កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទៅ​សមុទ្រ​ខាងកើត ស្របពេល​អាមេរិក​កំពុង​ត្រៀម​អបអរ​បុណ្យ​ឯករាជ្យ​

1602
ចែករម្លែក

យោធា​កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាលពី​ថ្ងៃ​អង្គារ (៤ កក្កដា​) គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មេដឹកនាំ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល មូ​ន ចែ​អ៊ី​ន និង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ផ្តោត​សំខាន់​លើ​ការគំរាមកំហែង​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់​មេដឹកនាំ​ទាំងពីរ​។

​ ​ការបាញ់​មី​ស៊ី​ល ដែល​ធ្វើឡើង​ស្រប​ពេលដែល​អាមេរិក​ត្រៀម​អបអរ​ទិវា​ឯករាជ្យ ៤ កក្កដា គឺជា​ការ​បង្ករឿង​ចុងក្រោយ​បំផុត​មួយ ដែល​បាន​បង្កើន​ភាព​តានតឹង​ជុំវិញ​មហិច្ឆតា​សព្វាវុធ​របស់​កូរ៉េខាងជើង ដែល​បំពាក់​នុយក្លេអ៊ែរ​នេះ​។

​ ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មី​ស៊ី​ល​ឆ្លង​ទ្វីប​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​” ត្រូវបាន​បាញ់​ចេញពី​ទីតាំង​នៅក្បែរ​តំបន់​ផាង​យ៉ុ​ន ក្នុង​ខេត្ត​ព្យុង​អាន​ខាងជើង និង​ធ្លា​ក់នៅ​សមុទ្រ​ខាងកើត ឬ សមុទ្រ​ជប៉ុន​។

​ ​ពួកគេ​បន្ថែមទៀតថា គ្រាប់​នេះ​បាន​ហោះ “​រាប់រយ​គីឡូម៉ែត្រ​” ។​

​ ​អ្នកនាំពាក្យ​ឱ្យ​ក្រសួងការពារជាតិ​ជប៉ុន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា គ្រាប់​មី​ស៊ី​ល​នេះ​អាច​ធ្លាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ជប៉ុន​។

​ ​ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា និយាយថា មី​ស៊ី​ល​នេះ​បាន​ហោះ​ប្រហែល ៤០ នាទី ដែលជា​រយៈពេល​ហោះ​យូរ​មិនធម្មតា​។

​ ​លោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា “​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​គឺ​មិនអាច​អត់ទ្រាំ​បានឡើយ ហើយ​ជប៉ុន​តវ៉ា​ខ្លាំង​ចំពោះ​កូរ៉េខាងជើង និង ថ្កោលទោស​ការបាញ់​មី​ស៊ី​ល​នេះ​”​។

​ ​ព្យុងយ៉ាង​និយាយថា ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​រាល់​ការគំរាមកំហែង​ឈ្លានពាន​ទឹកដី និង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន ចាប់តាំងពី លោក​មូ​ន ដែល​គាំទ្រ​ការចូល​រួមជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​ក៏​សង្កត់ធ្ងន់​ពី​តម្រូវការ​ឱ្យមាន​ទណ្ឌកម្ម​ដែរនោះ បាន​ជាប់ឆ្នោត​កាលពី​ខែឧសភា​។​

​ ​លោក​មូ​ន​បាន​កោះហៅ​ឱ្យមាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេ​អ៊ូ​ល ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់​មី​ស៊ី​ល​នេះ​។

​ ​នៅ​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​នៅ​វ៉ាស៊ីនតោន​កាលពី​ចុង​សប្តាហ៍ លោក​ត្រាំ​បានប្រកាសថា អាមេរិក​អស់​ការអត់ធ្មត់​ជាមួយ​កូរ៉េខាងជើង ជុំវិញ​ការជំរុញ​ទៅមុខ​ផ្នែក​សព្វាវុធ​របស់ខ្លួន ដែល​រួមមាន​ការអភិវឌ្ឍ​មី​ស៊ី​ល មាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់​ដល់​អាមេរិក​ដីគោក​។

​ ​លោក​ត្រាំ​និយាយថា “​យើង​នឹង​ប្រឈម​ការគំរាមកំហែង​រប​ស់​របប​ឃោរឃៅ​ក្នុង​កូរ៉េខាងជើង​ជាមួយគ្នា​។ កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​របប​នេះ ទាមទារ​ឱ្យមាន​ការឆ្លើយតប​ប្រកបដោយ​ការតាំង​ចិត្ត​ខ្ពស់​។ មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​មិន​ខ្វល់​ពី​សុវត្ថិភាព​និង​សន្តិសុខ​ប្រជាជន​ខ្លួន និង​ប្រជាជន​ប្រទេសជិតខាង​ទេ និង​មិនបាន​គោរព​ជីវិត​មនុស្ស​ទេ​”​។

​ ​ក្រោយមក​លោក​បាន​ពិភាក្សា​បញ្ហា​នេះ​ក្នុងការ​តេ​តាម​ទូរស័ព្ទ​ដាច់ដោយឡែក​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី​ជីន​ពីង និង នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ​៕

គ្រាប់​នុយក្លេអ៊ែរ​កូរ៉េខាងជើង