​”​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ត្រូវ​បង្ក្រាប​ឱ្យបាន​នូវ​រាល់​បទល្មើស​ក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន​”

289
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​នាឱកាស​ប្រគល់​សម្ភារៈប្រើប្រាស់​និង​អាវុធ​ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​លោក​សូត​យា​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​”​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​កិច្ច​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យបាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ស្ថិតក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន​”​។

​ជា​ចម្បង​គឺ​ការគិតគូ​រលើប​ញ្ហា​នៃ​សកម្មភាព​គ្រឿងញៀន​ព្រោះ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ដែលមាន​វិសាលភាព​ដ៏​ល្ហល្ហេវ​នោះ​គឺជា​ទីតាំង​យ៉ាង​គាប់ប្រសើរ​សម្រាប់​ការដោះដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​របស់​ជនខិលខូច​។​បន្ថែម​លើ​នេះ​មន្ត្រី​ជំនាញ​ត្រូវ​ដើរល្បាត​គ្រប់​ច្រកល្ហក​ទោះ​ក្នុង​ដង​ជ្រោះ​ឬ​ទី​ព្រៃ​ជ្រៅ​ដើម្បី​តាមដាន​ក្រែង​កើតមាន​ករណី​លួច​លប​ដាំ​រុក្ខជាតិ​មិន​ស្របច្បាប់​ពិសេស​ដើម​កញ្ឆា​ដែលជា​វត្ថុ​ធាតុ​សម្រាប់​ផលិត​គ្រឿងញៀន​នោះ​។

​លោក​អនុរដ្ឋលេខាធិកា​បាន​បញ្ជាក់ថា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​សមត្ថកិច្ច​ពាក់កណ្តាល​កងកម្លាំង​ម្ល៉ោះហើយ​ការភ្ជាប់​ទៅជា​មួយ​នូវ​អាវុធ​ពេល​ចុះ​បំពេញបេសកកម្ម​ជា​រឿង​សំខាន់​។​ប៉ុន្តែ​អាវុធ​មួយ​ដើម​ជា​អាយុជីវិត​ដែល​តម្រូវឱ្យ​សាមីខ្លួន​យល់ដឹង​ឱ្យបាន​ច្បាស់លាស់​ទាក់ទិន​នឹង​ការប្រើប្រាស់​។​

​លោក​សូត​យា​បាន​មានប្រសាសន៍​បន្តថា​ពាក់ព័ន្ធ​នឹង​ការប្រគល់​ជូន​នេះដែរ​ប្រធាន​អង្គភាព​ត្រូវ​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ផ្នែក​អាវុធ​ដើម្បី​ទទួលបាន​នូវ​ការហ្វឹកហាត់​បំណង​ចេះ​ប្រើប្រាស់​ក៏ដូចជា​ការថែទាំ​ប្រកបដោយ​គុណភាព​ព្រមទាំង​រួចផុត​ពី​ទោសទណ្ឌ​ទាំងឡាយ​។​ម្យ៉ាងទៀត​រាល់ពេល​ចុះ​បំពេញការងារ​ដែល​កាន់​អាវុធ​ជាប់​តាម​ខ្លួន​ចាំបាច់​ត្រូវតែមាន​លិខិត​បេសកកម្ម​ហើយ​គ្រង​ដោយ​ឯកសណ្ឋាន​សម្គាល់​ស្ថាប័ន​ឱ្យបាន​ត្រឹមត្រូវ​៕S/​