មន្ទីរ​បញ្ច​កោណ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​អំណាច​យោធា​កំពុង​កើនឡើង​ខ្លាំង​របស់​ចិន​

1290
ចែករម្លែក

​ប្រតិបត្តិការ​តាម​ដែនសមុទ្រ ការធ្វើ​តេស្ត​មី​ស៊ី​ល និង​សមយុទ្ធ​ចុះចត ៖ មន្ទីរ​បញ្ច​កោណ​បាន​កំពុង​បង្កើន​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​អំណាច​យោធា​កំពុង​កើនឡើង​ខ្លាំង​របស់​ចិន ដែល​គេ​មើលឃើញថា​ជាការ​គំរាមកំហែង​មួយ​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កញ្ញា នាវាចម្បាំង​អាម៉េរិក​មួយគ្រឿង​បាន​ឆ្ពោះទៅ​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល ដែល​អះអាង​កាន់កាប់​ដោយ​ចិន​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បញ្ជាក់​ពី “​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” អន្តរជាតិ​នៅក្នុង​តំបន់​។​

​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​បញ្ជា​ទិស USS Wayne E. Meyer បាន​ឆ្លងកាត់​ក្បែរ​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល ដើម្បី​ជំទាស់​នឹង​ការអះអាង​កាន់កាប់​របស់​ទីក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ជុំវិញ​ប្រជុំ​កោះ​នេះ ដែល​ទាមទារ​ដោយ​កោះ​តៃវ៉ាន់​និង​វៀតណាម​ផងដែរ​។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​អាម៉េរិក​ទី​៧ លោកស្រី​មេ​បញ្ជ​ការ រៀន ម៉ុម​សិន បាន​និយាយថា ការអះអាង​កាន់កាប់​របស់​ចិន​នឹង​រារាំង “​ការឆ្លងកាត់​ដោយ​គ្មាន​ទោសពៃរ៍​” ពី​នាវា​របស់​ប្រទេស​ដទៃទៀត ហើយ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ​ទេ​។​

​ថ្ងៃ​សុក្រ​គឺជា “​ប្រតិបត្តិការ​ដើម្បី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” លើក​ទី ៦ ឬ FONOPS ជា​ភាសា​កងទ័ពជើងទឹក នៅ​ឆ្នាំនេះ​។​

​ប្រតិបត្តិការ​បែបនេះ​មាន​ចំនួន​សរុប ៨ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ហើយ​មានតែ ៦ ប៉ុណ្ណោះ​ក្នុងអំឡុង​អាណត្តិ​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ទាំងមូល​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ទីបញ្ជាការ​កង​ម៉ា​រី​ន​អាម៉េរិក​បានប្រកាសថា​ខ្លួន​បានធ្វើ​សមយុទ្ធ​នៅលើ​កោះ​តូ​រី​ស៊ី​ម៉ា ដែលមាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង​តូ​ក្យូ​ដើម្បី​អនុវត្ត​ការចុះ​ចត​នៅលើ​ច្រាំង “​អរិភាព​” និង​ការ​រឹបអូស​យក​ដី​កោះ​សម្រាប់​ចុះចត​យន្តហោះ​។​

​សមយុទ្ធ​នេះ​ត្រូវបាន​រៀបចំឡើង​យ៉ាងច្បាស់​ក្រឡែត​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​យោធា​អាម៉េរិក​ក្នុងការ​លុកលុយ​កោះ​ជម្លោះ​និង​បង្កើត​មូលដ្ឋាន​ផ្គត់ផ្គង់​សម្រាប់​ប្រតិបត្តិការ​ជើង​អាកាស​។​

​មេបញ្ជាការ​ឈ្មោះ អ៊ែន​ថូ​នី សេសា​រ៉ូ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការ​វាយឆ្មក់​ប្រភេទ​នេះ​ផ្តល់ឱ្យ​មេបញ្ជាការ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​នូវ​សមត្ថភាព​ក្នុងការ​សម្ញែង​អំណាច​និង​ធ្វើ​ប្រតិ​ប​តិ្ត​ការ​នៅក្នុង​បរិយាកាស​ដែល​ពោរពេញ​ដោយ​ការ​ប្រទាញប្រទង់​”​។​

​ការ​ពិពណ៌នា​យ៉ាងច្បាស់​បែបនេះ​ចេញពី​មន្ទីរ​បញ្ច​កោណ គឺ ឆ្លុះបញ្ចាំង​ពី​កម្លាំង​រុញច្រាន​ថ្មី ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ម៉ាក អេ​ស្ពើ បានផ្តល់​ឱ្យចំ​ពោះ​គោលនយោបាយ “​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​” របស់​អាម៉េរិក​ជាមួយ​ចិន​និង​រុស្ស៊ី​។​

​លោក​អេ​ស្ពើ ដែល​បានជ្រើសរើស​អាស៊ី​សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់លោក ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រមុខ​មន្ទីរ​បញ្ច​កោណ បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋ​អាម៉េរិក​ចង់​ពង្រាយ​មី​ស៊ី​ល​ថ្មី​ឱ្យបាន​លឿន​នៅ​ទ្វីបអាស៊ី ប្រហែល​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​នៃ​អំណាច​យោធា​របស់​ចិន​៕ ដោយ៖ កញ្ញាដាលីស

នាវា USS John McCain របស់​អាម៉េរិក​ក៏​ចូលរួម​សមយុទ្ធ​កាលពី​ថ្ងៃ​សុក្រ​នៅ​កោះ​តូ​រី​ស៊ី​ម៉ា​ផងដែរ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ