​ក្រុម​សហភាព​សហព័ន្ធ យុវជន​កម្ពុជា ស្រុក​កំចាយមារ លើក​ពាន​លី​គ Futsal

491
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​បាល់ទាត់ ក្នុង​សាល ជ្រើសរើស​ជើងឯក​ជាតិ ឆ្នាំ​២០១៩ បានបញ្ចប់​ហើយ ដោយ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​ស​.​យ​.​ក​) ស្រុក​កំចាយមារ ជា​អ្នក​លើក​ពាន បន្ទាប់ពី​ប្រកួត​ផ្ដាច់ព្រ័ត្រ ឈ្នះ​ក្រុម​ឪម៉ាល់ ១១​ទល់​៥ នា​ថ្ងៃទី​៦ តុលា ២០១៩ នោះ​។​

ការប្រកួត​បាល់ទាត់ ក្នុង​សាល ជ្រើសរើស​ជើងឯក​ជាតិ ឆ្នាំ​២០១៩

​នេះ​គឺជា​លើក​ទី​២ ហើយ ដែល​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​កំចាយមារ បាន​លើក​ពាន​បាល់ទាត់ លើ​ទីលាន​តូច​នេះ បន្ទាប់ពី​បាន​លើក​ពាន​លើកដំបូង កាលពី​ឆ្នាំ​២០១៧ និង​ទទួលបាន​ជើងឯក​រង កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ។​

ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​កំចាយមារ ជា​អ្នក​លើក​ពាន

​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ ក្រុម ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ ធ្វើបាន​យ៉ាង​ល្អ នៅ​វគ្គ​ទី​១ ដោយបាន​នាំមុខ​គូប្រជែង រហូតដល់ ៥-០ មុន ឪម៉ាល់ វាយបក​បាន ១​គ្រាប់ ចុង​ម៉ោង ។ ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ បាន​ព្យាយាម​រក​គ្រាប់​បាល់ បន្ថែម​រៀងៗ​ខ្លួន តែ​ជា​លទ្ធផល​ពេញ​ម៉ោង ក្រុម ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ បាន​យកឈ្នះ​ក្រុម​ឪម៉ាល់ ១១ ទល់ ៥ ។​

​ក្រុម ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ ដែល​ទទួលបាន​ជើងឯក​នោះ បានទទួល​ពាន អមដោយ​ប្រាក់រង្វាន់ ២០ លាន​រៀល និង​ក្លាយជា​ក្រុម​ទទួលបាន​សិទ្ធិ ចូលរួម​ប្រកួត​ពានរង្វាន់ AFF Futsal Club Championship 2022 ទៀតផង ។​

ក្រុម​ឪម៉ាល់ ដែល​ទទួលបាន​ត្រឹម​ជើងឯក​រង

​ក្រុម​ឪម៉ាល់ ដែល​ទទួលបាន​ត្រឹម​ជើងឯក​រង ក៏​ទទួលបាន​ប្រាក់រង្វាន់ ១០ លាន​រៀល​ផងដែរ ដ្បិត​កាលពី​ឆ្នាំ​២០១៨ ពួកគេ​ទទួលបាន​ត្រឹម​លេខ​៣ ប៉ុណ្ណោះ ។ ចំណែក​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ឆ្នាំនេះ បាន​ទៅ​ក្រុម Home Sport ទទួលបាន​ប្រាក់រង្វាន់ ៦ លាន​រៀល ក្រោយ​ផ្ដួល​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ គឺ​ក្រុម Down Town ដោយ​លទ្ធផល ៦​ទល់​៤ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ ៤ គឺ​ក្រុម Down Town ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ៤ លាន​រៀល​ផងដែរ ៕v

​ក្រុម Home Sport

ទីតាំងផ្សាយពាណិជ្ជកម្ម