​គ្រប់​ជំរើ​សស្ថិតនៅលើ​តុ តែ​អ៊ីរ៉ង់​ព្រមាន​ថា​ការវាយប្រហារ​ណា​មួយ​នឹង​នាំ​អោយ​ផ្ទុះ​សង្គ្រាម​ពេញទំហឹង​

3477
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​អាល្លឺម៉ង់ បាន​និយាយថា «​រាល់​ជំរើស​ស្ថិតនៅ​លើ​តុ​» នៅក្នុង​ការឆ្លើយតប​នឹង​ការវាយប្រហារ​លើ​ទីតាំង​ប្រេង​នៃ​ប្រទេស​របស់​ទ្រង់ ដែល​ត្រូវ​​បាន​គេ​បន្ទោស​លើ​អ៊ីរ៉ង់​។​

​ព្រះអង្គម្ចាស់ ហ្វាយ​សា​ល់ ប៊ីន ហ្វា​ហាន អាល់​-​សោត បាន​បដិសេធ​មិន​ព្រម​ទាត់​ចោល​ការវាយប្រហារ​យោធា​លើ​អ៊ីរ៉ង់ ក្នុងការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​​អា​រ៉ាប៊ីសាអូឌីត ដែល​បាន​រាំងស្ទះ​ការផ្គត់ផ្គង់​ប្រេង​ពិភពលោក​។​

​តែ​លោក​បាន​និយាយ​បែប​ប្រយ័ត្នប្រយែង​ថា​«​អ្នក​ត្រូវ​តែ​ពិភាក្សា​អំពី​ការវាយប្រហារ​អោយបាន​ល្អ »​មុន​អនុវត្ត​វា​ចំពេល​មាន​ការព្រួយបារម្ភ​ថា​ការ​សងសឹក​ណាមួយ​អាច​បង្ក​ជា​​សង្គ្រាមលោកលើកទី​៣​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ដែល​បាន​ទៅ​ទស្សនកិច្ច​ព្រះរាជាណាចក្រ​នេះ បាន​និយាយថា​អា​រ៉ាប៊ីសាអូឌីត​មាន​សិទ្ធិ​ការពារ​ខ្លួនឯ​ងទល់​នឹង​ការវាយប្រហារ​ដូច្នេះ ​។​តែ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ បាន​ព្រមាន​ភ្លាម​ថា ការវាយប្រហារ​ណាមួយ​មិន​ថា​ដោយ​អា​រ៉ាប៊ីសាអូឌីត​និង​អាម៉េរិ​ក នឹង​នាំអោយ​ផ្ទុះ​សង្គ្រាម​ពេញទំហឹង​នៅ​មជ្ឈិម​បូព៌ា​។​

​លោក​រដ្ឋមន្ត្រី ចា​វ៉ាត ហ្សារី​ហ្វ បាន​និយាយថា «​ប្រជាជន​អ៊ីរ៉ង់​នឹង​មិន​រួញរា​ក្នង​ការការពារ​ទឹកដី​របស់​ខ្លួន ហើយ​នឹង​ប្រយុទ្ធ​ដល់​សល់​ទាហាន​អាម៉េរិក​ម្នាក់​ចុងក្រោយ ក្នុងករណី​​មាន​ការឈ្លានពាន​ណាមួយ​។​

​ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា អ៊ីរ៉ង់​មិន​សម្លឹង​រក​ការ​ធ្វើ​សង្គ្រាម​ណាមួយ​ហើយ​មានបំណង​វិល​ទៅរក​តុ​ចរចា បើ​អាម៉េរិក​ធ្វើ​តាម​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​ឆ្នាំ​២០១៥​ដែល​ប្រធានាធិបតី​ត្រាំ​បាន​ហែក​ចោល​កាលពី​ឆ្នាំមុន​។​

​បើ​តាម​ប្រភព​ព័ត៌មាន ក្រសួង​ការពារជាតិ​អាម៉េរិក​នៅ​ថ្ងៃ​សុក្រ​ទី​២០​កញ្ញា​នឹង​ដាក់ជូន​ប្រធានាធិបតី ត្រាំ នូវ​ជំរើស​មួយចំនួនធំ រួម​ទាំង​ជម្រើស​យោធា ដើម្បី​អោយ​លោក​ពិ​ចា​​រណា ជា​ការឆ្លើយតប​នឹង​អ្វី​ដែល​មន្ត្រី​អាម៉េរិក​និយាយថា ការវាយប្រហារ​ដែល​មិន​អាច​ទទួលយកបាន​ដោយ​អ៊ីរ៉ង់​លើ​ឧស្សាហកម្ម​ប្រេង​អា​រ៉ាប៊ីសាអូឌីត​។​

​វា​ក៏​អាច​មាន​ជំនួប​សន្តិសុខ​ជាតិ​មួយ​ដើម្បី​សំរេច​អំពី​ការឆ្លើយតប​ចំពោះ​ការវាយប្រហារ​លើ​សម្ពន្ធ​មិត្ត​សំខាន់​បំផុត​របស់​អាម៉េរិក​នៅ​មជ្ឈិមបូព៌ា​។​ការសំរេចចិត្ត​ណាមួយ​វា​អាស្រ័យ​​លើ​ពួក​អ្នក​ស៊ើបអង្កេត​អាម៉េរិក​និង​អា​រ៉ាប៊ីសាអូឌីត បង្ហាញ​ភស្តុតាង​ថា​តើ​សំណាក​ដ្រូ​ន​និង​កាំជ្រួច​បណ្តែត​ដែល​វាយប្រហារ​រោងចក្រ​ទាំងនោះ​មកពីណា​៕​ដោយ​៖​វាសនា​

ចម្លើយ​តប​របស់​អាម៉េរិក​រួម​មាន យោធា នយោបាយ​និង​សេដ្ឋកិច្ច ។​ត្រាំ​នឹង​ពិនិត្យមើល​ភស្តុតាង​ហើយ​នឹង​សំរេច​ចិត្ត​ចាត់វិធានការ​បន្ទាប់ តែ​ប្រមុខ​ការទូត​អ៊ីរ៉ង់​ព្រមាន​អំពី​​សង្គ្រាម​ពេញធឹង​បើ​ហ៊ាន​តែ​វាយប្រហារ​លើ​អ៊ីរ៉ង់​មិន​ថា​ចេញពី​អាម៉េរិក​ឬ​អា​រ៉ាប៊ីសាអូឌីត ទេ​