ការសុំ​វិនិយោគ​បឹង​ជើងឯក​មានការ​យល់ព្រម​ជាគោលការណ៍​ពីរ​ដ្ឋ​ហើយ​

2264
ចែករម្លែក
  • 16
    Shares

​ដោយៈ​ប​.​ខុន​
​ភ្នំពេញ​/៖​បឹង​ជើងឯក​ដែល​កំណត់ដោយ​អនុក្រឹត្យ​មាន​ទំហំ​៥២០​ហិកតា​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុ​ជាយ​ល់​ព្រម​ជាគោលការណ៍​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​វិនិយោគ​ប្រព័ន្ធ​ប្រឡាយ​បេតុង អាង​ប្រព្រឹត្តិកម្ម ស្ថានីយ​បូមទឹក​ខ្នាត​ធំ ជា​ថ្នូរ​នឹង​ផ្ទៃ​អាង​ស្តុក​ទឹក​បឹង​ជើងឯក ដើម្បី​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​លំនៅដ្ឋាន មន្ទីរពេទ្យ សាលារៀន​សួន​បៃតង​។​

​នៅក្នុង​សេចក្តីជូនដំណឹង​លេខ​១៩៨ សជណ​.​ផ​ក ចុះ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា ដោយ​លោក​ស៊ូ ភី​រិន្ទ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អភិបាល​រាជធានី​ភ្នំពេញ​ថា​ករណី​ស្តីពី​សំណើសុំ​វិនិយោគ​ប្រព​ន្ធ័​ប្រឡាយ​បេតុង អាង​ប្រព្រឹត្តិកម្ម ស្ថានីយ​បូមទឹក​ខ្នាត​ធំ ជា​ថ្នូរ​នឹង​ផ្ទៃ​អាង​ស្តុក​ទឹក​បឹង​ជើងឯក ដើម្បី​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​លំនៅដ្ឋាន មន្ទីរពេទ្យ សាលារៀន​សួន​បៃតង​។​

​ការសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ បានធ្វើ​ឡើង​ដោយ​តាម​យោង​លិខិត​លេខ​០៨៧ ១៧ លស​.​គ ចុះ​ថ្ងៃទី​២៦​ខែធ្នូ​២០១៧របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង យោង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​

ក្នុង​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ បានសរសេរថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​អនុញ្ញាត​ជូន ក្រុមហ៊ុន​ប្រតិបត្តិការ​អចលនទ្រព្យ​ខ្មែរ ឯ​.​ក ធ្វើការ​វិនិយោគ​ដោយ​ស្ថាបនា​ជា​ប្រឡាយ​ជញ្ជាំង​បេតុង អាង​ចម្រោះ​( អាង​ប្រព្រឹត្ត​កម្ម​)​ប្រព​ន្ធ័​បង្ហូរទឹក និង សាងសង់​ស្ថា​នី​បូមទឹក​ខ្នាត​ធំ ដែលមាន​សមត្ថភាព​បូ​ម​ទឹក​បញ្ចេញ​ទៅ​ប្រព​ន្ធ័​ប្រឡាយ ដោយ​ក្រុមហ៊ុន​ចាំបាច់​ត្រូវធ្វើ​រួមមាន​ការងារ​ដូចខាងក្រោមៈ​
​ ​១-​សាងសង់​សំណង់​ស្ទាក់​ទឹក​និង​ស្ថានីយ​បូមទឹក​ដែលមាន​សមត្ថភាព​បូម​ទឹក​១៧០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី នៅត្រង់​មាត់ច្រក​ចេញចូល​រវាង​ស្ទឹង​ជ្រៅនិង​ស្ទឹង​ព្រែក​ត្នោត​។​
​​២- បង្កើន​ទំហំនិងជម្រៅ​ប្រឡាយ​នាំ​ទឹក​ចេញពី​អាង​ស្តុក​ទឹក​បឹង​ជើងឯក​ទៅដល់​ស្ទឹង​ព្រែក​ត្នោត ដែល​បច្ចុប្បន្ន​មាន​ទំហំ​មាត់​ប្រឡាយ​ចន្លោះ​ត្រឹមតែ​ពី​១០​ទៅ​២៥​ម៉ែត្រ​ឲ្យ​បាន​ទំហំ​ស្មើ​៦០​ម៉ែត្រតាម​ការ​រក្សាទុក​ក្នុង​អនុក្រឹត្យ​លេខ​១២៤​អនក្រ​.​បក​។​
​៣- បង្កើន​ទំហំ និង កម្ពស់​ទំនប់​តាម​បណ្តោយ​ស្ទឹង​ព្រែក​ត្នោតឲ្យ​បាន​នីវ៉ូ​ខ្ពស់ជាង​កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោត​។​
​​៤-​សាងសង់​សំណង់​ស្ទាក់​ទឹកដើម្បី​គ្រប់គ្រង​លំហូរ​ទឹក​ពី​ប្រឡាយ​តា​ហោ​ចូលមក​ប្រឡាយ​មេជើង​ឯក​។​
​៥-​ជីក​និង​ស្តារ​ប្រឡាយ​ពង្វាង​ទឹកពី​ប្រឡាយ​តា​ហោ​ទៅ​ស្ទឹង​ព្រែក​ត្នោត​ចាប់ពី​ក្រោយ​តំបន់​សេដ្ឋកិច្ច​ពិសេស​រហូតដល់​ស្ពាន​ផ្លូវ​រថភ្លើង​ឆ្លងស្ទឹង នៅ​សង្កាត់​ប្រទះ​ឡាង​។​
​៦-​សាងសង់​សំណង់​ស្ទាក់​ទឹកចុង​ប្រឡាយ​តា​ហោ ការពារ​ទឹក​ហូរ​ធ្លាក់​តាម​ប្រឡាយ​ផ្លូវ​រថភ្លើង​ឡើង​ទៅដល់​ផ្លូវជាតិ​លេខ​៤​។​

​៧-​សាងសង់​ស្ថានីយ​ប​ន្សុ​ត​ទឹក​កង្វក់​មួយនៅក្នុង​បរិវេណ​បឹង​ជើងឯក ដើម្បី​ប​ន្សុ​ត​ទឹក​មុននឹង​បូម​ពី​បឹង​ជើងឯក​ទម្លាក់​ចូលទៅក្នុង​ទន្លេបាសាក់​។​​​៨-​រក្សា​ផ្ទៃ​អាង​ទុក​ទំហំ ១៨៨​ហិកតាសម្រាប់ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់​មុនពេល​បូម​បញ្ចេញ​ទៅក្នុង​ទន្លេបាសាក់ និង ស្ថានីយ៍​ខ្នាត​ធំ​មាន​សមត្ថភាព​បូមទឹក​១៧០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​។

​ផ្ទៃ​អាង​ស្តុក​ទឹក​ទំហំ ១៨៨​ហិកតា​និង​ប្រឡាយ​នាំ​ទឹក​ទំហំ​៤៧​ហិកតា ត្រូវធ្វើ​ការបុក​ស៊ី​ផាយ ចាក់​ធ្នឹម​បេតុងដើម្បី​ការពារ​កុំ​ឲ្យ​មានការ​រំលោភបំពាន​ទៅ​ថ្ងៃ​អនាគត​។​​​៩-​ក្រុមហ៊ុន​ត្រូវ​សាងសង់​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័បន្ទាប់បន្សំ​បន្ថែមទៀត ដើម្បី​បំពេញ​នូវ​ការខ្វះខាត​ជាក់ស្តែង​ឲ្យ​បាន​សមស្របតាម​ការសិក្សា​របស់​អ្នកជំនាញ​។​

​១០-​ប្រគល់​ផ្ទៃដី​ទំហំ ១៩០​ហិកតាដែល​នៅសល់​ពី​ការរក្សា​ទុក​អាង​ស្តុក​ទឹក​ជូន​ក្រុមហ៊ុន ធ្វើការ​អភិវឌ្ឍន៍​ជា​ថ្នូរ​នឹង​ទុនវិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ​ដូច​ការរៀបរាប់​ខាងលើ​។​
​១១-​ដើម្បី​បញ្ជា​ស​ការតវ៉ា​ជាយថាហេតុ​ពី​សំណាក់​អ្នកកាន់កាប់​ផ្ទៃ​បឹង​ខុសច្បាប់ ក្រុមហ៊ុន​ត្រូវធ្វើ​ការដោះស្រាយ​គោលនយោបាយនូវ​រាល់​ផលប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ចន្លោះ​ពី​២០​ដុល្លារ ទៅ​៦០​ដុល្លារក្នុង​មួយ​ម៉ែត្រក្រឡា​។​

​រំលឹក​ឲ្យ​ដឹងថា​បឹង​ជើងឯក​និង​ប្រឡាយ​ជើងឯក​ស្ថិតនៅក្នុង​ខណ្ឌ​មាន​ជ​យ័និខ​ណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​និង​ស្រុក​តាខ្មៅ​រាជធានី​ភ្នំពេញត្រូវបាន​អនុក្រឹត្យ​លេខ​១២៤ អនក្រ​.​បក​ចុះ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០០៨​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មាន​ផ្ទៃ​សរុប​ចំនួន ៥២០​ហិកតា តាម​ប្រព​ន្ធ័​កំណត់​ទីតាំង​ភូមិសាស្ត្រ​ចំនួន ៧៧​ចំណុច​។​

​ទោះជា​យ៉ាងណា​ផ្ទៃ​បឹង​នេះ​សព្វថ្ងៃត្រូវបាន​គេ​នាំគ្នា​ទន្ទ្រាន​កាន់កាប់​អស់​ទៅហើយ ដោយ​គ្រាន់តែ​មិនទាន់មាន​ប​ណ្ណ័​កាន់កាប់​ស្របច្បាប់ ។ ផ្ទៃ​បឹង​ក្នុង​អនុក្រឹត្យ​ដែល​មិនទាន់មាន​ការសម្រួល​អ្វី​ទាំងអស់នោះ គឺ​បឹង​មាន​ទំហំ​៥២០​ហិកតា តែ​នៅក្នុង​គម្រោង​បែងចែក​នៃ​ការវិនិយោគ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញឃើញ​មាន​ផ្ទៃ​បឹង​នៅសល់​ទំហំ​សរុប​តែ​៤២៥​ហិកតា​ទេ​។​
​ ​
គម្រោង​ខាងលើនេះ​បើ​ធ្វើបាន​នោះ ជាការ​ល្អប្រសើរ​ហើយ ព្រោះ​វា​បានបញ្ចប់​នូវ​ភាពអនាធិបតេយ្យ​នៃ​ការទន្ទ្រាន​កាន់កាប់​ដី​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ពី​សំណាក់​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​និង​អ្នកមានអំណាច​មិនចេះ​ស្កប់ស្កល់ និង ទទួលបាន​សមិទ្ធផល​ជាក់លាក់​សម្រាប់​ប្រើប្រាស់​នៅ​ថ្ងៃ​អនាគត​៕S/

​តំបន់​បឹង​ជើងឯក​កំពុងមាន​ការទន្ទ្រាន​កាន់កាប់​ដោយ​គ្មាន​ច្បាប់​និង​តម្លៃ​ដី​ថ្លៃ​កប់​ពពក​។​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ