​ពលរដ្ឋ​ឡាវ​ក្នុង​ខេត្ត​ចម្ប៉ា​សាក់​ក៏​បានមក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តព្រះវិហារ​

1681
ចែករម្លែក

(​ព្រះវិហារ​)៖​អភិបាលខេត្ត​ព្រះវិហារ​”​ពលរដ្ឋ​ឡាវ​ក្នុង​ខេត្ត​ចម្ប៉ា​សាក់​កន្លងមក​មាន​ចំនួន​ប្រមាណ​៤៥០​នាក់​ក៏បាន​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​និង​ម​ណ្ឌុ​ល​សុខភាព​នានា​ក្នុង​ខេត្តព្រះវិហារ​ដែរ​”​។​

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​បែបនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​លោក​រួមជាមួយ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា បាន​លើកឡើងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ ក្នុងឱកាស​ដែល​លោក​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ទៅ​ខេត្ត​ចម្ប៉ា​សាក់ សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​ចម្ប៉ា​សាក់​។

ក្នុងឱកាស​នោះ លោក​បាន​ជម្រាបជូន​លោក​អភិបាលខេត្ត​ចម្ប៉ា​សាក់​ថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ ប្រជាពលរដ្ឋ​ឡាវ ខេត្ត​ចម្ប៉ា​សាក់ បានមក​ទទួល​ការ​ពិ​ត្យ​ព្យាបាល​ជម្ងឺ នៅតាម​មន្ទីរពេទ្យ និង​ម​ណ្ឌុ​ល​សុខភាព​នានា​ក្នុង​ខេត្តព្រះវិហារ​ប្រមាណ​៤៥០​នាក់​។​

​លោក​បញ្ជាក់ថា​”​ការដែល​ប្រជាពលរដ្ឋ​ឡាវ​មក​ទទួល​ការពិនិត្យ​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ខ្មែរ​យើង​ក៏​ព្រោះតែ​គេ​មាន​ភាពជឿជាក់​លើ​ការផ្តល់សេវា និង​គុណភាព​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ខ្មែរ​យើង ពិសេស​ក្រុមគ្រូពេទ្យ​នៅ​ខេត្តព្រះវិហារ​យើង​តែម្តង​”​។ ករណីនេះ​លោក​អភិបាលខេត្ត ក៏បាន​ធ្វើការ​ជម្រុញ​ឲ្យ​ក្រុមគ្រូពេទ្យ​យើង​ត្រូវតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​អក​ប្ប​កិរិយា ពាក្យសំដី ចំពោះ​អ្នកជំងឺ​។

យើង​ត្រូវ​ធ្វើយ៉ាងណា ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកជំងឺ​ដែល​មក​ទទួល​ការព្យាបាល​ពី​យើង ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​លោក​មាន​ភាពជឿជាក់ មកលើ​សេវា​សុខាភិបាល ដែល​ម្រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឋានៈ​ជា​ជា​យក​រដ្ឋមន្ត្រី បានចាត់ទុក​វិស័យនេះ ជា​វិ​ស​យ័​អាទិភាព​។​

​ដោយឡែក​លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​បង្ហាញថា មន្ទីរ​សុខាភិបាល​ខេត្ត មាន​មន្ត្រី​ក្របខ័ណ្ឌ​សុខាភិបាល​សរុប​៤៩៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​២០១​នាក់ បុគ្គលិក​កិច្ចសន្យា​ចំនួន​១៧​នាក់ ស្ត្រី​៨​នាក់​ផងដែរ​។​

​លោក​បន្តទៀតថា​ខេត្តព្រះវិហារ​មាន​មន្ទីរពេទ្យបង្អែក​មួយ​ឈ្មោះថា​មន្ទីរពេទ្យបង្អែក​១៦​មក​ដែល​កំពុងផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កំរិត​៣ និង​ស្រុក​ប្រតិបត្តិ​មួយ ដែលមាន​ឈ្មោះថា ស្រុក​ប្រតិបត្តិ​ត្បែងមានជ័យ ដែលមាន​ម​ណ្ឌុ​ល​សុខភាព​២៨ និង​ប៉ុស្តិ៍​សុខភាព​ចំនួន​១៧ ដែល​កំពុងផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ពិសេស​នៅតាម​តំបន់​ដាច់​ស្រ​យ៉ា​ល និង​តាម​ព្រំដែន​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​ពលរដ្ឋ​ឡាវ​ក្នុង​ខេត្ត​ចម្ប៉ា​សាក់​ក៏​បានមក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តព្រះវិហារ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ