ដូ​ណា​ល់ ត្រាំ ជំរុញ​កងទ័ព​អាមេរិក​ឱ្យ​បង្កើត ” កម្លាំង​អវកាស​ថ្មី “

3738
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​មីនា​ថា លោក​ចង់ឱ្យ​កងទ័ព​អាមេរិក​បង្កើត​” កម្លាំង​​អវកាស​ថ្មី​” ដើម្បី​បន្ថែម​កម្លាំង​ទៅ​កងទ័ពជើងទឹក កងទ័ពជើងគោក​និង​កងទ័ពអាកាស នៅពេល​បច្ចុប្បន្ន​របស់​មន្ទីរ​បញ្ច​កោណ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយប្រាប់​កងទ័ព នៅ​មូលដ្ឋាន​កងទ័ពអាកាស​Miramar នៅ​ជិត​ទីក្រុង San Diego​សហរដ្ឋអាមេរិក ​ថា​ក្រុម​ថ្មី​នេះ​នឹង​ជា​កម្លាំង​កងទ័ព​ថ្មី​ដ៏​ខ្លាំង​បំផុត ហើយ​រដ្ឋាភិបាល កំពុង​ធ្វើឱ្យមាន​ភាពប្រសើរឡើង​នៅក្នុង​វិស័យ​ការពារជាតិ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​យុទ្ធសាស្ដ្រ​ជាតិ​ថ្មី​របស់ខ្ញុំ សម្រាប់​វិស័យ​យោធា បាន​ទទួលស្គាល់ថា​ត្រូវ​បង្កើន​សមត្ថភាព​កងទ័ព ​ទាំង កម្លាំង​អាកាស ជើងគោក និង​ជើង​ទឹក​”​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​មក លោក ដូ​ណា​ល់ ត្រាំ​បាន​សរសើរ​និង​ផ្តល់​ការគាំទ្រ​ចំពោះ​កងទ័ព​អាមេរិក​និង​បានតែងតាំង​ឧ​ត្ត​ម​​សេនីយ៍​ជាន់ខ្ពស់​ច្រើន​នាក់​នៅ​សេត​វិមាន​និង​តំណែង​គណៈរដ្ឋមន្ត្រី​។​

​កាលពី​ឆ្នាំមុន​ក្រុម​អ្នកតាក់តែង​ច្បាប់​មួយចំនួន បាន​ជំរុញឱ្យមាន​ការពិភាក្សា​លើ​សំណើ​ច្បាប់​មួយ​នៅ​សភា​ដែល​រួមទាំង​សំណើ​ច្បាប់​ស្តី​​ពី​ការបង្កើត​អង្គភាព​ទ័ព​ថ្មី មាន​ឈ្មោះថា​” អង្គភាព​ទ័ព​អវកាស​” នេះ ។​ប៉ុន្តែ ក្រុមមន្ត្រី​យោធា​ខ្លួនឯងបាន​ជំទាស់​ដោយ​និយាយថា វា​មិនចាំបាច់​បង្កើត​កម្លាំង​មួយ​ផ្សេងទៀត ពីព្រោះ​វា​នឹង​ជា​ការិយាធិបតេយ្យ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Jim Mattis បាន​ប្រាប់​សមាជិកសភា លោក Michael Turner នៅ​លិខិត​មួយ កាលពី​ខែកក្កដា ថា “​នៅពេលដែល​យើង​កំពុង​ព្យាយាម​ធ្វើ​សមាហរណកម្ម​មុខងារ​ប្រយុទ្ធ​គ្នា​រួមគ្នា​នោះ​​ខ្ញុំ​មិន​ចង់​បន្ថែម​សេវាកម្ម​ដាច់ដោយឡែក​ដែល​ទំនងជា​បង្ហាញ​វិធីសាស្ដ្រ​តូចចង្អៀត​និង​​ថែមទាំង​នាំឱ្យ​ប្រតិបត្តិការ នៅមានកម្រិត​នោះទេ ។

​លោក​បាន​បន្ថែមថា វា​នឹង​ឆាប់​ពេក​ក្នុងការ​បន្ថែម​កម្លាំង​ទ័ព​សម្រាប់​ក្រសួងការពារជាតិ​នៅពេល​​ដែល​ខ្ញុំ​ព្យាយាម​កាត់បន្ថយ​ការចំណាយ​លើ​វិស័យ​យោធា​នោះ​។​

​គំនិត​នេះ​នៅ​ទីបំផុត​ត្រូវបាន​ដកចេញ​ពី​កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​របស់​មន្ទីរ​ប​ញ្ច​កោណ​កាលពី​ចុង​ឆ្នាំមុន ប៉ុន្តែ វា​នៅតែមាន​ការគាំទ្រ​មួយចំនួន​នៅ​សភា​ដែល​ក្រុម​អ្នកតស៊ូ​មតិ​និយាយថា​​សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះជា​យុទ្ធសាស្ត្រ​ដោយ​ប្រឈមមុខ​នឹង​រុស្ស៊ី​និង​ចិន​​ដែល​អាច​រុញច្រាន​ទៅរក​សង្គ្រាម​៕​ដោយ​៖​សុខា​

ដូ​ណា​ល់ ត្រាំ ជំរុញ​កងទ័ព​អាមេរិក​ឱ្យ​បង្កើត​កម្លាំង​ថ្មី​គឺ អង្គភាព​ទ័ព​អវកាស