អាជ្ញាធរ​ចុះ​ពិនិត្យ​ផ្លូវ​និង​ស្ពាន​ដែល​រង​ការបំផ្លាញ​ពី​ទឹកភ្លៀង​និង​ជំនន់​ទន្លេមេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់​

410
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ផ្លូវ​និង​ស្ពាន​ដែល​រង​ការបំផ្លាញ​ពី​ទឹកភ្លៀង​និង​ទឹកជំនន់​ទន្លេមេគង្គ​ដែល​ទើបបាន​ស្រក​ចុះ​ផុត​ច្រាំង​កម្ពស់​ជាង​ប្រាំមួយ​ម៉ែត្រ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងត្រង់​កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​ជា​ក្រូច​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​ដែល​បាន​អមដំណើរ​ចុះ​ត្រួតពិនិត្យ​នោះបាន​ឱ្យដឹងថា​៖​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ពិនិត្យ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​រង​ការខូចខាត​ពី​ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ស្ទើរ​មួយ​ចំហៀង​ផ្លូវ​ប្រវែង​ប្រហែល​៣០​ម៉ែត្រ​។​កាលពី​រដូវ​ដាក់​បិណ្ឌ​កន្លងទៅនេះ នៅ​ចំណុច​ចុះ​ចំណោត​វត្ត​ព្រះអង្គ​គុ​ហ៍ ស្ថិតក្នុង​ព្រែក​សង្កែ​លិច ឃុំ​ពាម​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ផ្លូវ​ដែល​រងគ្រោះ​ខាងលើនេះ​គឺ​ស្ថិត​កិច្ចសន្យា​សាងសង់​របស់​ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដូច្នេះ​នៅ​រដូវប្រាំង​ខាងមុខ​នឹងធ្វើ​ការជួសជុល​ឡើងវិញ​ហើយ​។​ប៉ុន្តែ​បច្ចុប្បន្ន​ស្នើឱ្យ​ខាង​មន្ត្រីនគរបាល​ដាក់​ស្លាក​សញ្ញា​គ្រោះថ្នាក់​សម្រួល​ដល់​ការធ្វើដំណើរ​នៅ​តំបន់​ទេសចរណ៍​នេះ​។​

​លោក​បាន​បន្តថា​លោក​អភិបាលខេត្ត​បាន​បន្ត​ដឹកនាំ​ពិនិត្យ​ស្ពាន​បា​ឡេ​មួយកន្លែង​ត្រូវបាន​ទឹកជំនន់​ទន្លេមេគង្គ​ហូរ​បុក​បាក់​អស់​សសរ​កណ្តាល​ចំនួន​មួយ​កាលពី​រដូវ​ទឹក​ឡើង​កន្លងមក​ថ្មីៗ​នេះ​នៅ​ភូមិ​ទួល​រកា​ឃុំ​ពាម​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់​។​នៅ​ចំពោះមុខ​នេះ​ខាង​មន្ទីរ​សាធារណការ​និង​ដឹង​ជ​ញ្ជួ​ន​បាន​ជួសជុល​ដាក់ឱ្យ​ឆ្លងកាត់​ជាបណ្តោះអាសន្ន​គឺអាច​ឆ្លងកាត់​បាន​ត្រឹម​រថយន្ត​ធុន​ទេ​ចរណ៍​ចំណុះ​១២​កៅអី​ចុះក្រោម និង​រង់ចាំ​នៅ​រដូវប្រាំង​សាងសង់​ស្ពាន​ថ្មី​ឡើងវិញ​៕S/​