ការវាយប្រហារ​តាម​ដ្រូ​ន​បណ្តាលឱ្យ​ឆេះ​រោងចក្រ​កែច្នៃ​ផលិតផល​ប្រេង និង វាល​ប្រេងកាត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​

1517
ចែករម្លែក

​ក្រសួងមហាផ្ទៃ​បាន​និយាយថា ដ្រូ​ន​បាន​វាយប្រហារ​រោងចក្រ​កែច្នៃ​ប្រេង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​និង​វាល​ប្រេងកាត​ដ៏​ធំ​មួយ​ដំណើរការ​ដោយ​ក្រុមហ៊ុន Saudi Aramco កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៤​កញ្ញា ដោយ​បង្ក​ជា​អគ្គិភ័យ​ដ៏​ធំ​មួយ​នៅឯ​រោងចក្រ​កែច្នៃ​មួយ ដែលមាន​សារៈសំខាន់​ចំពោះ​ការផ្គត់ផ្គង់​ថាមពល​លើ​ពិភពលោក​។​

​គ្មាន​នរណាម្នាក់​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នៅ​បាក់​យ៉ាក​និង​វាល​ប្រេងកាត​ឃូ​រ៉ា​អ៊ី​ស​នោះទេ ទោះបី​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​របស់​យេ​ម៉ែន​កាលពីពេល​មុននេះ​បាន​បើក​ការវាយប្រហារ​ដោយ​ដ្រូ​ន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​នេះ​ក៏ដោយ​។​

​គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​រងរបួស​ឬ​អត់​នៅក្នុង​ការវាយប្រហារ​នេះ​ហើយក៏​មិនដឹងថា​វា​ជះ​ផលប៉ះពាល់​អ្វីខ្លះ​ដល់​ផលិតកម្ម​ប្រេង​នៅក្នុង​ព្រះរាជាណាចក្រ​នេះនោះ​ដែរ​។ ការវាយប្រហារ​នេះ​ទំនងជា​នឹងធ្វើ​ឱ្យមាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅ​ទូទាំង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ចំពេល​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក​។​

​វីដេអូ​នៅលើ​អន​ឡាញ ដែល​ថត​នៅ​បាក់​យ៉ាក ក៏​ឮសូរ​សំឡេង​បាញ់កាំភ្លើង​នៅ​ខាងក្រោយ​ផងដែរ​។ ផ្សែង​បាន​ហុយ​ឡើងលើ​មេឃ​និង​អណ្តាតភ្លើង​អាច​មើលឃើញ​នៅ​ឆ្ងាយ​ពី​កន្លែង​ផលិត​ប្រេង​អាប់​កា​អ៊ី​ក​។ ទូរទស្សន៍ Al-Arabiya ក្រោយមក​បាន​ចាក់ផ្សាយ​ផ្នែក​មួយ​ជាមួយ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​នៅ​ទីនោះ ខណៈ​ផ្សែង​ចេញពី​អណ្តាតភ្លើង​អាច​មើលឃើញ​យ៉ាងច្បាស់​ពីក្រោយ​ខ្នង​។​

​ក្រសួងមហាផ្ទៃ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អូឌីត​ថា អគ្គិភ័យ​បានចាប់ផ្តើម​បន្ទាប់ពី​ទីតាំង​ទាំងនោះ​ត្រូវបាន “​កំណត់​គោលដៅ​ដោយ​ដ្រូ​ន​”​។ ក្រសួង​និយាយថា ការស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ​កំពុងដំណើរការ​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​បាន​វាយប្រហារ​លើ​កន្លែង​ផលិត​ប្រេង​ធំ​បំផុត​លើ​ពិភពលោក​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ