អូឌីបើកលឿនពេកបត់មិនទាន់ក៏បើកទម្លុះរបងអង់តែនស្ថានីយ ទូរទស្សន៍ជាតិធ្លាយចូលក្នុង

449
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកអូឌី A7មួយគ្រឿង បើកបោះពួយយ៉ាងលឿន ខណៈដល់ផ្លូវកោងបត់មិនទាន់ ជ្រុលចង្កូតបុក ទម្លុះរបងអង់តែនស្ថានីយទូរទស្សន៍ជាតិធ្លាយពីម្ខាងទៅម្ខាងទៀតខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ​គេឃើញរថយន្ត​ស៊េរីទំនើបម៉ាកអូឌីA7ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BA-8792 ធ្វើដំណើរទិសដៅពីកើតទៅលិចលឿនដូចហោះ។ ខណៈមកដល់ចំណុច​កើតហេតុខាងលើដែលជាចំណុចផ្លូវកោង ហើយបត់ចង្កូតមិនទាន់ជ្រុលទៅបុក​របងអង់តែនស្ថានីយទូរទស្សន៍ជាតិ កម្ពុជា ពេញទំហឹងបណ្តាលឲ្យធ្លាយ ពីម្ខាងទៅម្ខាង​រថយន្តបង្កចូលទៅក្នុងផ្ទប់និងជើងជ្រែញបង្គោល​អង់តែន​ទៅមុខលែងរួច ហើយពេលនោះម្ចាស់រថយន្តមានការ លាក់បាំង​ដោយយក​ក្តារបន្ទះមកបាំងការពារអ្នកសាព័ត៌មានមិនឲ្យផ្តិតយករូបភាពសព្វផ្សាយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ចំណុចកើតហេតុ​ដោយមានតំណាងខាភាគីរថយន្តបង្កបានចុះមកដល់និងធ្វើការសម្របសម្រួលជាមួយខាងភាគីម្ចាស់របងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម