ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​នៅ​ល្ងាច​នេះ​

1343
ចែករម្លែក
រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការ Samdech Hun Sen, Cambodian Prime Minister

ដោយ​៖​តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី នៅវេលា​ម៉ោង ១៧៖២០ នាទី​ថ្ងៃទី​១៥ ខែមីនា តាម​ជើងយន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​។ ​

​ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូ​ស្រា្ត​លី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដោយ លោក ប៉េ​ហាំង ដា​តូ លីម ជុក ហ័យ អគ្គលេខាធិការ​អាស៊ាន និង លោកស្រី ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។ លោក ភី​ធ័​រ ខូ​ស​ហ្គ្រូ​វ (Peter Cosgrove) អគ្គទេសាភិបាល​អូស្ដ្រាលី នឹង​រៀបចំ​អាហារ​ថ្ងៃត្រង់ ជូន​ដល់​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​។ ថ្នាក់ដឹកនាំ​អា ស៊ាន​ទាំងអស់​នឹង​ទទួល​ជួប​ដោយឡែក​ពីគ្នា​ជាមួយ​និស្សិត​អូស្ត្រាលី​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមា ជិ​ក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង និស្សិត​ប្រទេស​សមាជិក​អាស៊ាន​ដែល​កំពុង​សិក្សា​នៅ អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​។

​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​នេះ នឹង​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី ដើម្បី​ពិភាក្សា​ប្រកបដោយ​ភាពស្មោះត្រង់​ទៅវិញទៅមក លើ​ប្រធានបទ​ផ្សេងៗ ដែលជា​ផលប្រយោជន៍​រួម និង​ដើម្បី​ចែករំលែក​ការយល់ឃើញ និង​ទស្សនៈ​នានា ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​ទំនាក់ទំនង​អាស៊ាន​-​អូ​ស្រា្ត​លី​។

​ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី​។ អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក​ការងារ​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​អូស្ត្រាលី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​ទស្សនា​វិមាន​អូ​ប៉េ​រ៉ា​ស៊ីដនី​, ទទួល​ជួប​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា និង​អតីត​និស្សិត​អូស្ត្រាលី​ផងដែរ​។ តាម​គ្រោង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​អញ្ជើញ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ព្រលប់​ថ្ងៃទី​១៨ ខែមីនា​៕L