ការប្រគល់​ប័ណ្ណកម្មសិទ្ធិ​វាស់​ជា​លក្ខណៈ​ប្រព័ន្ធ​សម្រេច​បានតែ​៤០​ភាគរយ​ដ្បិត​ម្ចាស់​មាន​កំហុសឆ្គង​ផ្នែក​បំពេញ​ឯកសារ​

533
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ ភាពជាប់គាំង​នូវ​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​វាស់វែង​ជា​លក្ខណៈ​ប្រព័ន្ធ​ ដោយសារ​ម្ចាស់​អចលនទ្រព្យ​មាន​កំហុសឆ្គង​ច្រើន​ពាក់ព័ន្ធ​នឹង​ការបំពេញ​ឯកសារ​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​សុរិយោដី​។​

ឆ្លើយតប​ចំពោះ​លោក​អភិបាល​ខេត្តកំពត​ ដែល​ថ្មីៗ​នេះ​បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការងារ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ លោក​យិន វុ​ឍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាន​បញ្ជាក់ថា​ក្នុងចំណោម​ដី​ដែល​បាន​វាស់វែង​ជា​លក្ខណៈ​ជា​ប្រពន្ធ​ចំនួន​១០០​ក្បាលដី​គឺមាន​ឯកសារ​​គ្រប់គ្រាន់ និង​អាចធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ត្រឹម​៤០​ប៉ុណ្ណោះ​។ កន្លងមក​បុគ្គល​មួយ​ចំនួន​បាន​និយាយ​មួលបង្កាច់​មន្ត្រី​ជំនាញ​សុរិយោដី​អំពី​ការ​ផ្អឹប​ឯកសារ​ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់​។ អ្នក​ខ្លះទៀត​ក៏បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ថា​មន្ត្រី​សុរិយោដី​បាន​ផ្អឹប​ប័ណ្ណកម្មសិទ្ធិ​ទុក​រហូតដល់​៥ ឬ​៦​ឆ្នាំ​មិន​ព្រម​ចែក​ឱ្យ​។ ធាតុពិត​ឯកសារ​ខ្លះ​ប្រជាពលរដ្ឋ​មិន​យល់ ថែមទាំង​មិន​មក​បំពេញ​ឯកសារ​ឱ្យ​គ្រប់លក្ខណៈ ទាំង​បច្ចេកទេស ទាំង​ផ្លូវច្បាប់​ដើម្បី​ឈានទៅ​ស្នើសុំ​ធ្វើ​ប័ណ្ណ​នេះ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា បច្ចុប្បន្ន ការវាស់វែង​ជួប​បញ្ហាលំបាក​កាន់តែច្រើន​ថែម​ទៀត ស្របពេល​រាជរដ្ឋាភិបាល​បានចេញ​គោលការណ៍​វាស់វែង​ដីធ្លី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ទាំង​ដី​ធ្វើ​អំណោយ និង​ដី​ទិញ​លក់​ដែល​តម្រូវឱ្យ​យក​ឯកសារ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នៅ​សាខា​ពន្ធដារ​ខេត្ត​។ ប្រជាពលរដ្ឋ​ជាច្រើន​ពុំ​យល់​នាំឱ្យ​ខកខាន​ដោយ​មិនបាន​បំពេញ​កាតព្វកិច្ច​មួយ​នេះ​។ ដូច្នេះហើយ​ទើប​ក្នុងចំណោម​១០០​ក្បាលដី​ដែល​បាន​វាស់វែង​ជា​លក្ខណៈ​ប្រព័ន្ធ​គឺអាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​បានត្រឹមតែ​ជាង​៤០​ប៉ុណ្ណោះ​។

ជាមួយ​ករណី​ដែល​កំពុង​ប្រឈម​នេះ លោក​យិន វុ​ឍ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​យល់​ឱ្យបាន​ច្បាស់ និង​មក​បំពេញ​សំណុំ​ឯកសារ​ក្នុងនាម​ជា​កាតព្វកិច្ច​ម្ចាស់​ដី​ដើម្បី​មន្ត្រី​ជំនាញ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុងការ​ស្នើសុំ​ក្រសួង​បំណង​ឈានទៅ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​បាន​ឆាប់រហ័ស​។ លើសពីនេះ រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បានដឹង ហើយ​ជំរុញ​ពួកគាត់​ឱ្យមក​មន្ទីរ​សុរិយោដី​ខេត្ត​ដើម្បី​បំពេញបន្ថែម​រាល់​ចំណុច​ខ្វះខាត​ទាំងឡាយ​៕​B/

   

ទីតាំងផ្សាយពាណិជ្ជកម្ម