អង្គការ​WCS​អនុវត្ត​គម្រោង​ដាំ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នៅ​ដែន​ជម្រក​គូលែន​ព្រហ្ម​ទេព​

1114
ចែករម្លែក

(​ព្រះវិហារ​)៖ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​បាន​ចុះ​ពិនិត្យ​ស្ថានភាព នៃ​ការអនុវត្តន៍​គម្រោង​ដាំ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ របស់​អង្គការ​WCS ស្ថិតនៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហា កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧ ដែល​គម្រោង​​នេះ WCS​នឹង​ទទួល​ទិញ​ផល​ស្រូវ​ក្នុងតម្លៃ​ខ្ពស់ ។​
​ ​
​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ ខែកក្កដា​ឆ្នាំ​២០១៧​ថា គម្រោង​ដាំ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​​ព្រៃ​គូលែន​ព្រហ្ម​ទេព បង្កើតឡើង​ដោយ​អង្គការ​WCS​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ជីវភាព​របស់​ប្រជា​សហគមន៍ នឹង​ទប់ស្កាត់​ការ​​ទន្ទ្រាន​ដីព្រៃ​មិន​ឲ្យ​ប្រជា​សហគមន៍​រុករាន​ចូលក្នុង​ដែនជម្រកសត្វព្រៃ​ទៀតផង ។​
​ ​
​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ចុះ​ពិនិត្យ​ស្ថានភាព​គម្រោង​ដាំ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ របស់​អង្គការ​WCS រួមទាំង​បាន​សួរសុខទុក្ខ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ​នេះ​ផងដែរ ។​
​ ​
​លោក អនុរដ្ឋលេខាធិការ​បា​ន​ឲ្យ​ដឹងថា គម្រោង​ដាំ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នេះ ធ្វើ​សកម្មភាព​ដោយ​សហគមន៍​ក្នុងភូមិ​ត្មាត​ប៉ើយ ដាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ មិន​ប្រើ​ថ្នាំពុល​គីមី ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ និង​ការ​បរបាញ់​សត្វព្រៃ ។ នៅពេល​ប្រជា​សហគមន៍ ​ប្រមូល​ផល​ពី​ការដាំ​ស្រូវ​នេះ គឺ​ពួកគាត់​អាច​លក់​ស្រូវ​មក​ឲ្យ​គម្រោង ដោយ​ទទួលបាន​តម្លៃ​ខ្ពស់ ។​
​ ​
​លោក អ៊ាង​សុផល្លែត​បាន​បន្តថា គម្រោង​របស់​អង្គការ​WCS​នេះ គឺ​ដើម្បី​ចូលរួម​អភិរក្ស​ពពួកសត្វ​ត្រ​យ៉ង​យក្ស ដែល​កំពុង​ជិត​ផុត​ពូជ ​នឹង​កំពុង​ទទួលរង​ការគំរាមកំហែង ។ លោក​ក៏ បាន​ថ្លែង​ការកោតសរសើរ​នឹង​វាយតំ​លៃ​ខ្ពស់​ចំពោះ​គម្រោង​ដាំ​ស្រូវ​មិត្តភាព​សង្គ្រោះ​​សត្វព្រៃ​របស់​អង្គការ​WCS ដោយបាន​ចាត់ទុកថា នេះ​ជា​គំរូ​មួយ​រួមចំណែក​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ការពារ​ធន​​ធាន​ធម្មជាតិ នឹង​អភិរក្ស​ជីវៈចម្រុះ ៕ ​​ដោយ ៖សម្បត្តិ​កញ្ញា​

លោក អ៊ាង​សុផល្លែត​ថតរូប​អនុស្សាវរីយ​ជាមួយ​មន្ត្រី​ឩ​ទ្យា​នុ​រក្ស​

ទីតាំងផ្សាយពាណិជ្ជកម្ម