ភារៈធារី​ស្តីទី​នៃ​សហភាព​អឺរ៉ុប​៖ ការបំពុល​ដោយ​ប្លា​ស្ទិ​ក​គឺជា​បញ្ហា​ដ៏​ចម្បង​មួយ​ក្នុងចំណោម​បញ្ហា​បរិស្ថាន​ធំៗ​

561
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: លោក ហ្វ្រ​ង់ វី​អូ​ល (Frank Viault) ភារៈធារី​ស្តីទី​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​៖« ការបំពុល ដោយ​ប្លា​ស្ទិ​ក​គឺជា​បញ្ហា​ដ៏​ចម្បង​មួយ​ក្នុងចំណោម​បញ្ហា បរិស្ថាន​ធំៗ​ជាច្រើន​ទៀត​ដែល​កើតឡើង​ជាទូទៅ​ជាងគេ​។ ក្នុងចំណោម​ប្លា​ស្ទិ​ក​ទាំងអស់​ដែល​បាន​ប្រើប្រាស់ មាន​ពាក់កណ្តាល​ដែលជា​ប្លា​ស្ទិ​ក​ប្រើប្រាស់​តែម្តង​ប៉ុណ្ណោះ ហើយ​ប្លា​ស្ទិ​ក​បែបនេះ​រហូតដល់ ៩០% ត្រូវបាន​គេ​ចោល​ទៅក្នុង​ទន្លេ និង​សមុទ្រ​របស់​យើង​។ សភាព​អឺរ៉ុប​លើកទឹកចិត្ត​ឱ្យមាន​ការកែច្នៃ ប៉ុន្តែ​ការកែច្នៃ​មួយ​មុខ មិន​គ្រប់គ្រាន់ នោះឡើយ​។ តាងនាម​ឱ្យ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​រដ្ឋ​ជា​សមាជិក​របស់​យើង ខ្ញុំ​សូម​អំពាវនាវ​សូម​គ្រប់គ្នា​និយាយថា ទេ ចំពោះ​ផលិតផល ប្លា​ស្ទិ​ក​ដឡ​ប្រើប្រាស់​បានតែ​មួយដង​»​។​

​លោក​ភារៈធារី បានលើកឡើង​ដូច្នេះ​នៅក្នុង​កម្មវិធី​បញ្ចប់​យុទ្ធនាការ​សប្តាហ៍​បៃតង របស់​សហភាព​អឺរ៉ុប​ជាមួយនឹង​ការរៀបចំ​សកម្មភាព បោសសម្អាត​អនាម័យ​បរិស្ថាន​នៅ​ទីសាធារណៈ​នៅ ត្រើយម្ខាង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៩​។

​យុទ្ធនាការ​សម្អាត​ទីសាធារណៈ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ជាច្រើន ដែល​រៀបចំឡើង​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមការងារ​អេកូ​យុវ​ទូត​ដើម្បី​អបអរសាទរ​សបា្តហ៍​បៃតង​របស់​សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​ជំរុញ​ព​ន្លឿ​ន​ការអនុវត្ត​វិធានការ​ទូទាំង​ពិភពលោក​ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ការបំពុល​បរិស្ថាន និង​សំណល់​ប្លា​ស្ទិ​ក​។ កម្មវិធី​សម្អាត​ទី​សា ធា​រណៈ​នេះ​មានការ​ចូលរួម​ពី​សាធារណ​ជនជាតិ​និង​អន្តរជាតិ​ប្រមាណ ៥០០​នាក់​ក្នុងនោះ​ក៏មាន​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​មួយចំនួន​។​
​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ថ្លែងថា​៖«​តោះ​! យើង​នាំគ្នា​សម្អាតផ្ទះ​យើង ជួយ​ថែរក្សា​ភពផែនដី ដោយនិយាយ​ថា​ទេ​ចំពោះ​ផលិតផល​ប្លា​ស្ទិ​ក​ប្រើប្រាស់​បានតែ​មួយដង ឬ​អនុវត្ត​គោលការណ៍ 3R គឺ​កាត់បន្ថយ​កា​ប្រើប្រាស់​ប្លា​ស្ទិ​ក ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ប្លា​ស្ទិ​ក​ដើម្បី​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​»​។

​យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន ៖ បរិមាណ​សំរាម សំណល់​ទីប្រជុំជន​ដែល​កម្ពុជា​បាន​បង្កើតឡើង​ក្នុង​មួយថ្ងៃ​មាន​ចំនួន​ជាង ១​ម៉ឺន​តោន​ដែល​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​និង​ក្រុង​ធំៗ ត្រូវបាន​ប៉ាន​ប្រមាណ​ថា​បាន​បង្កើត​សំរាម ១ គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​បង្កើត​សំរាម​ប្រមាណ​កន្លះ​គីឡូ​ក្នុង​មួយថ្ងៃ​។ សរុប មួយឆ្នាំ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត ៤ លាន​តោន ក្នុងនោះ ២០%​នៃ សំណល់​សំរាម​នេះ​គឺជា​សំណល់​ថង់​ប្លា​ស្ទិ​ក​។ បរិមាណ​សំណល់​ប្រមាណ ៥៦,៩% នៃ​សំណល់​សរុប​ប៉ុណ្ណោះ​ដែល​ត្រូវបាន​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម និង​ប្រហែល ២០%​ប៉ុណ្ណោះ ដែល​ត្រូវបាន​ប្រមូល​ទិញ​សម្រាប់ធ្វើ​ការកែច្នៃ​និង​សំណល់​សំរាម​ជាង ២០% ត្រូវបាន​ដុត ឬ​បោះចោល​នៅតាម​ទីសាធារណៈ និង​ប្រភពទឹក​នានា​។ ខេត្ត​រាជធានី​ធំៗ​ដែល​ផលិត​បរិមាណ​សំរាម​ច្រើន​រួមមាន​៖ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៣០០០ តោន​ក្នុង​មួយថ្ងៃ ក្រុងព្រះសីហនុ​ប្រមាណ ៧០០​តោន​ក្នុង​មួយថ្ងៃ និង​ក្រុង​សៀមរាប ប្រមាណ ៤០០ តោន​ក្នុង​មួយថ្ងៃ​។ តាម​ការ​ប៉ាន​ប្រមាណ ភាគរយ​នៃ​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​តាមរយៈ​ការ​បោសសម្អាត​តាមផ្លូវ​ក្នុង​ក្រុង​ចំនួន ៣ គឺ ១៧,៣% ក្នុង​រាជធានី​ភ្នំពេញ ២០,៧%​ក្នុង​ខេត្តសៀមរាប និង ៣៤% ក្នុង​ខេត្ត​ព្រះសីហនុ​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​ទៀតថា​៖​សព្វថ្ងៃ​សេដ្ឋកិច្ចកម្ពុជា​យើង​កំពុង​រីកលូតលាស់ សង្គម​យើង​កាន់តែ​ចាយវាយ​កាន់តែច្រើន និង​ងាក​ទៅរក​ផលិតផល​ប្រើប្រាស់​កាន់តែ​ងាយស្រួល​ដូចជា​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើតែ​ម្តង​ហើយ យើង​បោះចោល​។ នៅក្នុង​ប្រទេស​កម្ពុ​ជាតា​ម​ទីក្រុង​ធំៗ ប្រជាពលរដ្ឋ​ម្នាក់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ពី ៤០ ទៅ ៥២ ថង់​ប្លា​ស្ទិ​ក​ក្នុង​មួយ​សបា្តហ៍​។ យោងតាម របាយការណ៍ បរិមាណ​សំរាម​នៅ​កម្ពុ​ជាមាន​កំណើន​ប្រមាណ ១០%​ក្នុង​មួយឆ្នាំ​។ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​៖ «​ការគ្រប់គ្រង​សំណល់​រឹង សំរាម​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចាត់ទុក​ទីក្រុង​ទីប្រជុំជន និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​បងប្អូន​រស់នៅ កំពុងធ្វើការ និង​កំពុង​ធ្វើ​អាជីវកម្ម​ថា​ជា​ផ្ទះ​របស់​បងប្អូន​ដែល​ចាំបាច់​ត្រូវតែ​បោសសម្អាត​ជាប្រចាំ ដើម្បី​រក្សា​សោភ័ណភាព និង​លើកតម្កើង​សុខុមាលភាព​សាធារណៈ​»​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ បានលើកឡើង​ពី​ផលប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​កដោយ​ថ្លែងថា ហេតុផល​ដែលថា​ថង់​ប្លា​ស្ទិ​ក​ស្តើង​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បំពុល​ដល់​បរិស្ថាន​គឺ​វា​ត្រូវការ​ពេលវេលា​ជាច្រើន​រយ​ឆ្នាំ​ដើម្បី​ធ្វើការ​បំបែក មានន័យថា​សំណល់​ប្លា​ស្ទិ​ក​គឺ​សារធាតុ​ដែល​មិន​ងាយ​នឹង ពុកផុយ ឬ​រលួយ​បាន​ដោយ​ងាយ​ទេ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សំណល់​ប្លា​ស្ទិ​ក ដោយ​ថ្លែងថា ដោយ​ពិនិត្យឃើញ​បញ្ហា​ចំពោះមុខ និង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ឱ្យនៅ​កម្រិត​អប្បបរមា​សំដៅ​ការពារ​សុខភាព​មនុស្ស បរិស្ថាន និង​សោភ័ណភាព រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​លើ​ការកាត់បន្ថយ ការនាំ​ចូល ការផលិត ការចែក​ចាយ និង​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោ​ភ​ណ័​ណ​ភាព​។ ក្នុង​អនុក្រឹត្យ​នោះ​ក៏បាន​កំណត់​ពី​វិធាន​ការគិត​កម្រៃ​បន្ថែម លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​របស់​អតិថិជន​ផងដែរ​។ ការដាក់​កម្រិត​លើ​ការប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក​នេះ​មិនមែន​មានតែ​នៅ​កម្ពុជា​ទេ មាន​ប្រទេស​ជាច្រើន​ដែល​បាននិងកំពុង​អនុវត្ត​។

​សកម្មភាព បោសសម្អាត​អនាម័យ​បរិស្ថាន​នៅ​ទីសាធារណៈ​នៅ ត្រើយម្ខាង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៩

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​សូម​បន្ត​យកចិត្តទុកដាក់​សម្អាត​អនាម័យ​បរិស្ថាន​ជុំវិញខ្លួន សូម​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេល​វ​លា​ទាំងអស់​។​

​លោក នេត្រ ភក្ត្រា បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​អនុវត្ត​គោលការណ៍ 3R និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាប​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​លើ​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ដោយ​បានស្នើ​យ៉ាងទទូច​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការនាំយក​ថង់​ប្លា​ស្ទិ​ក​មកប្រើប្រាស់​វិញ ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ថង់​ប្លា​ស្ទិ​ក ឬ បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ «​ថង់​បរិស្ថាន​»​។ ចំណែកឯ​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​សេវាកម្ម​នានា ដែលមាន​ការផ្តល់​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន ត្រូវ​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​កម្មវិធី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផងដែរ​។ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ដឹងថា​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើនពេក​ដូច​ចោល​សំរាម​ថង់ ប្លា​ស្ទិ​ក​នេះ​នៅតាម​ដងផ្លូវ និង​ក្នុង​ទឹកស្ទឹង​ទន្លេ​។ កាត់ បន្ថយ​ថង់​ប្លា​ស្ទិ​កដោយ​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​។ ប្លា​ស្ទិ​ក​មិនល្អ​ទេ​សម្រាប់​សុខភាព​របស់​យើង សម្រាប់​បរិស្ថាន និង​សម្រាប់​វិស័យ​ទេសចរណ៍​។ ពេលដែល​ថង់​ប្លា​ស្ទិ​ករ​លាយ​សារធាតុ​គីមី គឺ​សារធាតុ​មួយចំនួន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិយាកាស​។ ពេល​ប្លា​ស្ទិ​កក​ប់​ក្នុង​ដី យូរ​ឆ្នាំទៅ​វា​នឹង​រលាយ​សា​ធាតុ​បន្តិច​ម្តងៗ ហើយ​សារ​ធាតុគីមី​មួយចំនួន​នឹង​សាយភាយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​មនុស្ស​និង​សត្វ​។ ឯកឧត្តម រដ្ឋលេខាធិការ​បា​នប​ន្ថែ​ម​ថា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តែម្តង​ហើយ បោះចោល គឺ​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​កែប្រែ​ទម្លាប់​។ រួ ម​គ្នា​កាត់បន្ថយ​ប្លា​ស្ទិ​ក ព្រោះ​សំណល់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​គំរាមកំហែង​ចម្បង​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​និង​ការអភិវឌ្ឍ​មនុស្ស ទូទាំង​ពិភពលោក​និង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរ​ជម្រាប​ថា​៖​អ្នកចូលរួម​នៅក្នុង​កម្មវិធី​សម្អាត​ទីសាធារណៈ​បាន​ចូលរួម​រើស​សំណល់​សំរាម សំណល់​ប្លា​ស្ទិ​កបាន​ជាច្រើន​តោន​។ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​៖«​ការដើរ​រើស​សំរាម​នៅពេលនេះ គឺជា​និមិត្តរូប​នៃ​ការ​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន​ហើយ​យើង​ចង់ឱ្យ​បរិស្ថាន​នៅ​ជុំវិញខ្លួន​យើង​ស្អាត​ជា​រៀងរហូត មិនមែន​ស្អាត​តែមួយ​ពេលនេះ​ឡើយ​។ ដូច្នេះ​ចាំបាច់​ត្រូវការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទា​មង​អស់ ហើយ​អ្នក​ដែល​ធ្លាប់ តែមាន​ទម្លាប់​បោះ​សំរាម​ចោល​ផ្តេសផ្តាស សូម​កែប្រែ​ឥរិយាបថ​និង​ចូលរួម​សម្អាតផ្ទះ​យើង សម្អាត​សហគមន៍​យើងទាំងអស់គ្នា​ប្រកបដោយ​ការ​ទ​តួ​ល​ខុសត្រូវ​ខ្ពស់​»៕ ល​