផល​ល្អ​នាពេលនេះ​។

បេ​ក្ខ​នារី​ឈ្មោះ​មាស​រតនា​ជាប់​និទ្ទេស​A​បាន​បន្ថែមថា​ចំពោះ​លទ្ធផល​នេះ​ប្អូនស្រី​ត្រូវខិតខំ​បន្តទៅ​បរិញ្ញាបត្រ​បន្ថែមទៀត​ដើម្បី​ចាប់យក​អាជីប​ការងារ​ឱ្យបាន​ច្បាស់លាស់​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​ក្រុមគ្រួសារ សង្គមជាតិ​ផងដែរ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ លោក​ស្វាយ សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​កាត់​បើក​ហិប​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ​សម្រាប់​ឆ្នាំ​២០១៨=២០១៩​នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​។​

ក្នុងនោះ​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បាក់​ឌុប​ទាំងអស់​ដែល​អាច​ប្រឡង​យក​និទ្ទេស​A​ក្នុងឆ្នាំនេះ​។​លោក​ឧកញ៉ា​អ៊ឹង​ស៊ី​តាត​វីវៈ​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី នឹង​ឧបត្ថម្ភ​ម៉ូតូ​ថ្មី​មួយគ្រឿង ទោះបីជា​ជាប់​ប៉ុន្មាន​នាក់​ក៏ដោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម