ចំណុច​ផ្លូវ​ខេត្ត​ព្រៃ​មាន់​-​ភ្នំស្រុក ដែល​ទឹក​ហូរ​ច្រោះ​បាក់ស្រុត​ស្ថិតក្នុង​បំរាម​រថយន្ត​ធុន​ធ្ងន់ តែ​រង​ការបំពាន​…

524
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ចំណុច​ផ្លូវ​ខេត្ត​ព្រៃ​មាន់ – ភ្នំស្រុក​ដែល​ទឹក​ហូរ​ច្រោះ បាក់ស្រុត​ស្ថិតក្នុង​បម្រាម​រថយន្ត​ធុន​ធ្ងន់ តែ​រង​ការបំពាន​ដោយ​ម្ចាស់​និង​អ្នកបើកបរ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែនដី​មូលដ្ឋាន​មិន​ទទួលខុសត្រូវ​តាម​តួនាទី​ភារកិច្ច​ឬក៏​អាច​ឃុ​ប​ឃឹ​ត​ជាមួយ​ឯកជន​ថែមទៀត ។​

​ដឹង​ដូច្នេះ​ខណៈ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យមើល វាយតម្លៃ​និង​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការហូរ​ច្រោះ​ដាច់​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨​អា​ក្រាល​កៅស៊ូ និង​ក្រាល​គ្រួស​ពី​ផ្លូវជាតិ​លេខ​៦ ព្រៃ​មាន់​-​ភ្នំស្រុក​-​អាង​ត្រពាំងថ្ម ដោយសារ​ជំនន់​ទឹកភ្លៀង​និង​ទឹក​ហៀរ​ប្រព័ន្ធ​ប្រឡាយ​អាង​ត្រពាំងថ្ម កាលពី​ថ្ងៃអាទិត្យ​ទី​៦ តុលា ឆ្នាំ​២០១៩ ។​

​យោង​ប្រភព​ព៍​ត័​មាន​ថា ចំណុច​ផ្លូវ​ដែល​បាន​ច្រោះ​បាក់ស្រុត​ដោយ​បាក់​បំពង់​បូមទឹក ដែល​កសិករ​ចោះ​ទម្លុះ​ពីក្រោម​ទទឹងផ្លូវ ដើម្បី​បូមទឹក​ដាក់​ស្រែ​ដោយ​ទឹកជំនន់​ពេញប្រៀប​សងខាង​ផ្លូវ និង​ដោយ​រថយន្ត​ធុន​ធ្ងន់​បើក​ឆ្លងកាត់​កាលពី​យប់​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ​២០១៩​។​

​ករណីនេះ មន្ត្រី​អាជ្ញាធរ​ដែនដី កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ កងទ័ព​បាន​រង​ការចោទប្រកាន់ថា មិន​ទទួលខុសត្រូវ​តាម​តួ​នា​តិ​ភារកិច្ច ឬ​ឃុ​ប​ឃឹ​ត​នឹង​ឯកជន​បណ្តោយអោយ​រថ​យន្ត​ធុន​ធ្ងន់ បើក​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​២៦៨​ព្រៃ​មាន់ -​ភ្នំស្រុក​-​អាង​ត្រពាំងថ្ម​នេះ ខណៈ​ម​ន្ទិ​រ​សាធារណការ​ខេត្ត​ចេញ​លិខិត​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់​។

​ប៉ុន្តែ​ដើម្បី​លាងខ្លួន​ឬ​ដោះសា​រលើប​គ្ហា​នេះ មន្ត្រី​អាជ្ញាធរ​និង​កម្លាំង​អះអាងថា ពួកខ្លួន និង​ជំនាញ​បាន​សហការ​គ្នាប​ជួយ​សម្រួល​ចរាចរណ៍​ត្រង់​ផ្លូវ​ដែល​បាក់ស្រុត ក៏ដូចជា​លើ​បណ្តោយ​ផ្លូវ​នេះ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​នគរបាល​ក៏បាន​ចុះទៅពិនិត្យ​ភ្លាមៗ កាលពី​យប់​ថ្ងៃទី​៥​ខែតុលា ករណី​រថយន្ត​ធុន​ធ្ងន់​ដែល​បើកបរ​ធ្វើអោយ​បាក់ស្រុត​ផ្លូវ​បន្ថែម ហើយ​បែក​កង់​នោះ​។​

​លោក​បាន​បញ្ជារ​អោយ​កងកម្លាំង​បន្ត​ហាមឃាត់​កុំអោយ​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់​ផ្លូវ​នេះ​ព្រោះ​ផ្លូវ​នេះ​ត្រូវ​ទឹកជំនន់​បន្ត​លិច​ហូរ​កាត់ ហើយ​នៅ​សើម​និង​ជ្រាយ​។ លើកលែង​យានយន្ត​ធុន​ស្រាល តូច ម៉ូតូ គោយន្ត​ឬ​ថ្មើរជើង​។​

​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៦​ខែតុលា​ថា មន្ទីរ​ខកចិត្ត​នឹង​ភាពមិន​ទទួលខុសត្រូវ និង​មនសិការ​ស្រឡាញ់​ការពារ​ផ្លូវ​របស់​មន្ត្រី​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់ ឬ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ង់​ន់ ដែល​បាន​បំពាន​បម្រាម​ដែល​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​លើក​ផ្លូវ​នេះ​។ ប៉ុន្តែ​ចំពោះមុខ​ម​ន្ទិ​ឬ​និង​អាជ្ញាធរខេត្ត​សុខចិត្ត​ដឹក​ថ្ម ទៅ​ចាក់​ជួសជុល​ផ្លូវ​ដែល​ច្រោះ​បាក់ស្រុត ជង្ហុក​និង​សើម​ជ្រាយ​ដើម្បី​បាន​ចរាចរណ៍​យានយន្ត​ធុន​ស្រាល​។​

​លោក គឹម សុវណ្ណ រំលឹកថា សជណ ចុះ​ថ្ងៃទី​៣០​ខែកញ្ញ្ញា​ឆ្នាំ​២០១៩ នៅ​ជា​ធរមាន​ក្នុង​ខ្លឹមសារ​ថា រថយន្ត​ធុន​ធ្ងន់​ទាំងឡាយ​ចាប់ពី​ផ្លូវជាតិ​លេខ​៦ (​ព្រៃ​មាន់​) ចូលទៅ​ស្រុក​ភ្នំស្រុក ក្នុង​(​ភូមិសាស្ត្រ​ឃុំ​ស្រះ​ជីក​និង​ឃុំ​ប៉ោយចារ​) យោង​ស្ថានភាព​ទឹកជំនន់ សូម​ផ្អាក​ចរាចរណ៍ បណ្តោះអាសន្ន​(​ពីថ្ងៃ​ទី​៣០​ខែកញ្ញា​២០១៩ តទៅ​) សម្រាប់​រថយន្ត​ធុន​ធ្ងន់​ចន្លោះ​ចាប់ពី​គីឡូម៉ែត្រ​ដូចខាងក្រោម ៖
១- PK 8+500 ដល់ PK 9+000 ប្រវែង​៥០០​ម៉ែត្រ ។​
២- ចន្លោះ PK 14+ 800 ដល់ PK 14+850 ប្រវែង​៥០​ម៉ែត្រ ។​
៣- ចន្លោះ PK 15+ 000 ដល់ PK 15+ 500 ប្រវែង​៥០០​ម៉ែត្រ ។​
៤- ចន្លោះ PK 16+ 800​ដល់ PK 17+ 100 ប្រវែង​៣០០​ម៉ែត្រ ។​

​នៅ​ស្រុក​ភ្នំស្រុក​នេះ ទឹកជំនន់​បង្ក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ពី​ទឹកធ្លាក់​ពីលើ នៃ​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​តាម​ស្ទឹង​ស្រែង និង​តាម​ប្រព័ន្ធ​ប្រឡាយ​នៃ​អាង​ត្រពាំងថ្ម​, អាង​ស្ពាន​ស្រែង​, ប្រព័ន្ធ​ប្រឡាយ​អ​ន្ស​ង​នាវ​ជាដើម​បាន​បង្ក​ជា​ទឹកជំនន់​លិចលង់​ខូចខាត​ធ្ងន់ធ្ងរ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨​អា ព្រៃ​មាន់​- ភ្នំស្រុក -​អាង​ត្រពាំងថ្ម​នេះ​៤​កំណាត់​ដូចខាងលើ​មាន​ប្រវែង​១. ៣៥០​ម៉ែត្រ​លើ​២.៨០០​ម៉ែត្រ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម