សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ជួប​សវនាការ​និង​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​IFRC

381
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អញ្ជើញ​ទទួល​ជួប​សវនាការ​និង​សម្តែង​ការគួរសម​ជាមួយ​លោក​ChristopherRASSI​ប្រធាន​ក្រុមគាំទ្រ​កម្រង​ប្រទេស​របស់​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម (IFRC) ប្រចាំ​ទីក្រុង​បាងកក​។​

​ជំនួប​សវនាការ​នេះ ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃ ទី​៧ ខែតុលា ឆ្នាំ ២០១៩ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​។​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លើក​ទី​១​របស់លោក​ChristopherRASSI​ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។

​ជាមួយគ្នានេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ជាពិសេស​ក្នុង​ភាពជា​ដៃគូ​រវាង​សហព័ន្ធ​អន្តរជាតិ​និង​កាកបាទក្រហមកម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​ដែល​សហព័ន្ធ​អន្តរជាតិ​តែងតែ​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស​ជំនាញ​និង​ថវិកា​ដល់​កាកបាទក្រហមកម្ពុជា​លើ​ការងារ​សំខាន់ៗ​ជាច្រើន​ដូចជា​ការកសាង​ផ្នែក​ច្បាប់​រួមមាន​លក្ខន្តិកៈ​តា​ម​ស្តង់ដារ​អន្តរជាតិ​ការងារ​អភិវឌ្ឍ​ស្ថាប័ន ការងារ​សុខភាព​អនាម័យ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​។​ល​។​

​ក្នុងនាម​ជា​ប្រធាន​ក្រុមគាំទ្រ​កម្រង​ប្រទេស​របស់​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​-​ថៃ​-​វៀតណាម​-​ឡាវ​លោក​ChristopherRASSI​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​បានអនុញ្ញាត​ឱ្យ​ជួប​សម្តែង​ការគួរ​សមនិង​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​។​ក្នុងការ​សិក្សា​ស្វែងយល់​ពី​តម្រូវការ​ជាក់ស្តែង​ជាពិសេស​នៅតាម​សាខា​កាកបាទក្រហមកម្ពុជា​ដែល​នឹង​អនុវត្ត​គម្រោង​នានា​ក្រោម​ការផ្តួចផ្តើម​របស់​ស​ហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ និង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​គូសបញ្ជាក់​ពី​ប្រតិបត្តិការ​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា​ដែលមាន​ការគាំទ្រ​ពី​សំណាក់​ដៃគូ​ជាពិសេស​សប្បុរស​ជនជាតិ​-​អន្តរជាតិ​ក្នុង​ទិវា​៨​ឧសភា​ជា​រៀងរាល់ឆ្នាំ​។​ទន្ទឹមនឹងនេះ​កាកបាទក្រហមកម្ពុជា​ដែលមាន​បណ្តាញ​ចាប់តាំងពី​ទីស្នាក់ការ​កណ្តាល​រហូត​ដល់​សាខា​អនុសាខា​អ្នកស្ម័គ្រចិត្ត​និង​យុវជន​កាកបាទក្រហម​កម្ពុជា​នៅ​ទូទាំង​២៥​រាជធានី​ខេត្ត​ដែល​បាននិងកំពុង​ជួយ​សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​បំផុត​ជាពិសេស​ក្នុងកំឡុងពេល​មាន​គ្រោះមហន្តរាយ​ណាមួយ​កើតឡើង​។​

​បន្ថែម​ពីនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​លើកឡើងថា កាកបាទក្រហមកម្ពុជា នៅតែ​ត្រូវការ ការជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស​បទពិសោធន៍​និង​ថវិកា​ពី​សហព័ន្ធ​អន្តរជាតិ​ដើម្បីឱ្យ​កាកបាទក្រហមកម្ពុជា ក្លាយជា​សមាគមជាតិ​ដែល​កាន់តែ​រឹងមាំ និង​មានដំណើរ​ការល្អ​។​

​ឆ្លើយតប​នឹង​តម្រូវការ​នេះ​លោក​Christopher​បាន​គូសបញ្ជាក់​ពី​ផែន​ការដែល​បានលើកឡើង​ដើម្បី​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​ក្នុងការ​អនុវត្ត​នូវ​គម្រោង​នានា​ក្នុង​ឆ្នាំ​២០២០​ជាពិសេស​ការសិក្សា​ប៉ាន់ស្មាន​ត្រៀម​ឆ្លើយតប​គ្រោះមហន្តរាយ​នានា​។​លោក​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​បន្ត​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​ឱ្យ​ក្លាយជា​សមាគមជាតិ​កាន់តែ​រឹងមាំ​និង​ជំរុញ​កិច្ចប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម