អា​ទូ​រ៉ូ វី​ដាល ៖ អែន​ត័​ញ គ្រី​ស្មាន់ មានការ​ពិបាក​ក្នុងការ​សម្រប​ខ្លួន​នៅ បា​សេ​ឡូ​ណា​

397
ចែករម្លែក

កីឡាករ អា​ទូ​រ៉ូ វី​ដាល (Arturo Vidal) អះអាងថា មិត្ត​រួម​ក្រុម​ថ្មី​របស់​បា​សេ​ឡូ​ណា (Barcelona )​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លិប​នេះ​។​
​ ​
ក្លិប Barcelona បាន​នាំយក​កីឡាករ​បារាំង​រូបនេះ​មក​ក្នុងតម្លៃ​១០៨​លាន​ផោន​កាលពី​រដូវក្តៅ​ហើយ​រកបាន​២​គ្រាប់ ក្នុងការ​បង្ហាញមុខ​លើកដំបូង​សម្រាប់​ក្រុម​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​កីឡាករ​រូបនេះ​ធ្វើ​មិនបាន​ល្អ​ទេ​ចាប់​តាំង ពី​ពេលនោះ ។​
​ ​
ខ្សែបម្រើ​សញ្ជាតិ​ស៊ី​លី​រូបនេះ​បាន​និយាយថា “​វា​ពិតជា​ពិបាក​ណាស់​សម្រាប់ គ្រី​ស្មាន់​ក្នុងការ​សម្រប​ខ្លួន​។ គាត់​មក ចូលរួម​ជាមួយ​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក និង​ជាមួយ​កីឡាករ​ឆ្នើមៗ​”​។ ក្លិប Barcelona បាន​ចំណាយ​ប្រាក់​ជិត ១​ពាន់​លាន​ផោន​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក​លើ​កីឡាករ​ថ្មី​។​
​ ​
​គ្រី​ស្មាន់ ផ្ទេរ​ពី​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid)​ទី​ដែល​ខ្លួន​រកបាន​៩៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៨០​លើក ចាប់តាំងពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៩​។​
​ ​
​វី​ដាល បាន​និយាយថា “​គ្រី​ស្មាន់ មកពី​ក្រុម​ដែលមាន​ទម្រង់​លេង​ខុសពី​ក្រុម Barcelona ខ្លាំងពេក​។ ប៉ុន្តែ​យើង​ដឹងថា គាត់​មាន​គុណភាព ហើយ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​ក្នុង​ពិភពលោក​។ យើង​ត្រូវ​ផ្តល់​ពេលវេលា ដល់​គាត់ ហើយ​នៅពេលណា​គាត់​ដឹងថា អ្នកចាត់ការ​ចង់បាន​អ្វី​ពី​គាត់ នោះ​គាត់​នឹង​ជួយ​ក្រុម​បាន​ច្រើន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann)

ទីតាំងផ្សាយពាណិជ្ជកម្ម