សិស្សស្រី​និទ្ទេស A ប្រចាំខេត្ត​មណ្ឌលគិរី បង្ហាញ​គន្លឹះ​សិក្សា​រហូត​ទទួលបាន​ជោគជ័យ​

1479
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ការបិទ​ផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី មាន​បេ​ក្ខ​នារី ជាប់​និទ្ទេស​A តែ​ម្នាក់ ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី សរុប​ចំនួន​៤០១​នាក់ នា​សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩​។​

​ហើយ​សម្រាប់​ឆ្នាំនេះ ខេត្តមណ្ឌលគិរី ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ដែលមាន​បេ​ក្ខ​នារី​ម្នាក់ ជាប់​និទ្ទេស​A ហើយ​ចំពោះ​លទ្ធផល​ទាំងនេះ ខេត្តមណ្ឌលគិរី ទទួលបាន​ចំណាក់​ថ្នាក់​លេខ​២ បើ​ប្រៀបធៀប​នៅ​ទូទាំងប្រទេស​។

​បេ​ក្ខ​នារី​ម្នាក់ ឈ្មោះ មាស រតនា ដែល​ជាប់​និទ្ទេស A មកពី​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី ថ្នាក់​វិទ្យាសាស្ត្រ បានបង្ហាញ​នូវ​ទឹកមុខ​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​លទ្ធផល​ដែល​មិន​នឹកស្មាន​មិន​ដល់​នេះ​។​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​លោក​សាត ចាន់​បុត្រ សហការី​កាសែត​រស្មី​កម្ពុជា​បាន​ជួប​សម្ភាស​ពិសេស​ជាមួយ​បេ​ក្ខ​នារី​មាស រតនា ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

​លោក​សាត​ចាន់​បុត្រ​៖ សួស្ដី​ប្អូនស្រី មាស រតនា ដែល​ទើបនឹង​ប្រលង​បញ្ចប់ ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ដោយបាន​ទទួល​នូវ​និទ្ទេស​A ហើយ​ជា​សិស្ស​ម្នាក់ ដែល​ទទួលបាន​និទ្ទេស​ឆ្នើម​ប្រចាំ​នៅក្នុង​ខេត្តមណ្ឌលគិរី នា​ឆ្នាំ​សិក្សា 2019 នេះ​។ អាច​និយាយបានថា ប្អូនស្រី កំពុងតែ​ញ៉ាំង​មុខមាត់ ឲ្យ​ខេត្តមណ្ឌលគិរី​ទទួលបាន​ការកោតសរសើរ ពាសពេញ​ផ្ទៃ​ប្រទេស នូវ​ចំណាត់ថ្នាក់​របស់​ប្អូនស្រី ដែល​បាន​ធ្វើឡើង ដោយ​ល្អឥតខ្ចោះ​នេះ​។​

​នៅក្នុង​ថ្ងៃនេះ ក្នុងនាម​បង ជា​តំណាងអោយ កាសែត​រស្មី​កម្ពុជា បង​មាន​សំណួរ​ខ្លះ ចង់​សាកសួរ​ប្អូន​។​

​សំណួរ​៖ មុននឹង​ចូលដល់​សំណួរ ដែល​ទាក់ទិន​នឹង​ការសិក្សា​របស់​ប្អូន​បង​ចង់ដឹងថា បច្ចុប្បន្ននេះ ប្អូនស្រី​រតនា មាន​អាយុ​ប៉ុន្មាន​ឆ្នាំ ,​ហើយ​មាន​បងប្អូន​ប្រុស​ស្រី​ប៉ុន្មាន​នាក់​,​ហើយ​ឪពុកម្ដាយ មានឈ្មោះ​អ្វីខ្លះ ហើយ​គាត់​មានមុខ​របរ​អ្វី​ដែរ​?

​រតនា​៖​ចាស ជំរាបសួ​របង​,​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​ហើយ​,​មាន​បងប្អូន​ចំនួន​៤​នាក់ ប្រុស​២​នាក់​ស្រី​២​នាក់​។​ឪពុក​មានឈ្មោះ​វុ​ធ ប៊ុនថន ជា​នគរបាល​,​ម្តាយ​ឈ្មោះ​ឡាយ ចិន្តា ជា​មេផ្ទះ​។​
​សំណួរ​៖ តើ​ប្អូនស្រី គិត​ចាប់​ពីថ្ងៃ​ចូល​សិក្សា ថ្នាក់បឋមសិក្សា​រហូត​មក​បញ្ចប់​វិទ្យាល័យ ដោយ​ទទួលបាន​ជោគជ័យ​ដ៏​ល្អ​នេះ តើ​ប្អូន ធ្លាប់​រៀន​នៅ​សាលា​ឯ​ខេត្ត​ដទៃ​ដែរឬទេ​?

​រតនា​៖​ចាស​បង​!​ប្អូន​ពុំដែល​សិក្សា​នៅ​ខេត្ត​ដទៃ ក្រៅពី​មណ្ឌលគិរី​នេះឡើយ​។​

​សំនួរ​៖​កំឡុង​ពេលដែល​ប្អូន ចូល​សិក្សា ចាប់តាំងពី​ថ្នាក់​បឋម​ចំពោះ​កម្រិតជីវភាព​របស់​ប្អូន តើ​មានការ​លំបាក​ដែរឬទេ ហើយ​ការផ្គត់ផ្គង់​ការរៀនសូត្រ​របស់​ឪពុកម្ដាយ​នៅពេលនោះ វា​យ៉ាងណាដែរ​?

​រតនា​៖​សម្រាប់​នាង​ខ្ញុំ គឺ​កាក​រៀន​នៅ​ថ្នាក់បឋមសិក្សា មាន​ជីវភាព​រៀង​លំបាកលំបិន​ខ្លះ ព្រោះ​ម៉ាក់​ប៉ា​មិនសូវ​រកបាន​ប្រាក់ចំណូល​ច្រើន​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ដោយសារតែ គ្រួសារ​របស់ខ្ញុំ​ខិតខំ​ប្រឹងប្រែង​រកស៊ី ទើប​នៅ​ថ្នាក់​វិទ្យាល័យ ឪពុកម្ដាយ​របស់ខ្ញុំ រក​ទទួលទាន បាន​ប្រាក់ចំណូល​ច្រើន​គួរសម ទើប​អាច​ផ្គត់ផ្គង់​ជីវភាព ក៏ដូចជា ផ្ដល់ឱ្យ​ខ្ញុំ និង​បងប្អូន​ប្រុស​ស្រី​របស់ខ្ញុំ បាន​រៀនសូត្រ បាន​ត្រឹមត្រូវ​។ ការទទួល​លទ្ធផល​ល្អ​បែបនេះ ក៏​ដោយសារតែ​ឪពុកម្ដាយ​របស់ខ្ញុំ ព្យាយាម​ដែរ​ទើប​ខ្ញុំ​មាន​ថ្ងៃនេះ​។​

​សំនួរ​៖​ងាក​មកកាន់ ថ្នាក់​វិទ្យាល័យ ចាប់ពី​ថ្នាក់​ទី​៧​មក តើ​ការសិក្សា​របស់​ប្អូន​មាន​កម្រិត​បែបណា​?

​រតនា​៖ ចាប់ពី​ថ្នាក់​ទី​០៧ មក ការសិក្សា​របស់​ប្អូន មាន​ភាពល្អប្រសើរ​ជាង​មុន​ច្រើន ចំពោះ​លទ្ធផល​ប្រឡង គឺ​ខ្ញុំ​តែងតែ ទទួលបាន​លទ្ធផល​ល្អជា​ប្រចាំ​។​

​សំនួរ​៖​នៅក្នុង​ថ្នាក់​បឋមភូមិ ការ​សម័យ​ប្រឡង​នៅពេលនោះ តើ​លទ្ធផល​ប្រឡង​របស់​អូន បានទទួល​និទ្ទេស​អ្វី​?

​រតនា​៖ ចំពោះ​ការប្រឡង​នៅ​ថ្នាក់​បឋមភូមិ លទ្ធផល​របស់​នាង​ខ្ញុំ គឺ​ទទួលបាន​និទ្ទេស​ល្អ​។​

​សំនួរ​៖​បង​គិតថា ការសិក្សា​របស់​ប្អូន បានល្អ​ប្រសើរ តើ ក្នុង​ឆ្នាំ​សិក្សា​នីមួយៗ មុននឹង​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ តើ​លទ្ធផល​របស់​ប្អូន ជាប់​ចំណាត់ថ្នាក់​លេខ​ប៉ុន្មាន​?

​រតនា​៖ ចំពោះ​លទ្ធផល​របស់​ប្អូន​គិត​ចាប់ពី​ថ្នាក់​ទី​៩​រហូតដល់​ថ្នាក់​ទី​១២ គឺ​ប្អូន​តែងតែ​ទទួលបាន​លទ្ធផល ជាប់​ចំណាត់ថ្នាក់​លេខ​១ រៀងរាល់​ដំណាច់ឆ្នាំ​។​

​សំនួរ​៖ ចំពោះ​បងប្អូន​ប្រុស​ស្រី​របស់​ប្អូន តើ​ពួកគេ​រៀន​ពូកែ​ដូច​ប្អូន​ដែរឬទេ​?

​រតនា​៖ ចំពោះ​បងប្អូន​របស់​នាង​ខ្ញុំ គឺ​ពួកគាត់ មាន​កំរិតសិក្សា​នៅ​មធ្យម ដោយសារតែ បងប្រុស​របស់​នាង​ខ្ញុំ កំឡុង​ពេលដែល​គាត់​សិក្សា​នោះ គឺ​ពុំ​សូវ ព្យាយាម​សិក្សា​រៀនសូត្រ​នោះទេ រហូត​ចូល​ថ្នាក់​ទី​១០ ទើប​គាត់​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​លទ្ធផល ប្រឡង​ជាប់​ចំណាត់ថ្នាក់​មធ្យម​។​

​សំនួរ​៖​មាន​កត្តា​អ្វីខ្លះ​ដែល​ជម្រុញ​ឲ្យ​ប្អូន ខិតខំ ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រឡង បាន​និទ្ទេស​A​បែបនេះ​?

​រតនា​៖ សម្រាប់​នាង​ខ្ញុំ កត្តា​ដែល​ជំរុញ ឲ្យ​ខ្ញុំ​ប្រឹងប្រែង​រៀនសូត្រ រហូតដល់​ប្រឡង​បាន​និទ្ទេស​A​បែបនេះ គឺ​ដោយសារតែ មានការ​ជំរុញ ពី​លោកគ្រូ​អ្នកគ្រូ​។ ពិសេស​ទៀត​នោះ គឺ​ដោយសារតែ​នាង​ខ្ញុំ​សង្កេតឃើញ អំពី​កម្រិតជីវភាព​គ្រួសារ​របស់​នាង​ខ្ញុំ នៅមានកម្រិត​ទាប​។ ដូច្នេះហើយ ទើប​នាង​ខ្ញុំ​ជ្រើសរើស យក​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ ទទួលបាន​ប័ណ្ណសរសើរ​រៀងរាល់ឆ្នាំ ធ្វើឱ្យ​ឪពុកម្ដាយ​សប្បាយចិត្ត នឹង​អាច ជ្រើសរើស ការងារ​ល្អ​មួយ សម្រាប់​ជួយ​ឪពុកម្ដាយ​។​

​សំនួរ​៖ កំឡុងពេល​ដែរ​ប្អូន​សិក្សា​ប្រឹងប្រែង​បែប​សិក្សា​នេះ បង​គិតថា​អូន​ប្រហែលជា មិនសូវមាន​ពេល​រាប់អាន​មិត្ត​ភ័​ក្រ​ដូចជា​ការនិយាយ​លេង ការដើរ​លេង នោះទេ ជាក់ស្ដែង ប្អូនស្រី មាន​មិត្ត​ភ​ក្កិ​ច្រើន​ដែរ​ទេ​?​ហើយ​មិត្ត​ភ​ក្ត​ទាំងអស់នោះ ជា​មិត្ត​ភ​ក្ដ​ប្រភេទ​អ្វី​ដែរ ឬក៏​សុទ្ធតែជា​អ្នករៀន​សូត្រ​ដូចគ្នា​?

​រតនា​៖ ដោយសារតែ​នាង​ខ្ញុំ​ពុំ​សូវ​មាន​ពេលចេញ​ដើរលេង​ច្រើន ដូច្នេះហើយ ភ័ក្ត្រ​របស់​នាង​ខ្ញុំ មានតែ​មិត្ត​រួម​ថ្នាក់ ឬ​មិត្ត​រួម​ជំនាន់​តែប៉ុណ្ណោះ ហើយ​មិត្ត​ភ័ក្ត្រ​ទាំងអស់នោះ​ទៀត គឺ​សុទ្ធសឹងតែ ជា​អ្នក​រៀនសូត្រ ពូកែ ដែល​អាច ដកស្រង់​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក ឬ​អាច​និយាយបានថា ជួយ​គ្នា​ទៅវិញទៅមក​។ និយាយ​ជារួម ក្នុង​មួយឆ្នាំ នាង​ខ្ញុំ​អាច​ដើរលេង​បាន​ម្ដង​ឬ​ពីរដង​តែប៉ុណ្ណោះ​។​

​សំនួរ​៖​ងាក​ទៅកាន់ មុខវិជ្ជា ដែល​អូន​បាន​ប្រឡង តើ​ប្អូន​គិតថា​មុខវិជ្ជា​អ្វីខ្លះ ដែល​ប្អូន​គិតថា​មាន​ភាពងាយស្រួល​ជាងគេ​សំរាប់​រូប​ប្អូន​ផ្ទាល់​?

​រតនា​៖​សម្រាប់​នាង​ខ្ញុំ​គឺ​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ ដូចជា​គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា​។​នាង​ខ្ញុំ​គិតថា​មុខ​វិទ្យា​ទាំងនេះ ដោយសារតែ​ខ្ញុំ​ប្រឹងប្រែង​រៀនសូត្រ​និង​ប្រឡង​ទៅ​គឺ​ទទួលបាន​លទ្ធផល​ល្អជា​និច្ច​។​

  • នៅក្នុង​លទ្ធផល​ប្រឡង​ដែល​បាន​បិទ​ប្រកាស​រួចរាល់​ហើយ ឲ្យ​ឃើញថា​ប្អូន​បានទេ​អី តើ​ប្អូន បាន កម្រិត​ពិន្ទុ​ប៉ុន្មាន​ដែរ​?
  • ដោយ​សម្លឹង​ឃើញ​នូវ​កម្រិត​ពិន្ទុ​លក​អ​បែបនេះ ប្អូន​អាច​ចែករំលែក​នូវ​គន្លឹះ​សំខាន់ៗ​បានទេ ថា​កត្តា​អ្វីខ្លះ ឬក៏​ក្បួនខ្នាត​អ្វីខ្លះ ដែល​ធ្វើអោយ​ប្អូន​រៀន​ពូកែ​បែបនេះ​?

​រតនា​៖​គន្លឹះ​សំខាន់ៗ​រហូត​ទទួលបាន​ជោគជ័យ គឺ នៅពេលដែល​លោកគ្រូ​អ្នកគ្រូ ពន្យល់​ណែនាំ ដល់​យើង គឺ​យើង​ត្រូវតែ​ព្យាយាម​ត្រង់ត្រាប់​ស្ដាប់ និង​បន្ត​អនុវត្តន៍ ដោយ​ខ្លួនឯង​ដែរ​នៅឯ​ផ្ទះ​។ ហើយ​អ្វីដែល​សំខាន់​ទៀត​នោះ​គឺ​យើង ត្រូវតែ​ចេះ​បែងចែក​កាលវិភាគ នៃ​ការសិក្សា ការ​រំលឹក​មេរៀន ហើយ​នៅពេល​ទំនេរ យើង​ក៏​អាច ជួយ​ធ្វើការ​ផ្ទះ តាមតែ​អាចធ្វើ​ទៅបាន​។ តែ​អ្វីដែល​ប្អូន​នៅតែ ជាការ​សំខាន់​ជាងគេ​នោះ គឺ​ការ ខិតខំ ប្រឹងប្រែង រៀនសូត្រ​តែប៉ុណ្ណោះ​ទើប​ធ្វើអោយ​យើង​ជោគជ័យ​។​

​សំនួរ​៖​ក្រោយ​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ហើយ​នេះ តើ​បំណង របស់​ប្អូន និង​សិក្សា​បន្ត នៅ​គ្រឹះស្ថាន​មួយណា ហើយ​ជ្រើសរើស​យកមុខ​ជំនាញ​អ្វី​, ហើយ​បំណង​ទៅ​ថ្ងៃ​អនាគត តើ​ប្អូន​ជ្រើសរើស​ការងារ​អ្វី ដើម្បី​ជួយ​ដល់​សង្គមជាតិ​?

​រតនា​៖ ក្រោយ​ប្រឡង​នឹង​ដឹង​លទ្ធផល​ហើយ​នេះ គឺ​នាង​ខ្ញុំ បានជ្រើសរើស​យក​អាហារ​រូប​ករ​ណ៌​ទៅ​ឯ​ប្រទេស​ថៃ ដោយ​ចាប់យក​នូវ​មុខវិជ្ជា​បច្ចេកវិទ្យា​និង​ទៅ​ថ្ងៃ​អនាគត​ចង់ បន្ត​កា​ងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​ប្រើប្រាស់​មុខ​វិទ្យា​ដែល​បាន​រៀនសូត្រ​ជួយ​ដល់​ក្រុមគ្រួសារ​និង​សង្គមជាតិ​។​ប៉ុន្តែ​កំឡុង​ពេលនេះ​គឺ​ប្អូន​ត្រូវតែ​ពង្រឹងសមត្ថភាព​ជាមុន​សិន ទើប​បំណងប្រាថ្នា​របស់​នាង​ខ្ញុំ​ទទួលបាន​ជោគជ័យ​។​

​សំនួរ​៖​សំរាប់​សំនួរ​ចុងក្រោយ​នេះ​បង​ចង់ដឹងថា តើ ប្អូន​មាន​អ្វី​ផ្ដាំផ្ញើ​ខ្លះ ដល់​ប្អូនៗ​ជំនាន់​ក្រោយ ដែល​នឹងត្រូវ​ប្រលង​បាក់​ឌុប នៅ​ឆ្នាំ 2020 ខាងមុខ​?

​រតនា​៖​ចំពោះ​ប្អូនៗ​ដែល​និង​ត្រូវ​ប្រឡង​នៅ​ឆ្នាំ​សិក្សា​២០២០​ខាងមុខ សុំ​ប្រឹងប្រែង​រៀនសូត្រ កុំ​យក​ពេលវេលា​បោះចោល ត្រូវតែ​ខិតខំ​រៀនសូត្រ ដុះខាត់​ជីវិត​ខ្លួនឯង​អោយមាន​តម្លៃ​។​ហើយក៏​សូម​ជូនពរ​ដល់​ប្អូនៗ​បាន​ប្រឡង​ជាប់​គ្រប់ៗ​គ្នា​ផងដែរ​។​ជា​ចុងក្រោយ​ប្អូន​សូម​អគុណ​ចំពោះ​កាសែត​រស្មី​កម្ពុជា ដែលមាន​បង​ចាន់​បុត្រ ជា​តំណាង​ជូ​ប​សម្ភាស​ពិសេស​ជាមួយ​ប្អូន ក្នុងការ​ចែករំលែក​គ​ន្លឹះ​សំខាន់ៗ​ចែកជូន​សិស្សានុសិស្ស ជំនាន់​ក្រោយ​ផងដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ