សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​កន់ យ៉ាង និង​ជួប​ជាមួយ​ស្ថាបនិក​មូលនិធិ​អប់រំ កន់​យ៉ាង នៃ​ប្រទេស​កូរ៉េ​

416
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត វន់ ម៉ុក​លី (Won Meok Lee)​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ កន់ យ៉ាង និង​លោក​បណ្ឌិត ហ៊ី សូ​គីម (Hee Soo Kim)​ស្ថាបនិក​មូលនិធិ​អប់រំ កន់ យ៉ាង នៃ​ប្រទេស​កូរ៉េ​។

​នៅក្នុង​ជំនួប​នេះ​លោក​បណ្ឌិត Won Meok Lee បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​បាន​ធ្លាប់​មកកាន់​ប្រទេស​កម្ពុជា​ម្ដង​រួចមកហើយ​កាលពី​១០​ឆ្នាំមុន ហើយក៏​បាន​ជួប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ​កាល​ពេលនោះ​។ លោក​បណ្ឌិត​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានអនុញ្ញាត​ឲ្យ​រូបលោក និង​គណៈប្រតិភូ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ​។ លោក​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា កាលពី​ម្សិល​នេះ​លោក​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ជាពិសេស​នៅ​មជ្ឈមណ្ឌល​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ភ្នែក​ដែល​ជួយ​ដោយ​ប្រទេស​កូរ៉េ តាមរយៈ​អង្គការ​កូយ​ការ​។ ក្នុងនោះ​លោក​ក៏បាន​ទៅ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ ដោយសារ​កន្លងមក​មាន​កិច្ចសហប្រតិបត្តិការ​សាក​ល​វិទ្យាល័យ​របស់គាត់ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ លោក​បណ្ឌិត​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​កន្លងមក លោក​បាន​ជួយ​ដល់​ការងារ​ផ្នែក​សុខាភិបាល​ច្រើន ជាពិសេស​ការយកចិត្ត​ទុកដាក់ និង​ការព្យាបាល​ជំងឺ​ភ្នែក​តាមរយៈ​មជ្ឈមណ្ឌល​ដែល​នៅ​មន្ទី​ពេទ្យ​ព្រះអង្គ​ឌួង​នោះ ហើយ​លោក​ប្ដេជ្ញា​ថា នឹង​ខិតខំ​ជួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ដល់​ប្រទេស​កូរ៉េ​ដែល​កន្លងមក​ធ្លាប់បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​ជាពិសេស​ដល់​ផ្នែក​វិស័យ​សុខាភិបាល​ក៏ដូចជា​វិស័យ​អប់រំ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សម្ដេច​ពិតជា​អរគុណ​ទៅដល់​ភាគី​កូរ៉េ​ដែរ​បាន​ជួយ​ក្នុងការ​ផ្ដល់នូវ​ការព្យាបាល​ជំងឺ​ភ្នែក​ដល់​ប្រជាជន​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​ជាច្រើន​មាន​បញ្ហា​ជំងឺ​ភ្នែក​នេះ ហើយ​ពួកគាត់​ពិតជា​ត្រូវការ​ចាំបាច់​នូវ​សេវា​ព្យាបាល​បញ្ហា​នៃ​ជំងឺ​ភ្នែក រួមទាំង​ជំងឺ​គ​ថ្លង់​ផងដែរ​។ ហើយ​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​យកចិត្តទុកដាក់​ក្នុងការ​ចូលរួមចំណែក​ជួយ​ថែទាំ និង​ព្យាបាល​បងប្អូន​ប្រជាព​រដ្ឋ​ដែលមាន​ជំងឺ​ភ្នែក និង​គ​ថ្លង់ ពិការ​នេះ​ជាដើម ជាពិសេស​កន្លងមកនេះ​យើង​ក៏មាន​អង្គការ​គ្រួសារ​ថ្មី​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការជួយ​ដល់​កុមារ​ពិការ និង​គ​ថ្លង់ ហើយ​ថ្មីៗ​នេះ​អង្គការ​គ្រួសារ​ថ្មី​នេះ​ត្រូវបាន​បញ្ចូល​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ ដូច្នេះ​នេះ​គឺជា​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាល​យើង​ក៏​ទទួលបាន​ភាពជោគជ័យ​ផងដែរ ទាក់ទង​ទៅនឹង​ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​គ្រុន​ស្វិតដៃជើង ជំងឺ​ក​ញ្ជ្រិ​ល និង​ជំងឺ​តេតាណូស​ជាដើម​។ ហើយ​បច្ចុប្បន្ននេះ​កម្ពុជា កំពុងតែ​យកចិត្តទុកដាក់​ទៅលើ​ការប្រយុទ្ធប្រឆាំង​ជំងឺរបេង ជំងឺ​ជំងឺលើសឈាម និង​ជំងឺគ្រុនចាញ់​ជាដើម​។​

​សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ធ្វើការ​វិនិយោគ​យ៉ាងច្រើន​ទៅលើ​វិស័យ​សង្គមកិច្ច ជាពិសេស​ក្នុងការ​ផ្ដល់នូវ​ថវិកា​ជាតិ​ទៅលើ​វិស័យ​អប់រំ វិស័យ​សុខាភិបាល ដើម្បី​ផ្ដល់នូវ​ប្រយោជន៍ ក៏ដូចជា​បម្រើ​នូវ​សេវា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ​បាន​ជម្រាបជូន​លោក​បណ្ឌិត​ផងដែរ​ថា នៅពេល​ខាងមុខនេះ​ពោលគឺ​នៅក្នុង​អំឡុង​ខែវិច្ឆិកា សម្ដេច​តេ​ជោ​នឹង​អញ្ជើញ​ទៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចូលរួម​កិច្ចប្រជុំ​២ ដែល​ទី​១​គឺ​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េ និង​ទី​២ កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ដែល​គ្រោង​នឹងធ្វើ​នៅ​ទីក្រុង​ប៊ូសាន​នាពេល​ខាងមុខនេះ​។ ហើយ​តប​តាម​ការអញ្ជើញ​របស់លោក​បណ្ឌិត​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ កន់ យ៉ាង សម្ដេច​តេ​ជោ​បាន​ឲ្យ​រក​ពេលវេលា​ណា​សមស្រប​ដើម្បី​សម្ដេច​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ កន់​យ៉ាង នៃ​ប្រទេស​កូរ៉េ​នោះ​។ ហើយ​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​គម្រោង​ជួប​ជាមួយ​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅឯ​ប្រទេស​កូរ៉េ​នោះ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម