ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

387
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​:​ភ្នំពេញ​៖​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែតុលា បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស លួច​គាស់​ផ្ទះ​យក​ម៉ូតូ ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ យ៉េន ម៉ា​ឡែ​ន ហៅ​ប្រុស អាយុ ៣១​ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅ​ជ្រុ​យ ហៅ​ឡេវ អាយុ ៤៩​ឆ្នាំ បានធ្វើ​សកម្មភាព លួច​គាស់​ផ្ទះមួយ​កន្លែង នៅ​ចំណុច​ផ្ទះជួល​១B ផ្លូវ​លេខ​៣ ក្រុម​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក ដោយ​យក​ម៉ូតូ​បាន​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ផ្លាកលេខ កណ្តាល 1AE-3911 និង មួយគ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ផ្លាកលេខ ភ្នំពេញ 1GM-4425 ។​

​បន្ទាប់ពី​ជនរងគ្រោះ​បានដឹងថា​ម៉ូតូ​របស់ខ្លួន​ត្រូវ​ចោរលួច​គាស់​ទ្វារផ្ទះ​យក​បាត់ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌឫស្សីកែវ​ដើម្បី​ជួយ​ស្រាវជ្រាវ​។

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម អាវុធហត្ថ​ខណ្ឌឫស្សីកែវ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា ក្រោយ​ធ្វើ​សកម្មភាព បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​ក្រោម​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាពថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​ក្នុង​ពេលធ្វើ​សកម្មភាព​រូបគេ​ទាំង​២​នាក់ បាន​កាន់​ដែក​ទីប​១​ដើម​ប្រវែង​៥​តឹក ដើរកាត់​តាម​ផ្ទះជួល​នៅ​ចំណុច​ខាងលើ ។​

​បន្ទាប់មក​ពួកគេ​បានឃើញ ផ្ទះជួល មួយ​ល្វែង ហើយ​បាន​អើត​ទៅខាង​ក្នុង​ឃើញ​មាន​ម៉ូតូ ៣​ទៅ​៤​គ្រឿង ។ ភ្លាមនោះ ពួកគេ​បាន​យក​ដែក​ទីប​ដែល​កាន់​ជាប់ដៃ គាស់​ទ្វារផ្ទះ​ចូលទៅ​លួច​យកតែ​ម្តង​។ រូបគេ​ទាំង​២​នាក់ បាន​ប្រាប់​បន្ថែមថា កន្លងមក ពួកគេ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១​ឆ្នាំ​រួច​ម្តង​ហើយ ពីបទ​លួច​៕/Ha​

ទីតាំងផ្សាយពាណិជ្ជកម្ម