ឋានៈ​, ឋានានុក្រម​, បាវចនៈ​, បដិសេធ​, បដិលាភ​, បដិមា​, បដិភាគ​, ប្រតិវេទន៍​

1061
ចែករម្លែក

ឋានៈ –​ន៉ៈ បា​.; សំ​. ( ន​. ) (​ឋាន​; ស្ថាន​) ហេតុ​, ដំណើរ​, ទំនង : សេចក្ដី​នេះ​មាន ឋានៈ​គួរ​ឲ្យ​ជឿ​បាន ។ ងារ​, មុខងារ​, ថ្នាក់​ងារ​, ថ្នាក់​ស័ក្តិយស : លោក​មាន​ឋានៈ​ជា​អ្វី ? –​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​; គួរ​កុំ​ប្រកាន់​ឋានៈ​ពេក ។

​ឋានានុក្រម ឋា ន៉ា នុ ក្រំ បា​.; សំ​. ( ន​. ) (​ឋាន + អនុ​ក្កម > ឋា​នា​នុ​ក្កម​; ស្ថាន + អនុក្រម > ស្ថា​នា​នុ​ក្រម​) លំដាប់​ឬ​របៀប នៃ​ទី​, នៃ​ងារ​, នៃ​មុខងារ​, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើពាក្យ​នេះ​ជា​តំណែង​នៃ​សមណស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជា គណៈ តាម​លំដាប់​ចុះមក : និមន្ត​ព្រះ​ភិក្ខុសង្ឃ​រាជាគណៈ ឋានានុក្រម ២០​រូប​ចម្រើន ព្រះ​បរិត្ត ។

​បាវចនៈ ប៉ា​វ៉ៈ​ចៈ​ន៉ៈ បា​. ( ន​. ) (< បធាន + វចនៈ > បាវចនៈ​) ពាក្យ​ប្រធាន​,​ពាក្យ គោល​ចារឹក​, សម្ដី​ជា​សំអាង​ទុកជា​គោល​ប្រតិបត្តិ (​បាន​ដល់​ធម្ម​វិន័យ​, ព្រះ​ត្រៃបិដក​, ពុទ្ធវចនៈ​) ។ ជាតិ សាសនា ព្រះរាជ​បល្ល័ង្ក ក៏​ជា បាវចនៈ ឬ បាវចនា​របស់​ខ្មែរ​យើង តាំងពី​ក្នុង​បុរាណកាល​រៀងមក​ដល់​សម័យ​បច្ចុប្បន្ន ។

​បដិសេធ ប៉ៈ​ដិ​សែត បា​.; សំ​. ( កិ​. ) (​ប្រតិ​ឞេ​ធ​) ឃាត់​, ហាម​, លើកចោល​ឬ​ទាត់ ចោល​លែងយក​ជាការ​, លែង​រាប់អាន : បដិសេធ​ពាក្យ​, បដិសេធ​សេចក្ដី​, បដិសេធ រឿងហេតុ ។ បា​.; សំ​. ( ន​. ) (​បដិសេធ ឬ សេ​ធន​; ប្រតិ​ឞេ​ធ ឬ ប្រតិ​ឞេ​ធន​) ការឃាត់​, ការហាម​, ដំណើរ​លើកចោល ឬ​ទាត់ចោល​លែងយក​ជាការ​, លែង​រាប់អាន ។ ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ (​ម​. ព​. ទណ្ឌឃាដ ឬ ទណ្ឌឃាត​) ។

​បដិលាភ បា​. ឬ សំ​. ( ន​. ) លាភ​ដែល​បានមកពី​ប្រាក់​ដើមទុន​, កម្រៃ​ដែល​បានមកពី មុខរបរ​ផ្សេងៗ មាន​ផល​នៃ​ព្រះធរណី​ជាដើម : ពន្ធ​នៃ​បដិលាភ​, ត្រូវ​បង់អាករ​ប្រតិ លាភ​ថែមទៀត​, ឆ្នាំនេះ​ជីតា​ខ្ញុំ​បាន​ប្រតិលាភ​គ្រាន់បើ​ជាង​ឆ្នាំមុន (​បារ​. Revenus) ។

​បដិមា ប៉ៈ​ដិ​ម៉ា បា​.; សំ​. ( ន​. ) (​ប្រតិ​–) រូប​ប្រៀប​, រូបសំណាក​, រូប​ជា​តំណាង : ព្រះ​បដិមា ឬ ព្រះពុទ្ធ​ប្បដិមា (​ព្រះ​ពុទ្ធរូប​); ឥន្ទប្បដិមា រូបសំណាក​ប្រៀប​ដោយ រូប​ព្រះឥន្ទ្រ ។​ល​។

​បដិភាគ ប៉ៈ​ដិ​ភាគ បា​.; សំ​. ( ន​. ) (​ប្រតិភាគ​) ចំណែក​ប្រៀបធៀប​, ដំណើរ​ប្រដូច​, ដំណើរ​ដូចគ្នា ។ បដិភាគនិមិត្ត (​ប៉ៈ​ដិ​ភា​គៈ​និមិត​) និមិត្ត​ដែល​ប្រាកដ​ដូច​ភាព​ដើម គឺ​ការ​ឃើញ​អ្វីៗ​ដរាប​ដល់​កើត​អារម្មណ៍​ស៊ប់​ជាប់​ភ្នែក ធ្មេចភ្នែក​ក៏​ឃើញច្បាស់​ប្រាកដ ដូចគ្នា​នឹង​បើកភ្នែក​មើល (​ព​. ពុ​. ច្រើន​ប្រើ​ខាង​ការ​ចម្រើន​សមថកម្មដ្ឋាន​) ។

​ប្រតិវេទន៍ ប្រតិវេត សំ​.; បា​. ( ន​. ) (​ប្រតិវេទន​; ប​ដិ​វេទ​ន​) ការពិត​ទូល​, ការ​ក្រាប បង្គំ​ទូល​, ការ​ជម្រាប : ត្រូវធ្វើ​ប្រតិវេទន៍​សិន ទើប​អាច​ចូល​បាន ។ សេចក្ដីប្រកាស ប្រាប់​; ដំណឹង​ជា​លាយលក្ខណ៍អក្សរ​, បណ្ដឹង : ប្រទេស​នេះ​បានធ្វើ​ប្រតិវេទន៍​ហើយ​ថា ខ្លួន​នឹងមិន​ធ្វើសង្គ្រាម​ជាមួយនឹង​ប្រទេស​នោះទេ​; ភ្នាក់ងាររាជការ​ទាំង​ឡាយ​លុះត្រា តែមាន​ប្រតិវេទន៍​នៃ​បន្ទុកគ្រួសារ ទើប​អាច​បើកប្រាក់​បំណាច់​គ្រួសារ​កូន​បាន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ