ការតវ៉ា​នៅ​អេក្វាឌ័រ​៖ មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ប្រធានាធិបតី​ចាត់ទុក​ពួក​អ្នក​តវ៉ា​ថា​ជា​ឧក្រិដ្ឋជន​

312
ចែករម្លែក

​ប្រធានាធិបតី​នៃ​ប្រទេស​អេក្វាឌ័រ លោក​ឡេ​នី​ន ម៉ូ​រ៉េណូ បាន​និយាយថា លោក​នឹង​មិន​ចរចា​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទេ បន្ទាប់ពី​មាន​ការតវ៉ា​ចូល​ដល់​ថ្ងៃទី​២ ដើម្បី​ប្រឆាំង​​ការកាត់បន្ថយ​ការឧបត្ថម្ភ​ធន​ប្រេង​។​

​លោក​ឡេ​នី​ន ម៉ូ​រ៉េណូ បាន​និយាយថា​លោក​នឹង​មិន​ដក​ការសម្រេចចិត្ត​របស់​លោក​មក​វិញ​ទេ​ក្នុង​ការកាត់បន្ថយ​ការឧបត្ថម្ភ​ធន​ប្រេង​ដែល​ត្រូវបាន​អនុវត្ត​អស់​រយៈពេល​៤​ទសវត្សរ៍​មក​ហើយ​។​

​ដោយ​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​នោះ លោក​ឡេ​នី​ន ម៉ូ​រ៉េណូ បាន​និយាយថា​លោក​នឹង​មិន​ឱនក្បាល​ចំពោះ​ការទាមទារ​របស់​”​ឧក្រិដ្ឋជន​”​ទេ​។​

​ដោយសារ​ខឹង​នឹង​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​នោះ ក្រុមអ្នកតវ៉ា​បាននាំគ្នា​ធ្វើការ​តវ៉ា​នៅតាម​ដងផ្លូវ​នៅ​ទូទាំង​ប្រទេស​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅពេល​ដែល​ការកាត់បន្ថយ​ការឧបត្ថម្ភ​ធន​ប្រេង​នេះ​ចូល​ជា​ធរមាន​នោះ ក្រុមអ្នកតវ៉ា​បាន​បិទ​ផ្លូវ​នៅ​ទូទាំង​ប្រទេស​នេះ​ដោយ​បណ្តាល​ឱ្យ​ការដឹក​​ជញ្ជូន​សាធារណៈ​មិនអាច​ដំណើរការបាន​។​

​ជា​ការឆ្លើយតប​នោះ ស្ថានភាព​ក្នុង​គ្រា​អាសន្ន​៦០​ថ្ងៃ​ត្រូវបាន​ប្រកាស​ដោយ​លោក​ឡេ​នី​ន ម៉ូ​រ៉េណូ ដែល​បាន​និយាយថា​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុមអ្នកតវ៉ា​បង្ក​ភាព​វឹក​​វរ​នោះទេ​។​

​ការតវ៉ា​ជាច្រើន​ទៀត​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​គី​តូ​និង​នៅ​ទីក្រុង​ក្យា​យ៉ា​គីល​ជា​ទីដែល​ផ្លូវថ្នល់ ត្រូវបាន​ដាក់រ​បាំងបិទ​ផ្លូវចេញចូល​និង​ដុត​សំបង​កង់ឡាន​។​

​ក្រសួង​មហាផ្ទៃ​អេក្វាឌ័រ​បាន​និយាយ​ថា​មនុស្ស​ប្រហែល​៣៥០​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​ដោយ​មាន​របាយការណ៍​អំពី​ការ​លួច​ឆក់​និង​ការប៉ះទង្គិច​គ្នា​ជា​​មួយ​ប៉ូលិស​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​មន្ត្រី​ប៉ូលិស​២៨​នាក់​បាន​រងរបួសរ​ថយ​ន្ត​ប៉ូលិ​សរាប់​សិប​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​និង​អគារ​រដ្ឋាភិបាល​មួយ​ត្រូវបាន​វាយប្រហារ​៕​ដោយ​៖​សុខា​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ