អាជ្ញាធរ​គ្រោង​ដាក់​ព្រៃ​អភិរក្ស​ជាប់​តំបន់​បឹង​ធំ​ស្រុក​កងមាស​ជា​កន្លែង​អេកូ​ទេសចរណ៍​

892
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: អាជ្ញាធរ​ស្រុក​កងមាស គ្រោង​បង្កើត​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ លើ​ផ្ទៃ​បឹង​ចំនួន ៣៦ កន្លែង នៃ​ព្រៃ​អភិរក្ស​ស្ថិតក្នុង​សហគមន៍​នេសាទ​ឃុំ​រកា​គយ ជាប់​តំបន់​បឹង​ធំ​ទំនប់​រលំ​ពោធិ គឺ​តំបន់​នេះ​ជា​តំបន់​ព្រៃ​លិច​ទឹក​ដ៏​មាន​សក្តានុពល អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មកលេង​កម្សាន្ត​ទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា​បាន នៅពេល​មាន​ប្រព័ន្ធ​ផ្លូវ​សុវត្ថិភាព​ទៅកាន់​ទីនោះ​។​

​លោក ម៉ៅ សារឿន មេឃុំ​រកា​គយ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៤ ខែកញ្ញា​នេះ​ថា ការដែល​យើង​គ្រោង​បង្កើត​ព្រៃ​លិច​ទឹកជា​តំបន់​អភិរក្ស​ស្រាប់​ទំហំ ២៣១​ហិកតា គឺ​ទីនោះ​ជា​តំបន់​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​។ ដោយ​ភ្ញៀវ​អាច​អញ្ជើញ​ទស្សនា​នៅ​រដូវ​ទឹក​ឡើង​នេះ​សត្វ​ជ្រឹង សត្វ​ស្វា និង​ពពួក​ស្វ​ត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផ្សេងទៀត ដែល​បាន​ទុំ និង​រស់​នៅលើ​ដើម​រុក្ខជាតិ​ចម្រុះ​ក្នុង​បឹង គ្រប​បាយ បឹង​ផ្សោត បឹង​គោល បឹង​ព្រលិត …​។​ល​។ ក្នុងចំណោម​បឹង​សរុប​ចំនួន ៣៦ កន្លែង​ជាប់​នឹង​បឹង​ធំ​។​

​លោក​មេឃុំ​បាន​លើកឡើងថា នៅ​រដូវប្រាំង​ពពួកសត្វ​ក៏​មិន​ចាកចេញ​ទៅណា​ឆ្ងាយ​ពី​ទ្រនំ​ខាងលើ​ដែរ បើទោះជា​ទឹក​បឹង​មួយចំនួន​បាន​រីងស្ងួត​ក៏ដោយ​។ ពិសេស​នៅពេល​បច្ចុប្បន្ន​នៅ​រដូវប្រាំង​ទឹក​ស្រក​យើង​មាន​ផ្លូវ​ជា​ទំនប់​រលំ​ពោធិ​ចម្ងាយ​ជាង ពីរ គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​៧ និង​ផ្លូវជាតិ​លេខ​៧០ ក្នុង​ព្រៃឈរ ឆ្ពោះ​មកកាន់​ភូមិ​កំពង់​សំណាញ់ គឺអាច​មកដល់​តំបន់​អភិរក្ស​ឃុំ​រកា​គយ​នោះ​ហើយ​។​

​លោក សារឿន បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គម្រោង​នេះ​យើង​បាន​លើកសំណើ​សាងសង់​ទំនប់​ជា​ប្រព័ន្ធ​ធារ៉ា​សាស្ត្រ​ចំនួន​ពីរ​កន្លែង​ទៀត​ប្រវែង​សរុប​ប្រហែល​ជិត​៥.០០០​ម៉ែត្រ​។ មួយកន្លែង​ពី​ទំនប់​រលំ​ពោធិ​ឆ្ពោះ​មក​ទួល​រកា​ប្រវែង ២.៥០០ ម៉ែត្រ និង​មួយកន្លែង​ទៀត​ប្រវែង ២.៣៧៥​ម៉ែត្រ​ខាង​ភូមិ​ពង្រ និង​ភូមិ​ថ្មី​«​ខ​» ឃុំ​រកា​គយ ស្រុក​កងមាស​។​

​លោក​បាន​បន្តថា សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ពិសេស​សហភាព​អឺរ៉ុប អង្គការ​សាវ និង​មិត្ត​ភក្តី​ជា​អង្គការ​ដៃគូ​នានា​ចូលរួម​សហការ​គាំទ្រ​គម្រោង​នេះ ដើម្បី​ប្រែក្លាយ​ព្រៃ​បឹង​អភិរក្ស​មួយ​នេះ​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅពេល​អនាគត​។​

​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បានបង្ហាញ​ឲ្យ​ដឹង​ដែរ​ថា នេះ​គម្រោង​សម្រាប់​ចក្ខុវិស័យ​លើ​វិស័យ​ទេសចរណ៍​របស់​យើង ដើម្បី​អន្ទង​ភ្ញៀវទេសចរ​ឲ្យ​មកលេង​កម្សាន្ត នៅ​តំបន់​ព្រៃ​លិច​ទឹក​បំណង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។ ប៉ុន្តែ​សង្ឃឹមថា នឹងមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ប្រកបដោយ​ផ្លែផ្កា​។​

​លោក អ៊ុក ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ចាម​បាន​ឲ្យ​ដឹងថា ខាង​លោក​សូម​ចូលរួម​គាំទ្រ​នូវ​គំនិត​បង្កើត​តំបន់​អេកូ​ទេសចរណ៍ នៅ​តំបន់​អភិរក្ស​សហគមន៍​នេសាទ​ឃុំ​រកា​គយ ស្រុក​កងមាស​។ ប្រសិនបើ​គម្រោង​នេះ​បានសម្រេច​នោះ គឺ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជុំវិញ​តំបន់​អភិរក្ស​នឹងមាន​ការងារ​ធ្វើ​មាន​ចំណូល​ពី​ភ្ញៀវទេសចរ ជិះទូក កាណូត​កម្សាន្ត​ទស្សនា​សត្វ តាម​ព្រៃ​បឹង​អភិរក្ស​ទាំងនោះ​។​

​គួរ​បញ្ជាក់ថា ក្រោយពី​រាជរដ្ឋាភិបាល​សម្រេច​រំ​លាយ​ឡូត៍​នេសាទ​កាលពី​ទសវត្សរ៍​ឆ្នាំ​២០០០ ផ្ទៃ​បឹង​ចំនួន ៣៦ កន្លែង​របស់​ឃុំ​រកា​គយ ស្រុក​កងមាស​មាន​ទំហំ​សរុប​ជិត ២.០០០​ហិកតា​។ ប៉ុន្តែ​ដីព្រៃ​បឹង​ប្រមាណ​ជាង ១០០ ហិកតា​បាន​រង​កាប់​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ ដើម្បី​ដាំ​ដំណាំ​របស់​ជា​ពលរដ្ឋ​។​

​កាលនោះ​លោក ហ៊ុន ណេង នៅ​ជា​អភិបាលខេត្ត​កំពង់ចាម បានចេញ​ដីកា​បង្គាប់​ឲ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ អាជ្ញាធរ​ដកហូត​ដី​ទាំងនោះ​ត្រឡប់មកវិញ ហើយ​បាន​ចលនា​ប្រជាពលរដ្ឋ​ដាំ​ដុះ​ព្រៃ​លិច​ទឹក​នោះ​ឡើងវិញ និង​បានសម្រេច​ដាក់​ផ្ទៃដី​បឹង​ទំហំ ២៣១ ហិកតា កំណត់​ជា​តំបន់​ព្រៃ​អភិរក្ស​ដោយ​បោះបង្គោល​ព្រំ​ចំនួន ១៧៣ បង្គោល​៕ ល​