បារាំង​និង​អង់គ្លេស​សុំអោយ​ប្រធានាធិបតី​អ៊ីរ៉ង់​ជួបពិភាក្សា​ជាមួយ​ត្រាំ តែ​អ៊ីរ៉ង់​ថា​ទាល់តែ​ដក​ទណ្ឌកម្ម​សិន​

5764
ចែករម្លែក

​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​កញ្ញា​ថា វា​នឹង​ជា​ឱកាស​បាត់បង់​ប្រសិន​បើ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន រ៉ូ​ហានី​​ចាកចេញ​ពី​អាម៉េរិក​ដោយ​គ្មាន​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ។​

​ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បូរី​ស ច​ន​សុន ដែល​បាន​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​បារាំង បាន​និយាយថា​«​ខ្ញុំ​យល់​ស្រប​ជាមួយ​លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង​»​។​

​សូមបញ្ជាក់​ថា​ពួក​មេដឹកនាំ​ពិភពលោក​កំពុងស្ថិត​នៅ​ទីក្រុង​ញូវយ៉ក​ដើម្បី​ចូលរួម​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​។​

​សហរដ្ឋ​អាម៉េរិក​កាលពី​ឆ្នាំមុន​បាន​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​និង​ចាប់តាំងពី​ពេលនោះ​មក​បាន​បង្កើន​សម្ពាធ​ទណ្ឌកម្ម​សេដ្ឋ​​កិច្ច​លើ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ ក្នុង​កិច្ចខិតខំ​មួយ​ដើម្បី​បង្ខំ​អោយ​អ៊ីរ៉ង់​ទប់​កម្មវិធី​នុយគ្លេអ៊ែរ​របស់​ខ្លួន​បន្ថែ​ម ព្រម​ទាំង​កម្មវិធី​កាំជ្រួច​របស់​ប្រទេស​នេះ​និង​សកម្មភាព​ក្នុង​​តំបន់​។​

​តាំងពី​មុន​មក អ៊ីរ៉ង់​បាន​ច្រាន​ចោល​ការ​អង្គុយ​ពិភាក្សា​ជាមួយ​អាម៉េរិក បើសិនជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​វិល​ទៅ​គោរព​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ មានន័យថា​​អាម៉េរិក​ត្រូវ​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​ខ្លួន​លើ​អ៊ីរ៉ង់​បើសិនជា​ចង់​ចរចា​។​តែ​លោក​ត្រាំ​កាលពី​ថ្ងៃ​អង្គារ​បានបញ្ជាក់​ថា ទណ្ធកម្ម​នឹង​រឹតតែ​បង្កើន​ថែម​។​

​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​បញ្ជាក់​ឡើងវិញ​ថា លោក​មិន​បាន​គិត​អំពី​ការជួបពិភាក្សា​ជា​​មួយ​ប្រធានាធិបតី​អាម៉េរិក​ទេ ដរាបណា​ទណ្ឌកម្ម​នៅតែ​ដាក់​លើ​ប្រទេស​លោក​។​

​លោក​រ៉ូ​ហានី​បាន​និយាយថា លោក​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង ដែល​ចង់​សុំ​សម្របសម្រួល​អោយមាន​ជំនួប​រវាង​លោក​និង​លោក​ត្រាំ តែ​លោក​ថា​នឹងមិន​​មាន​ការចរចា​ទេ ដរាបណា​ទណ្ឌកម្ម​នៅ​ជា​ធរមាន​ពីព្រោះ​«​អត់​មាន​នរណា​ដឹង​ថា​អាម៉េរិក​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃស្អែក​»​។​

​ក្នុងការ​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​២៤​កញ្ញា លោក​ត្រាំ​បាន​អំពាវនាវ​អោយ​មេដឹកនាំ​ពិភពលោក​ចូលរួម​ជាមួយ​អាម៉េរិក​ក្នុងការ​ធ្វើ​អោយ​អ៊ីរ៉ង់​កាន់តែ​ឯកោ រួម​មាន​ការប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​គាប​អោយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បោះបង់ចោលក​ម្ម​វិធី​នុយគ្លេអ៊ែ​រ និង​ឈប់​វាយប្រហារ​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​៕​ដោយ​៖​វាសនា​

​ប្រធានាធិបតី​អ៊ីរ៉ង់ ជួបប្រជុំ​ជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន​នៅក្រៅ​សន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​២៤​កញ្ញា​

​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ