​ប្រជុំ​ដោះ​ស្រាយ​រឿង​ទឹកស្អាត ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការជូន​ពលរដ្ឋ​

481
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/ព្រះ​សីហ​នុ ៖ លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ពិភាក្សា​បញ្ហា​ប្រឈម​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​ឧ​ញា កុក អាន ប្រធាន​ក្រុមហ៊ុន​អាន​កូរ (​វ៉​ធើ​រសឹប​ផ្លា​យ​) ប្រចាំខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ នៅ​សាលាខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩។

​លោក​ឧកញ៉ា កុក អាន ប្រធាន​ក្រុមហ៊ុន អាន​កូ (​វ៉​ធើ​រសឹប​ផ្លា​យ​) បាន​បញ្ជាក់ថា ក្រុមហ៊ុន​បាន​នឹង​កំពុង​បង្កើន​កា​រត​បណ្តាញ​ទុយោ​មេមាន​មុខកាត់​ចាប់ពី ៤០០ រហូតដល់ ៦០០ ជាច្រើន​ខ្សែ និង​បង្កើន​ការសាងសង់​អាង​ផលិត​ទឹក​រហូតដល់ ១០០.០០០​ម៉ែត្រ​គីប និង​បន្ត​ចែកចាយ​ទឹក​មក​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​មួយថ្ងៃ ១០.០០០​ម៉ែត្រ​គីប ក្នុង​ឆ្នាំ​២០១៦ និង ៣៥.០០០​ម៉ែត្រ​គីប ក្នុង​ឆ្នាំ​២០១៩ នេះ។

​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ស្ថានីយ​ផលិត​ទឹកស្អាត​មួយ ស្ថានីយ​ទប់ទឹក និង​ចែកចាយ​ទឹក​មួយ​នៅ​ជិត​រោងចក្រ RCI ស្ថិតនៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ព្រមទាំង​មាន​គម្រោង​សាងសង់​ស្ថានីយ​ទី​៣ ទប់ទឹក​នៅពេល​ខាងមុខ​ដើម្បី​បង្កើន​បរិមាណ​ទឹក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ និង​ទីតាំង​អាជីវកម្ម​នានា​ក្នុង​ក្រុងព្រះសីហនុ និង​បណ្តា​ស្រុក​មួយចំនួន មានដូចជា ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត បាន​រិះរក​គ្រប់​ម​ធ្យា​បាយ ដើម្បី​ដោះស្រាយ​កង្វល់​នៃ​ការខ្វះ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ទោះបីថា​រដូវភ្លៀង​ក៏ដោយ តែ​តំបន់​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ នៅតែ​ប្រឈម​និង​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ ម្យ៉ាង​ដោយ​សារតែ​ខេត្ត​ព្រះសីហនុ ជា​តំបន់​ខ្ពង់រាប មាន​កន្លែង​ខ្ពស់​ខ្លះ​មិនមាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ប្រចាំថ្ងៃ ។

​លោកអភិបាលខេត្ត ក៏បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន អាន​កូ (​វ៉​ធើ​រសឹប​ផ្លា​យ​) បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​បន្ត​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ឲ្យបាន​គ្រប់ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នៅពេល​បច្ចុប្បន្ន។

​ដោយសារ​រយ​:​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ កំណើន​ការអភិវឌ្ឍ​ក្នុង​ក្រុងព្រះសីហនុ កើនឡើង​យ៉ាងគំហុក កំណើន​នៃ​ការប្រើប្រាស់​ទឹកស្អាត​មានការ​កើនឡើង​ផងដែរ ដែល​ទាមទា​ឱ្យ​ក្រុមហ៊ុន​បង្កើន​ការផលិត​និង​ចែកចាយ​បន្ថែម​អាង​ទប់ទឹក ដើម្បី​សហការ​​ជាមួយ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ​ ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

​ជា​លទ្ធផល​ក្រុមហ៊ុន អាន​កូ (​វ៉​ធើ​រសឹប​ផ្លា​យ​) បាន​ឯកភាព​តាម​ការណែនាំ​របស់​អភិបាលខេត្ត​ព្រះសីហនុ បង្កើន​ការផលិត​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ប្រើប្រាស់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ទាំងមូល៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម