​ផ្លូវ​បេតុង​៨​គីឡូម៉ែត្រ​ពី​គល់ស្ពាន​កោះកុង​ទៅ​ព្រំដែន​ចាំ​យាម​ផ្តើម​ដំណើរការ​ហើយ​

1970
ចែករម្លែក

​ដោយ​៖​សុ​ផានី​តា​
​កោះកុង​/៖​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកោះកុង បា​នប​ញ្ចូ​ន​គ្រឿងចក្រ អនុវត្ត​ជួសជុល​កែលម្អ​កំណាត់​ផ្លូវ​បេតុង ប្រវែង ៨ គីឡូម៉ែត្រ ពី​គល់ស្ពាន​កោះកុង​ត្រើយ​ខាងលិច​ឆ្ពោះទៅ​ព្រំដែន​អន្តរជាតិ​ចាំ​យាម​ស្រុក​មណ្ឌលសីមា​គឺ​ផ្តើម​ដំណើរការ​លេច​ជា​រូបរាង​ហើយ​។ ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​គមនាគមន៍​ដែលមាន​ស្រេច នៅ​ដើមឆ្នាំ​២០១៨​នេះ អនុវត្ត​ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បាន​ទិញយក​ស្ពាន និង​ផ្លូវ​បេតុង​កោះកុង ពី​ក្រុមហ៊ុន LYP របស់​ឧកញ៉ា លី យ៉ុង​ផាត់ មក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ដូច​តាម​ការគ្រោងទុក នៅ​ខែមីនា​ឆ្នាំ​២០១៨ ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ខេត្តកោះកុង និង​ក្រុមហ៊ុន​អនុវត្ត​ម៉ៅការ​ស្ថាបនា ផ្តើម​បញ្ជា​គ្រឿងចក្រ​អារ ផ្លូវ​បេតុង ដែល​ស្ថានភាព​បាក់បែក​ចាស់​ទ្រុឌទ្រោម​ចេញ ដោយ​ជំនួស​នូវ​ការចាក់​បេតុង​ថ្មី​វិញ​។ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​លោក អន ដា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​មីនា​នេះ​ថា សកម្មភាព​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​បេតុង ប្រវែង​ជាង ៨ គីឡូម៉ែត្រ ផ្តើមចេញពី​គល់ស្ពាន​កោះកុង រហូតដល់​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម ស្រុក​មណ្ឌលសីមា នៅពេលនេះ ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទម្លាក់​ថវិកាជាតិ​អភិវឌ្ឍន៍​ថែទាំ​ផ្លូវ ឱ្យមាន​គុណភាព និង​សុវត្ថិភាព​ធ្វើដំណើរ ពិសេស​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ផ្សេងៗ​តាម​ដងផ្លូវ​។​

​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត បានឱ្យដឹង​ទៀតថា គម្រោង​ជួសជុល​បេតុង ប្រវែង​ជាង ៨ គីឡូម៉ែត្រ​នេះ អនុវត្ត​ចាប់ពី​ខែមីនា ឱ្យ​រួចរាល់​ជា​ស្ថាពរ ឱ្យបាន​មុន​រដូវវស្សា ចូលមក​ដល់​។ ការចាក់​បេតុង ភ្ជាប់​ជាមួយនឹង​ឆ្អឹង​ដៃ​ថ្មី មាន​កម្រាស់ ២​តឹក បើ​ធៀប​នឹង​កម្រាស់​បេតុង បច្ចុប្បន្ន តំបន់​ខ្លះ មាន​កម្រាស់​១​តឹក​កន្លះ ឬ​១​តឹក​៣​ហ៊ុន​។

​គម្រោង​កែលម្អ​ផ្លូវ​បេតុង​ខាងលើ ត្រូវបាន​លោក សឿន ប៊ុនធឿន និង​អ្នកស្រី រស់ ធីតា ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និង​រស់នៅ​សងខាង​ផ្លូវ សុទ្ធតែ​បង្ហាញ​ការ​សាទរ ចំពោះ​ការយកចិត្ត​ដាក់ ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​។ ដោយ​សព្វថ្ងៃនេះ ស្ថានភាព​ផ្លូវ​បេតុង​នេះ មាន​ជង្ហុក​ដាច់ៗ តាម​តំបន់ ដែលនាំឱ្យ​លំបាក​ធ្វើដំណើរ​ទៅមក ជួន​ពេលខ្លះ មាន​ជួប​គ្រោះថ្នាក់​ទៀតផង​ដែរ ដោយសារតែ​ផ្លូវ​ពុំមាន​សុវត្ថិ​ភាពល្អ​។​

​បន្ថែម​លើ​នេះ ពលរដ្ឋ​ក៏​ស្នើ​ដល់​រដ្ឋបាលខេត្ត និង​មន្ទីរ​សាធារណការ ជួយ​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​ស្លាក​សញ្ញា​សម្គាល់​ផ្សេង​ថែមទៀត ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ការបើកបរ​ពេលយប់​ង​ងឹ​ត​។ ម្យ៉ាងវិញទៀត នៅពេល​មាន​ផ្លូវ​បេតុង​នេះ ជួសជុល​កែលម្អ​ស្អាត​ល្អ​ហើយ មេត្តា​កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ឬ​ដឹកជញ្ជូន​ទំនិញ​លើស​កំណត់ ដែល​វា​អាចធ្វើ​បេតុង ដែល​ទើប​ធ្វើ​រួច រង​ការខូចខាត​វិញ​។​

​គួររម្លឹកថា រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ បានសម្រេច​ទិញយក​ស្ពាន​កោះកុង និង​ផ្លូវ​ប្រវែង​ជាង ៨ គីឡូ​ម្រ៉ែ​ត ពី​ការវិនិយោគ​របស់​ក្រម​ហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុង​ផាត់ មក​គ្រប់គ្រង​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ ដើម្បី​កាត់បន្ថយ​ការចំណាយ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ទៅមក​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម​៕S/

​ផ្លូវ​បេតុង​៨​គីឡូម៉ែត្រ​ពី​គល់ស្ពាន​កោះកុង​ទៅ​ព្រំដែន​ចាំ​យាម​ផ្តើម​ដំណើរការ​ហើយ​