កាយ​សំរាម​ចេញពី​ប្រឡាយ​បឹងត្របែក​បាន​៤០​ភាគរយ​ហើយ​

1774
ចែករម្លែក

​​ដោយៈ​រ៉ា​ម៉ន​
​ភ្នំពេញ​/៖​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​បឹងត្របែក​ឬ​ប្រឡាយ​លេខ​១០៥​ជា​ប្រឡាយ​ដ៏​ធំ​មួយ​ខ្សែ​ដែលមាន​សារសំខាន់​ក្នុងការ​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​នោះ​ប្រឡាយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សងខាង​មាត់​ប្រឡាយ​យក​សំរាម​មក​បោះ​ចូលទៅក្នុង​ប្រឡាយ​បង្ក​ឲ្យ​កកស្ទះ​ណែនណាន់តាន់តាប់​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ចរន្តទឹក​ហូរ​ពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ​និង​សោភ័ណភាព​ទីក្រុង​ភ្នំពេញ ។​

​មន្ត្រី​មូលដ្ឋាន​និយាយថា​សំរាម​ដែល​នៅ​ពាសពេញ​ផ្ទៃ​ប្រឡាយ​នេះ​ដោយសារតែ​បងប្អូន​ពលរដ្ឋ​យើង​តែង​នាំគ្នា​យក​សំរាម​ទៅ​ចោល​ក្នុង​ប្រឡាយ​លូបង្ហូរទឹក​នោះ​ជា​បន្តបន្ទាប់​រហូត បើទោះបីជា​អាជ្ញាធរ​ព្យាយាម​ពន្យល់​ណែនាំ យ៉ាងណាក្តី​ក៏​មិន​គោរព​តាម​ដែរ​។​

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​១៤​ខែមីនា​នេះ​ថា ដោយ​មើលឃើញ​ពី​បញ្ហា​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ផងដែរ។

​មកដល់ពេលនេះ សកម្មភាព​នៃ​ការកាយ​ស្តារ​ប្រឡាយ​ខាងលើ បាន​ចំនួន​ពីរ​សប្តាហ៍​ហើយ​ស្មើនឹង​៤០​ភាគរយ ដោយ​រុញ​សំរាម​ទាំងអស់​ទៅ​ក្រោម​ទើប​ធ្វើ​សកម្មភាព​កាយ​និង​កើប​យកចេញ ហើយ​កិច្ចការងារ​នេះ​គ្រោង​នឹង​បញ្ចប់​នេះ នៅ​ពីរ​សប្តាហ៍​ទៀត​។​
​ ​
លោក ដួង ចាន់​សារ៉ាត់ ប្រធាន​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ថា តាម​ការណែនាំ​ពី​ប្រធាន​មន្ទីរ ក្រុមការងារ​របស់លោក​បានដាក់​គ្រឿងចក្រ​ចុះ​កាយ​ប្រឡាយ​នេះ​ភ្លាមៗ ។

លោក​បន្តថា ការកាយ​សំរាម​នៅ​ប្រឡាយ​បឹងត្របែក​លើផ្លូវ​១០៥​នេះ​ពិត​ជាមាន​ភាពយឺតយ៉ាវ​បន្តិច​ដោយសារតែ​ផ្លូវ​មានការ​កកស្ទះ​ចរាចរ​និង​មាន​រោងការ​និង​រោងបុណ្យ​នៅលើ​ផ្លូវ​លេខ​១០៥​មិន​អាចឱ្យ​គ្រឿងចក្រ​ចូល​កាយ​សំរាម​ក្នុង​ប្រឡាយ​ខាងលើនេះ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក​ប្រធាន​អង្គភាព​អះអាងថា​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នឹង​បញ្ចប់​ការងារ​នេះ​នៅ​ពីរ​សប្តាហ៍​ទៀត​៕S/

កាយ​សំរាម​ចេញពី​ប្រឡាយ​បឹងត្របែក​បាន​៤០​ភាគរយ​ហើយ​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ