​បើករថយន្ត​មក​ឈប់​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះសង្ឃ​រួច​បាញ់​២​គ្រាប់​បង្ក​ភ័យខ្លាច​

323
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​មាន​ហេតុការណ៍​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​មួយ​បានកើត​ឡើង​បង្ក​ការភ្ញាក់ផ្អើល​។​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​នៅជាប់​របង​មន្ទី​ពេទ្យ​ព្រះកុសុមៈ​(​ហៅ​ពេទ្យ​លោកសង្ឃ​)​ក្នុង​សង្កាត់​ទឹកល្អក់​២​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​២​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ម្នាក់​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​ពណ៌​ស្ក​មិន​ចាំ​ស្លាក​លេខ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦៥​។​ខណៈ​មកដល់​ខាងក្រោយ​មន្ទី​ពេទ្យ​លោកសង្ឃ​ស្រាប់តែ​ដក​កាំភ្លើង​បាញ់​មេឃ​ចំនួន​១​គ្រាប់​ហើយ​រំលង​បាន​ប្រហែលជា​១០០​ម៉ែត្រ​ក៏បាន​បាញ់​ចំនួន​១​គ្រាប់​ទៀត​រួចហើយ​ក៏បាន​បើករថយន្ត​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ ។​

​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​កណ្ដាល​ក្រុង​ទាំងយប់​អធ្រាត្រ​នេះ​គឺ​មិនមាន​អ្នកដឹង​ពី​មូលហេតុ​បណ្ដាលមកពី​អ្វី​នោះទេ​។​បន្ទាប់​ក្រោយមក​ក៏មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​ហើយ​យក​សំបក​គ្រាប់​នោះ​ទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕S/​