ជីវិត​តស៊ូ​ក្នុងសម័យ​ខ្មែរក្រហម​

2336
ចែករម្លែក
  • 235
    Shares

​អន្លង់វែង​ជា​តំបន់​ដែល​កាន់កាប់​ដ៏​រឹងមាំ និង​ចុងក្រោយ​របស់​ខ្មែរក្រហម​។ នៅពេល ដែល ខ្ញុំ​បាន​ដឹងឮ​ពី​តំបន់​អន្លង់វែង​ដំបូង ខ្ញុំ​មាន​អារម្មណ៍​គិតថា ខ្លាចរអា​ចំពោះ​តំបន់​នេះ ណាស់ ព្រោះ​អន្លង់វែង​ពោរពេញ​ទៅដោយ​អតីត​យោធា​ខ្មែរក្រហម​រស់នៅ​។ ប៉ុន្តែ​នៅពេល ដែល​ខ្ញុំ​បាន​មកដល់​អន្លង់វែង​ភ្លាម អ្វីៗ​ទាំងអស់​ហាក់ដូចជា​មិន​ដូច​អ្វីដែល​ខ្ញុំ​បានគិត​នោះ ទេ​។ អន្លង់វែង​ពោរពេញ​ដោយ​ទេសភាព​ធម្មជាតិ​ព្រៃភ្នំ​ស្រស់បំព្រង ចំណែក​ប្រជាជនមាន ភាពរួស​រាយ រាក់ទាក់​គួរ​ឲ្យ​ស្រឡាញ់​រាប់អាន​។

​ខ្ញុំ​បានធ្វើ​ដំណើរ​មក​ភូមិ​ទួលសាលា ដែល​ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ពេលនោះ​ខ្ញុំ​បាន​ជួប​អ៊ំ​ប្រុស​ម្នាក់​ឈ្មោះ ជុំ ខេន​។ ខេន មាន អាយុ​៦៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ទូល​សាលា ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​- មានជ័យ ប៉ុន្តែ ខេន មាន​ស្រុកកំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត កណ្ដាល​។ ឪពុក​របស់ ខេន ឈ្មោះ ជុំ ឃិន និង​ម្ដាយ​ឈ្មោះ ជួប សួន អ្នក​ទាំង​ពីរបាន ស្លាប់​អស់ហើយ​។ កាលដើមឡើយ ខេន រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧​ចាស់ នៅ​សាលា​ក្នុងភូមិ ដោយ​អាច​អាន​នឹង​សរសេរ​បាន​។ ក្រោយមក ដោយ​ប្រទេសជាតិ​កើត មាន​សង្គ្រាម ខេន ក៏បាន​ឈប់រៀន ហើយ​មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​វិញ ប្រករ​របរ ធ្វើស្រែ​ចម្ការ​ជាធម្មតា​។ លុះដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧៣ ខេន ត្រូវបាន​ខ្មែរក្រហម កៀរ​ឲ្យ​ទៅ​រស់នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​។ បន្ទាប់មក ខេន​ត្រូវបាន​អង្គការ​ឲ្យ​ចូលធ្វើការ ក្នុង​កងចល័ត​។ លុះ​ធ្វើការ​នៅក្នុង​កងចល័ត​បាន​ប្រហែល​៤​ទៅ​៥​ខែ អង្គការ​ក៏បាន​ចាត់​ឲ្យ​ទៅ​អង្គភាព​យោធា​វិញ ដោយ​ធ្វើជា​អ្នក​ដឹកជញ្ជូន​សម្ភារ ស្បៀងអាហារ គ្រឿង​ស​ញ្វ​វុ​ធ និង​គ្រាប់រំសេវ យកទៅអោយ​កងទ័ព​នៅ​សមរភូមិ​មុខ​។ ជា​ញឹកញាប់ ក្រុម​ដឹកជញ្ជូន​តែង បាន​ជួបប្រទះ​ជាមួយនឹង​កងទ័ព​វៀតណាម (​កងទ័ព​ធី​វ​គី​)​។ ប៉ុន្តែ ក្រុម​ដឹកជញ្ជូន​មិនបាន​ធ្វើការ​តតាំង​ជាមួយ កងទ័ព​ធី​វ​គី​ទេ ពេលខ្លះ​ត្រូវ​លាក់ខ្លួន​ក្នុងព្រៃ ដើម្បី​គេច​ឲ្យ​ផុតពី​ខ្សែ​ភ្នែករ​បស់ទ័ព​ធី​វ​គី ហើយ​ពេលខ្លះទៀត​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ផ្សេង ដើម្បី​ដឹកជញ្ជូន​ស្បៀង​យកទៅដាក់​នៅ គោលដៅ​ដែលមាន​យោធា​ខ្មែរក្រហម​ឈរជើង​។

​ឆ្នាំ​១៩៧៥ ខេន បាន​ចូល​ធ្វើជា​យោធា​ពេញសិទ្ធិ​នៅក្នុង​កងពល​លេខ​១១ ប៉ុន្តែ កងពល លេខ​១១​នេះ ក៏​ត្រូវបាន​រំលាយចោល បន្ទាប់ពី​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ១៩៧៥​។ បន្ទាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ អង្គភាព​របស់ ខេន​បាន​ឈរជើង​នៅ​ភ្នំពេញ​ម្ដុំ​ស្ពាន​ជ្រោយចង្វារ​។ ក្រោយមក នៅ​ចន្លោះ​ឆ្នាំ​១៩៧៧-​ឆ្នាំ​១៩៧៨ អង្គការ​បាន​បញ្ជូន ខេន ឲ្យ​ទៅ​ឈរជើង​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយសារ ពេលនោះ កងទ័ព​វៀតណាម​បាន​វាយឆ្មក់ តាម​បណ្តោយ​ព្រំដែន​។ បន្ទាប់មកទៀត ខេន ត្រូវបាន​អង្គការ​បញ្ជូន​ឲ្យ​ទៅ​ខេត្ដ​រតនគិរី​ធ្វើការ​ផ្នែក​សេដ្ឋកិច្ច និង​ធ្វើជា​អ្នកដាំបាយ​ឲ្យ​កង​ទ​ព័ នៅក្នុង​កងពល​៨០១ គ្រប់គ្រង​ដោយ តា​សារឿន​។​

​ឆ្នាំ​១៩៧៩ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ តា​ម៉ុក​បាន​ប្រមូល​យោធា ខ្មែរក្រហម​មួយចំនួន​អោយ​ឡើងលើ​ភ្នំ​ដងរែក ហើយ​បាន​បែង​ចែកជា​អង្គភាព និង​បែង ចែក​មុខព្រួញ​មួយៗ​ឲ្យ​ការពារ និង​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​។ ពេលនោះ អង្គភាព​របស់ ខេន មាន​ភារកិច្ច​ការពារ​មុខព្រួញ​ខ្វាវ និង​អូរ​ត្រាវ (​នៅជាប់​ព្រំដែន​ថៃ​) ដែល​ទីកន្លែង​ទាំង ពីរ​នេះ​ជា​ជំរំ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ តា​ម៉ុក​។

​ក្រោយពី​បាន​ឈរជើង​នៅ​ទីនោះ បាន​មួយ​រយៈពេល ខេន ក៏ត្រូវ​បាន​ប្ដូរ​អោយ​ចុះ មក​ធ្វើការ​នៅ​ខេត្តស្ទឹងត្រែង​វិញ​។ ការធ្វើដំណើរ​មក​ខេត្តស្ទឹងត្រែង ពិត​ជាមាន​គ្រោះថ្នាក់ និង​ជួប​ផលវិបាក​ខ្លាំងណាស់ ជួនកាល​ត្រូវ​ឡើង​ភ្នំ ជួនណា​ត្រូវ​ហែល​ឆ្លង​ទឹក ពេលខ្លះ​ដើរ កាត់​គ្រាប់មីន ដើរកាត់​រណ្តៅ​ចម្រូង ព្រមទាំង​មានការ​វាយឆ្មក់​ពី​កង​ទ​ព័​វៀតណាម​ទៀត ផង​។ កាលណោះ ខ្មែរក្រហម​បានទទួល​ជំនួយ​មកពី​ប្រទេស​ចិន មាន​ជា​គ្រឿង​ស​ញ្វ​វុ​ធ ចំណែក​គ្រឿងឧបភោគ បរិភោគ​មាន អង្ករ ត្រីខកំប៉ុង មី​កញ្ចប់ អំបិល ស្ករ ប៊ិ​ចេង ជាដើម បានទទួល​ជំនួយ​មកពី​កាកបាទក្រហម​អន្តរជាតិ​។ ប្រសិនបើ​មិនមាន​ជំនួយ​ឧបត្ថម្ភ​ទាំង នេះ​ទេ ខ្មែរក្រហម​ពិតជា​ជួប​ការលំបាក​ជាមិនខាន​ឡើយ​។ ខេន បាន​ប្រាប់​បន្ត​ឲ្យ​ដឹង ថា ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​អន្លង់វែង ក្រោម​ការគ្រប់គ្រង​រប​ស់ តា​ម៉ុក ទទួលបាន​ការផ្គត់ផ្គង់​គ្រប់បែបយ៉ាង ដែលជា​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​។​

​ពេលទៅដល់​ខេត្តស្ទឹងត្រែង ខេន បាន​ទៅ​រស់នៅ​ក្នុងភូមិ​ជាមួយ​ប្រជាន​ជន​ដោយ បាន​ចុះជួយ​ធ្វើស្រែ​ចម្ការ​ប្រជាជន​តាម​ភូមិ​។ បើ​ប្រជាជន​ណា​មាន​ជីវភាព​ក្រខ្សត់ អង្គភាព របស់ ខេន នឹងមាន​វត្ថុ​ជូន​ដល់​គាត់​មានដូចជា សា​រ៉ុង ខោអាវ ជាដើម​។ បើ​អ្នកភូមិ​មាន គ្រឿង ឧបភោគ​ដូចជា ត្រី សាច់ បន្លែ ហើយ​មានបំណង​ចង់​លក់ អង្គភាព​របស់ ខេន នឹង​ទិញយក​ទាំងអស់ ដែល​ទង្វើ​ទាំងអស់នេះ បានធ្វើអោយ​ប្រជាជន​យល់ថា យោធា​នៅក្នុង​អង្គភាព​របស់ ខេន សុទ្ធតែជា​មនុស្ស​ល្អ ហើយ​ប្រជាជន​កាន់​តែមាន​ទឹកចិត្ត​ស្រលាញ់ រាប់អាន​កាន់តែខ្លាំង​ឡើងៗ​។ រាល់​ទង្វើ​ទាំងឡាយ​ដែល​អង្គភាព​យោធា​របស់ ខេន បាន ប្រព្រឹត្ត​មកលើ​ប្រជាជន ក្នុងអំឡុងពេល​រស់នៅ​ជាមួយ​ប្រជាជន​នោះ បានធ្វើ​ឲ្យ​អ្នកភូមិ កាន់តែ​មានចិត្ត​អាណិត​ស្រលាញ់​រាប់អាន​ដូច​កូនចៅ​របស់ខ្លួន ហើយក៏​បានផ្តល់​ជា​ស្រូវ អង្ករ​ដល់​អង្គភាព​យោធា​របស់ ខេន ដូច​កូនចៅ​បង្កើត​របស់ខ្លួន​អីចឹង​ដែរ​។ ខាងលើនេះ គឺ ជា​គោលនយោបាយ​របស់​ខ្មែរក្រហម ដាក់​ឲ្យ​កងទ័ព​របស់ខ្លួន​អនុវត្ត ដើម្បី​យកចិត្ត​ប្រជាជន នៅ​អំឡុងពេល​ធ្វើសង្គ្រាម​ជាមួយ​កងទ័ព​វៀតណាម​ក្រោយ​ឆ្នាំ​១៩៧៩​។

​បន្ទាប់ពី​មានការ​វាយប្រហារ​ខ្លាំងក្លា​ពី​កងទ័ព​វៀតណាម តា​ម៉ុក បាន​ដឹកនាំ​ប្រជា​- ជន និង​កងទ័ព​រត់​ភៀសខ្លួន​ទៅ​រស់នៅក្នុង​ជំរំ​ភូ​ណ​យ ដែល​ស្ថិតនៅក្នុង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។ ក្នុង​រយៈពេល​ដែល​បាន​ស្នាក់នៅ​ក្នុង​ជំរំ​ភូ​ណ​យ តា​ម៉ុក បាន​ប្រមូល​កំលាំង កងទ័ព​ឲ្យ​នៅ​ផ្តុំគ្នា​ជានិច្ច​។ ចំណែក ខេន បាន​ឈរជើង​ការពារ​នៅតាម​ច្រកព្រំដែន​នៃ​ជំរំ ភូ​ណ​យ ដោយ​កាលណោះ​មានការ​ឧ​ប​ត្ត​ម្ភ​ពី​គណៈកម្មការ​កាក់បាទក្រហម​អន្តរជាតិ​មាន ដូចជា កន្លែង​ស្នាក់នៅ ម្ហូបអាហារ មន្ទី​ពេទ្យ សាលារៀន ហើយ​ប្រជាជន​បាន​រៀនសូត្រ និង​មាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​។​

​ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្ដិភាព ខេន បាន​វិល​ត្រឡប់មក​រស់នៅក្នុង​ស្រុក អន្លង់វែង​វិញ និង​បាន​រៀបការ​នៅក្នុង​ឆ្នាំ​១៩៨៩ ជាមួយ​ប្រពន្ធ​ឈ្មោះ គង់ ភា និង មានកូន ស្រី​ម្នាក់​ប្រុស​ម្នាក់ ដោយ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមជីវិត​រហូតដល់​សព្វ​ថ្ងៃ​៕L ដោយ​៖ កែវ សុ​ភី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ