គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​-​ការិយាល័យ​អ​.​ស​.​ប​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​១

416
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​(​គ​.​ស​.​ម​.​ក​.)​និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​សហការគ្នា​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​លើកទីមួយ​។​ស្តីពី​ការផ្សព្វផ្សាយ​និង​ដាក់ឱ្យអនុវត្ត​អនុសាសន៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី​បី រយៈពេល​មួយថ្ងៃ​កន្លះ​គឺ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៨​ព្រឹក នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​។

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែតុលា​ឆ្នាំ​២០១៩​។​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បន្តថា​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយមាន​សមាសភាព​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមានៈ​តំណាង​ក្រសួង​ស្ថាប័នរដ្ឋ​តំណាង​អង្គទូត​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​រួមទាំង​ដៃគូ​អភិវឌ្ឍន៍​ចំនួន​សរុប​ប្រមាណ​ជា​២០០​នាក់​។

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដូចតទៅ​៖ ១. បង្កើន​ការយល់ដឹង​អំពី​យន្តការ UPR និង​ការចូលរួម​របស់​កម្ពុ​ជា​ជាមួយ​ដំណើរការ UPR នេះ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ២. ធ្វើការ​បែងចែក និង​កំណត់​អនុសាសន៍​ទាំង ១៧៣ ដល់​ក្រសួង ស្ថាប័ន​ទទួលបន្ទុក​ដើម្បី​អនុវត្ត​។ ៣. ផ្តល់​វេទិកា​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ចូលរួម និង​ផ្តល់យោបល់ ក្នុងការ​បែងចែក និង​ដាក់ឱ្យអនុវត្ត​អនុសាសន៍​ទាំង​១៧៣ នេះ ។​

​សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​មួយថ្ងៃ​កន្លះ​ដែល​ថ្ងៃ​ទីមួយ​នឹងធ្វើ​ការផ្សព្វផ្សាយ​អនុសាសន៍​UPR​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​និង​ពិភាក្សា​បែងចែក​អនុសាសន៍​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​។​ចំណែកឯ​ថ្ងៃទី​ពីរ​គឺ​ផ្តោតលើ​ការរៀបចំ​ផែនការ​ប្រតិបត្តិ​ក្នុងការ​អនុវត្ត​អនុសាសន៍​ទាំង​១៧៣ ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ និង​ណែនាំ​ពី​អ្នកជំនាញ​របស់​អង្គការ UPR Info មកពី​ទីក្រុង​ហ្សឺ​ណែវ ផងដែរ​៕S/​