កំណាត់​ផ្លូវជាតិ​លេខ​៤៨ ដែល​បាក់ស្រុត ត្រូវ​ក្រុមការងារ​ជំនាញ​ជួសជុល​បណ្តោះអាសន្ន​រួចហើយ​

390
ចែករម្លែក

ដោយ:សុ​ផានី​តា​/កោះកុង ​៖ ផ្លូវជាតិ​លេខ​៤៨ ត្រង់ចំណុច​គម​45+200 ដែល​រង​ការបាក់​ស្រុត​រសៀល​ម្សិលមិញ ត្រូវបាន​ក្រុមការងារ​ជំនាញ​ជួសជុល​រួចរាល់​ជា​លក្ខណៈ​ប​ណ្ដោះ​អាសន្ន និង​បើក​ចរាចរ​ណ៍ឲ្យ​រថយន្ត​តូចធំ​ឆ្លងកាត់​សិន​ហើយ បើ​គិត​ត្រឹម​ម៉ោង​១០​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។​

ប្រាប់​រស្មី​ក​ម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា នេះ លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង បានឱ្យដឹងថា សកម្មភាព​នៃ​ដំណើរការ​ជួសជុល​បន្ទា​ន់​នូវ​កំណាត់​ផ្លូវជាតិ​៤៨ នៅ​ចំណុច​បឹង​មាស ភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ក្រោយ​មាន​កម្លាំង​ចរន្តទឹក​ភ្លៀង​ហូរ​បុក​បាក់ស្រុត​កាលពី​ម៉ោង​១​និង​៣០​រសៀល​ថ្ងៃទី​១៧ កញ្ញា បានបញ្ចប់​រួចរាល់​ហើយ អំឡុង​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជា​បន្តបន្ទាប់​។​

មូល​ហេតុដែល​ធ្វើឱ្យ​ផ្លូវថ្នល់​បាក់ស្រុត​ខាងលើនេះ ក៏​ព្រោះ​តែមាន​ចរន្តទឹក​ហូរ​នៅ​ខាងក្រោម​ភ្ជាប់​ជាមួយ​ប្រអប់​លូ​តាំងពី​សម័យ​ខ្មែរក្រហម ឆ្នាំ​១៩៧០ ដូច្នេះ​ស្ថានភាព​ថ្នល់​ចំណុច​នេះ​វា​ចាស់​ទ្រុឌទ្រោម​ហួស​គុណភាព​ប្រើ​ខ្លាំង ​មិនអាច​ទ្រ​ទម្ងន់​ធ្ងន់​បានទេ​។ លោក អន ដា​វុ​ធ ចាត់ទុកថា នេះ​ជា​សំណាងល្អ​ដែល​មិន​ពុំមាន​រថយន្ត​ទំនិញ​ធំៗ​ណាមួយ​បើកបរ​ឆ្លងកាត់ បើ​មិន​ដូចនេះ​ទេ​នឹង​អាច​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​ជាង​នេះ​ថែមទៀត​។

​បើតាម​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង ទំហំ​មុខកាត់​ដែល​បាក់ស្រុត មាន​ទទឹង​៣​ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ និង​ជម្រៅ​២​ម៉ែត្រ ក្រុម​កា​ងារ​ជំនាញការ​បាន​ចំណាយ​ពេល​ជាង​៩​ម៉ោង ទើប​បញ្ចប់​ការជួសជុល​បណ្តោះអាសន្ន​កំណាត់​ផ្លូវថ្នល់​ដែល​ខូចខាត​។ ទន្ទឹម​នោះ អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ និង​មន្ទីរជំនាញ សម្រេចចិត្ត​បិទ​ចរាចរណ៍​ធ្វើដំណើរ សម្រាប់​រថយន្ត​ធុន​តូច​៣​ម៉ោង និង​រថយន្ត​ធុន​ធំ​៩​ម៉ោង​។​

វិធីសាស្ត្រ​ជួសជុល​បឋម​សិន​នោះ​អំឡុង​រដូវវស្សា ក្រុមការងារ​បាន​ជីក​វាយ​បំបែក​ប្រព័ន្ធ​លូ​លំ​ហូរ​ទឹក​ចោល ជំនួស​អោយ​ការ​ច្រក​ដីខ្សាច់​ដាក់​បាវ​៥០​បាវ ថ្ម​ចំនួន​១៧​គុប និង​ខ្សាច់​ ដែល​ត្រូវ​ចាក់​កិន​បំពេញ​ថ្នល់​បាក់ស្រុត​៣០​គុប​ថែម ដោយ​មិន​អាចឲ្យទឹក​ហូរ​ច្រោះ​ចេញចូល​បាន​ទៀត​ទេ​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ក្រុមការងារ​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​មន្ទីរ កំពុង​ទៅពិនិត្យ និង​កិន​បំ​ហាប់​ខ្សាច់​ដែល​បាន​ចាក់​រួចរាល់​។​

ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម និង​ខូចខាត​ផ្លូវជាតិ​លេខ​៤៨ រដ្ឋបាល​ខេត្តកោះកុង ក្នុង​អាណ​តិ្ត​គ្រប់គ្រង​ដោយ​លោកស្រី មិថុនា ភូ​ថង ក៏​ប្រាប់​ដល់​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ ចំនួន​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨​ដល់​១៩ ខែកញ្ញា ដើម្បី​ការពារ​ឲ្យគ្រឹះ​ថ្នល់​រឹងមាំ ទើប​អនុញ្ញាត​ចរាចរណ៍​ទៅមក​ធម្មតា​វិញ​។ ដោយ​អាជ្ញាធរខេត្ត ជឿជាក់​លើ​ស្មារតី​ចូលរួម​សហការ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធភាព​តាម​សេចក្តីជូនដំណឹង​នេះ​ជាពុំខាន​។​

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​ថ្ងៃទី​៣ ខែកញ្ញា កន្លងទៅ ធ្លាប់បាន​ព្រមាន​បិទ​ក្រុមហ៊ុន​អាជីវកម្ម​ដឹក​ជ​ញ្ចូ​ន​ណាមួយ​ដែល​ដឹកទំនិញ​លើ​សទ​ម្ង​ន់​កំណត់​ក្នុងភូមិ​សាស្ត្រ​ខេត្ត ខណៈ​អាជ្ញាធរ​ពិនិត្យ​មើលឃើញ​មាន​កំណាត់​ផ្លូវថ្នល់​មួយចំនួន​រង​ប៉ះពាល់​ខូចខាត​ជា​បណ្តើរៗ​លំបាក​ធ្វើដំណើរ​ទៅមក​នា​រដូវវស្សា​។​ហើយ​ការព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ដូច្នេះ ធ្វើឡើង​នៅក្នុង​ពិធី​តែងតាំង​មុខតំណែង​អភិបាលស្រុក​មណ្ឌលសីមា អភិបាលរងក្រុង និង​អង្គភាព​មន្ទីរ​ចំណុះ​ប្រមាណ​ជិត​១០០​នាក់ កាល​រសៀល​ថ្ងៃទី​៣ ខែកញ្ញា​។​

លោកស្រី​អភិបាលខេត្ត​កោះកុង បាន​សង្កត់ធ្ងន់ថា មិន​អនុញ្ញាត​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ណាមួយ​គិតតែ​ពី​ផលចំណេញ​ផ្ទាល់ខ្លួន គ្មាន​ទំនួល​ខុសត្រូវ ហើយ​ធ្វើឱ្យ​ផ្លូវថ្នល់​សាធារណៈ​ខូចខាត​លំបាក​ធ្វើដំណើរ​នោះទេ​។ ប្រសិនបើ​ដាក់ពិន័យ​ហើយ​មិន​ព្រម​ឈប់​បំពាន​ទេ នឹង​សុំ​គោលការណ៍​ទៅ​ក្រសួង​ជំនាញ និង​រាជរដ្ឋាភិបាល​បិទ​អាជីវកម្ម​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ទាំងនោះ​ចោល​តែម្តង​។​

បច្ចុប្បន្ន ខេត្តកោះកុង មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ធុន​ធ្ងន់​សរុប​១៥​ក្រុមហ៊ុន ដែល​កំពុង ដំណើរការ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ពី​ព្រំដែន​ចាំ​យាម​ទៅ​រាជធានី​ភ្នំពេញ ឬ​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ​ទៀត​៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម