ទូត​អារ៉ាប់​ប៊ី​សា​អូឌីត សន្យា​នឹង​ជំរុញ​វិនិយោគិន​មក​វិនិយោគ​និង​ធ្វើ​ទេសចរណ៍​មក​កម្ពុជា​

330
ចែករម្លែក

ដោយ:​សុផល/​ភ្នំពេញ ៖ ​ក្នុងឱកាស​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក សា​អ៊ូ​ដ អាល់ សូ​វ៉ែ​លីម (H.E.Mr. Saud F.M. AL Suwelim) ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា​ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោក លោក​នឹង​ខិតខំ​ជំរុញ បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​អារ៉ាប់​ប៊ី​សា​អូឌីត ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​ជួយ​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​អារ៉ាប់​ប៊ី​សា​អូឌីត មក​ធ្វើ​វិនិយោគ និង​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​។​

លោក សា​អ៊ូ​ដ អាល់ សូ​វ៉ែ​លីម បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា បន្ថែមថា លោក​នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ពិសេស​លោក​នឹង​ធ្វើជា​ស្ពាន​ក្នុងការ​ពាំនាំ​គម្រោង​សំណើ​របស់​កម្ពុជា​ទៅជូន​រដ្ឋាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត និង​ពី​រាជរដ្ឋាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត មក​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​។​
លោក​ឯកអគ្គរាជទូត​មាន​សង្ឃឹមថា ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ក្រសួង​ទេសចរ ឬ​ក្រសួង​នានា​នៃ​ប្រទេស​ទាំងពីរ នឹងមាន​ឱកាស​ជួប​ពិភាក្សាគ្នា​ដោយផ្ទាល់ ដើម្បី​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ដូច​បានលើកឡើង​ពី​ខាងលើ​នោះ​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​សេចក្តីសោមនស្ស​រីករាយ សូម​ស្វាគមន៍ និង​អបអរសាទរ ចំពោះ​ការលើកឡើង​របស់លោក សា​អ៊ូ​ដ អាល់ សូ​វ៉ែ​លីម​។
​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បាន​បង្កើត​នូវ​កិច្ចព្រមព្រៀង​ជាមួយគ្នា​មួយចំនួន ជាពិសេស​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​វេទិកា​អង្គ​សហប្រជាជាតិ ហើយ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ ថែមទាំង​បាន រួមចំណែក​យ៉ាងសំខាន់​ដល់​ការថែរក្សា​ស្ថិរភាព សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​សកលលោក ផងដែរ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល អារ៉ាប់​ប៊ី​សា​អូឌីត ដែល​កន្លងមក បាន​ជួយផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បាន​ទៅ​សិក្សា​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត និង​ស្នើ​ឲ្យ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត បន្ត​និង​បង្កើន​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ឱ្យ​កាន់តែ​ច្រើនឡើង​។​

លោក សា​អ៊ូ​ដ អាល់ សូ​វ៉ែ​លីម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តល់​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​ពលរដ្ឋ​ទូទៅ ដែល​ធ្វើឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ អ៊ីស្លាម និង​សាសនា​ដ៏ទៃទៀត បាន​ប្រតិបត្តិ​ជំនឿ​សាសនា​របស់ខ្លួន បាន​យ៉ាង​ពេញលេញ​។ ឯកឧត្តម​ឯកអគ្គរាជទូត បាន​គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ផងដែរ​។ ការគោរព​អញ្ជើញ​នេះ​សម្តេច​បានទទួល​យក ដោយបាន​បញ្ជាក់ថា នឹង​រក​ពេលវេលា​សមស្រប​ណាមួយ​៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ