​ជើង​ខ្លាំង ៣ រូប លើស​ង្វៀន ព្រឹក​ថ្ងៃអាទិត្យ​

481
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ ព្រឹក​ថ្ងៃទី​២២ កញ្ញា ខាងមុខនេះ មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ចំនួន ៣ គូ ដែល​ក្នុងនោះ ២ គូ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ និង​មួយគូ​ជាមួយ អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់​។​

​យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ដែល​ហាត់​នៅ​ស្រុកថៃ ឈ្មោះ អា​មៀរ ហ្សា​ហ្វា​រៀន (Amir Jafarian) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​។ អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែរ​ទេ តែ​កំណត់ត្រា ប្រកួត​របស់គេ មិនជា​អាក្រក់​ដែរ​។​

យ៉ា​ម ខេមរា និង អា​មៀរ ហ្សា​ហ្វា​រៀន​

​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា យ៉ា​ម ខេមរា វិញ គេ​មិនសូវ​ជាមាន​ឈ្មោះ បោះ​សម្លេង​ទេ តែមួយ​រយៈ​នេះ គេ​ហាក់ដូចជា​ធ្វើ​ឲ្យ គេ​ចាប់អារម្មណ៍ ច្រើន​គួរសម​។ ខេមរា មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៦​ដង ឈ្នះ​៣៥​ដង និង ចាញ់​១១​ដង ។ ចំពោះ អា​មៀរ ហ្សា​ហ្វា​រៀន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១៥​ដង ឈ្នះ​១០​ដង និង​ចាញ់​៥​ដង​។ នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ ឆ្លងដែន​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ។ នរណា ជា​អ្នកឈ្នះ ?​។​

​ឡុង ជិន ក្លិប​ខ្លារខិន​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ ឃូ​ម សេន (Khum Sen) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។​ អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​នេះ​ទេ ហើយ​មិនមាន​នរណាម្នាក់ ដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​ដែរ ។ លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​អះអាងថា ពួកគេ​មាន​សមត្ថភាព ប្រហាក់ ប្រហែលគ្នា ល្មម​ប្រកួត​គ្នា បានល្អ​មើល ។

ឡុង ជិន និង ឃូ​ម សេន​

​​ឡុង ជិន មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦៣​ដង ចាញ់​១៦​ដង ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ឃូ​ម សេន វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៥៤​ដង ចាញ់​១១​ដង ។ ជំនួប​គ្នា​លើកដំបូង​បែបនេះ មិនដឹងថា នរណា ជួប​សំណាងល្អ​នោះឡើយ ។​

​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឈឿ ស៊ី​ង​ស៊ិ​រិ (Chhoer Singsiri) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ មិនដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​ឡើយ ។ ចំពោះ ប៊ុន​ធី វិញ គេ​បង្ហាញ​ពី​ភាពមិន​ខ្វល់ខ្វាយ​ថា ខ្លាំង ឬ​ខ្សោយ​នោះទេ សំខាន់​ឲ្យ​តែ​ទម្ងន់​ប៉ុនគ្នា គេ​វ៉ៃ​ទាំងអស់ ។​

​សូត្រ ប៊ុន​ធី និង ឈឿ​ស៊ី​ង​ស៊ិ​រិ​

​ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១១០​ដង ឈ្នះ​៨៤​ដង ចាញ់​២២​ដង ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ ឈឿ ស៊ី​ង​ស៊ិ​រិ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៧០​ដង ចាញ់​១១​ដង ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​ជំនួប​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ ឈុន ប្រាក់​កាក់ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ផុន សុខ​វិបុល ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ៕v

​អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

ទីតាំងផ្សាយពាណិជ្ជកម្ម