​មន្ត្រី​!​ការអប់រំ​ក្នុង​គ្រួសារ​ជា​កត្តា​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​គ្រឿង​ស្រវឹង​

333
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ជា​ច័ន្ទ​បរិបូរណ៍​បាន​មានប្រសាសន៍​អំពី​មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​មួយ​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ថា​“​ការអប់រំ​ក្នុង​គ្រួសារ គឺជា​កត្តា​ដ៏​សំខាន់ និង មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។

ដូចជា​ពេលដែល​សាច់ញាតិ​ជួបជុំគ្នា​ក្នុង​គ្រួសារ​គួរតែ​អប់រំ​ក្រើនរំឭក​គ្នា​ទៅវិញទៅមក​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ឬ​ប្រើប្រាស់​ដោយមាន​កំណត់​ណាមួយ​។​ចំណុច​អវិជ្ជមាន​ដ៏​អាក្រក់​មួយ​ដែល​គប្បី​ចៀសវាង​ឱ្យបាន​នោះ គឺថា ចៀស​វា​ផឹក​អស់​លុយ ទៅ​ទិញ​ជំពាក់​គេ​យកមក​ផឹក​ទៀត “ ។​

​លោក​ជា​ច័ន្ទ​បរិបូរណ៍​មានប្រសាសន៍​បែបនេះ​នាឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី​ផលិត​វិ​ដេ​អូ​ខ្លី​ស្តីពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ដែល​ពិធី​នេះ​រៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា CMH នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ CKCC ។​

​លោក​ជា​ច័ន្ទ​បរិបូរណ៍​បាន​បន្ថែមថា​ការ​បង្ហោះ​រូបភាព​សេព​គ្រឿង​ស្រវឹង​នៅតាម​ប​ញ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​ជា​រឿង​អវិជ្ជមាន​ដ៏​អាក្រក់​មួយទៀត​ដែល​គប្បី​ចៀសវាង​ឱ្យបាន​ដែរ​ព្រោះ​ទង្វើ​បែប​នោះ​វា​បង្ហាញ​នូវ​ភាពខ្វះ​ការយល់​ដឹងផង​ក៏​ជាការ​លើកទឹកចិត្ត​ឬ​ជំរុញ​ទឹកចិត្ត​មនុស្ស​ជាពិសេស​យុវជន​ឱ្យប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ផង ។​

ចំពោះ​ការហាមឃាត់​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ដូចជា​នៅតាម​កញ្ចក់​ទូរទស្សន៍​ជាដើម​លោក​ជា​ច័ន្ទ​បរិបូរណ៍​មានប្រសាសន៍ថា​អាចធ្វើ​បែប​នោះ​ទៅបាន​លុះណាតែ​មាន​យន្តការ​ជាស​កល​គឺ​មិនមែន​កម្ពុជា​អាចធ្វើ​តែម្នាក់ឯង​បានឡើយ​។​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ការផ្សព្វផ្សាយ​ភាព​ងាយ​រក​ទិញ​បាន​នៃ​គ្រឿង​ស្រវឹង​។​

​ការមិន​កំណត់​អាយុ​អ្នកទិញ​និង​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​និង​ការយកពន្ធ​មិន​ដល់​កម្រិត​ខ្ពស់​គឺជា​មូលហេតុ​ដ៏​សំខាន់​នាំឱ្យ​មនុស្ស​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ហើយ​គ្រឿង​ស្រវឹង​ត្រូវបាន​ទទួលស្គាល់ថា​ជា​មូលហេតុ​ទី​២​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ដូចជា​បណ្តាលឱ្យមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បញ្ហា​សុខភាព និង បញ្ហា​អំពើហិង្សា ជាដើម ៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ