នាវា​ដឹក​ប្រេង​អ៊ីរ៉ង់រងការបាញ់​បណ្តាលអោយឆេះនៅក្បែរ​ឆ្នេរ​អា​រ៉ា​ប៊ី​សា​អូឌីត​

410
ចែករម្លែក

មន្ត្រី​អ៊ីរ៉ង់​បាន​និយាយថា មី​ស៊ី​ល ២ គ្រាប់​បាន​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយគ្រឿង ដែល​កំពុងធ្វើដំណើ​រឆ្ល​ង​កាត់​សមុទ្រ​ក្រហម​ក្បែរ​ឆ្នេរ​អារ៉ាប់​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​សុក្រ​ទី​១១​តុលា ដែលជា​ឧបទ្ទវហេតុ​ចុងក្រោយបង្អស់​នៅក្នុង​តំបន់ ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ទីក្រុង​ហេ​រ៉ង់​និង​សហរដ្ឋ​អាម៉េរិក​។​

​មិនទាន់មាន​ព័ត៌មាន​ណាមួយ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​ជុំវិញ​ការវាយប្រហារ​ដែល​បាន​រាយការណ៍​នេះ ហើយ​មន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​នោះដែរ​។ តម្លៃ​ប្រេង​បាន​កើនឡើង ២​ភាគរយ​ដោយសារតែ​ដំណឹង​នេះ​។​

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​និយាយថា ការបាញ់​នេះ​បានធ្វើឱ្យ​ខូចខាត​ដល់​បន្ទប់​ស្តុក​អីវ៉ាន់​ចំនួន ២ នៅលើ​នាវា​ដឹក​ប្រេង​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ​និង​បណ្តាលឱ្យ​ឆេះនិងលេច​ធ្លាយ​ប្រេង​ចូល​សមុទ្រ​ក្រហម​ក្បែរ​ទីក្រុង​កំពង់ផែ​ជេ​ដា​រប​ស់អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA ដកស្រង់​សម្តី​ក្រុមហ៊ុន National Iranian Tanker Co. ដោយ​កំណត់​អត្តសញ្ញាណ​នាវា​នោះ​មាន​ឈ្មោះថា Sabity ។ យោងតាម​ទិន្នន័យ​ពី​វេ​ប​សាយ MarineTraffic.com បានឱ្យដឹងថា នាវា​នោះបាន​បើក​ឧបករណ៍​តាមដាន​របស់ខ្លួន​ចុងក្រោយ​បំផុត​កាលពី​ខែសីហា​នៅ​ជិត​ទីក្រុង​កំពង់ផែ​បាន់​ដា​អាប់​បាស​របស់​អ៊ីរ៉ង់​។ នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​តែងតែ​បិទ​កម្មវិធី​តាមដាន​រប​ស់​ពួកគេ ព្រោះ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​ផ្តោតលើ​ការលក់​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់​។​

IRNA បាន​និយាយថា “​នាវា​ដឹក​ប្រេង​ឈ្មោះថា SABITY ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​រដ្ឋ បាន​ខូចខាត​លើ​តួ​កប៉ាល់​នៅពេល​វា​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ​ចម្ងាយ ៩៦ គីឡូម៉ែត្រ​ពី​ទីក្រុង​កំពង់ផែ​ជេ​ដា​រប​ស់អា​រ៉ា​ប៊ី​សា​អូឌីត​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​នេះ​មិនបាន​បញ្ជាក់ថា​តើ​មន្ត្រី​អ៊ីរ៉ង់​សង្ស័យថា​នរណា​ជា​អ្នកបាញ់​មី​ស៊ី​ល​ទាំង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

នាវា​ដឹក​ប្រេង​ឈ្មោះថា SABITY រង​ការបាញ់ប្រហារ​ពី​មី​ស៊ី​ល​២​គ្រាប់