បើក​វេទិកា​ជាតិ​ផ្សព្វផ្សាយ កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣

539
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
វេទិកា​ជាតិ​លើក​ទី​១ ស្តីពី​ការផ្សព្វផ្សាយ ព្រឹត្តិការ​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) និង​កីឡា​ជនពិការ​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ (ASEAN Para Games 2023) បានធ្វើ​នៅ​ថ្ងៃទី​១៣ កញ្ញា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ រៀបចំ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួតរ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣(Camsoc) បាន​មានប្រសាសន៍ថា សកម្មភាព​ល្ងាច​មិញ វេទិការ​ជាតិ លើក​ទី​១ ស្តីពី​ការផ្សព្វផ្សាយ ព្រឹត្តិការ​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡា​ជនពិការ អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ គឺជា​ការ​សម្ភោ​ធ នៃ​កាល​បរិ​ច្ចេ​ទ និង​ការបើក​ជាស​ម្ភោ​ធ យុទ្ធនាការ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​កម្មវិធី​មួយ ត្រូវបាន​ចាត់ទុក ជា​កំណត់ត្រា និង​ជា​ឯកសារ​សម្រាប់​បញ្ជាក់ នៃ​សម្រាប់​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

​លោក​បញ្ជាក់ថា ពេលនេះ ទីលាន​ធំ បាន​កសាង​ហើយ​ប្រមាណ ៥៥ ភាគរយ​ហើយៗ បន្ទាប់ពីនោះ នឹង​ចាប់ផ្ដើម​សិក្សា ការកសាង​ភូមិ​កីឡា ឬ បូរី​កីឡា សម្រាប់​ការ​ស្នាក់នៅ របស់ អត្ត​ព​លិ​ក ក្នុងអំឡុង​ប្រកួត​កីឡា​ស៊ី​ហ្គេម ។​

​ជាមួយនឹង​ការបង្ហាញ ជា​លើកដំបូង នៃ​បទ​ចម្រៀង​ស៊ី​ហ្គេម ឆ្នាំ​២០២៣​នោះ ក៏មាន​ការបង្ហាញ​ពី​កីឡា​ប្រពៃណី កីឡា​វប្បធម៌ ដែល​បង្ហាញ​ពី អត្តសញ្ញាណ​ជាតិ របស់​កម្ពុជា ក៏មាន​ធ្វើការ​បង្ហាញ ពី​កីឡា​ទំនើប​ទៀតផង ។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា នេះ​ជា​កិត្តិយស​របស់​កម្ពុជា និង​ជា​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា បន្ទាប់ពី​កម្ពុជា រង់ចាំ​អស់​រយៈពេល ៥៤ ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​២០២៣ ខាងមុខនេះ ។​

​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ មិន​ត្រឹមតែ​ជា​កន្លែង ប្រព្រឹត្តិ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ប៉ុណ្ណោះ​ទេ តែ​នឹង​ក្លាយជា​កន្លែង​ប្រកួត​កីឡា​ជើងឯក​នានា សម្រាប់​កម្រិត​តំបន់ ទ្វីប អូឡាំពិក​បន្ថែម​ទៀតផង ។​

​សូមបញ្ជាក់ថា វេទិកា​ជាតិ​លើក​ទី​១ នេះ មានការ​សម្តែង​សិល្បៈ និង​ការធ្វើ​បទ​បង្ហាញ ដោយ​អ្នកជំនាញ​ស៊ី​ហ្គេម គឺ​លោក Sieh Kok Chi ដែលមាន​បទពិសោធន៍ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០១៧​។ បទ​បង្ហាញ​របស់លោក Rod Mc Garth តំណាង​ចលនា​អូឡាំពិក​អូស្ដ្រាលី ស្ដីពី Arafura Games 2019 ។ បទ​បង្ហាញ​របស់លោក Jason Lo អនុប្រធាន​ក្រុមប្រឹក្សា កីឡា​ជនពិការ​ម៉ាឡេស៊ី ។​

​ដោយឡែក លោក វ៉ា​ត់ ចំរើន ក៏បាន​ធ្វើ​បទ​បង្ហាញ ស្ដីពី​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ (One People One Sport) និង​គម្រោង​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ។ លោក ណេ​ប សាមុត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​អនុប្រធាន​គណៈកម្មការ វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា បង្ហាញ​ពី​យុទ្ធនាការ​កម្ពុជា​ស្អាត និង​បដិសណ្ឋារកិច្ច ។ តំណាង​សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ពី​ផែនការ​រៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ផែនការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ ក៏មាន​ការបង្ហាញ​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់ នៃ​គ្រឿ​ញៀន ដោយ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។ កីឡាការិនី ស៊ន សៀវ​ម៉ី តំណាង​កីឡាករ កីឡាការិនី បង្ហាញ​ពី​ការត្រៀម​លក្ខណៈ របស់​អត្ត​ព​លិ​ក (Athlet Preparation) ។​

​កាល​បរិ​ច្ចេ​ទ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ គឺ​ត្រូវបាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានកំណត់​យក​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០២៣ ជា​ពេលវេលា​រៀបចំ ព្រឹត្តិការណ៍​ប្រកួតប្រជែង សម្រាប់​ព្រឹត្តិការណ៍​កម្រិត​តំបន់​នេះ​។ វេទិកា​ជាតិ​លើក​ទី​១ ស្តីពី​ការផ្សព្វផ្សាយ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡា​ជនពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​សម្ពោធ​ផ្លូវការ នា​ព្រឹក​នេះ មានការ​ចូលរួម​ពី​បណ្តា​អគ្គរាជទូត និង​អគ្គរដ្ឋទូត ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​មន្ត្រីរាជការ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​សិស្សានុសិស្ស ចូលរួម​ជិត ២ ពាន់​នាក់ ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ