អាម៉េរិក ៖ គ្មាន​ការរត់​គេចខ្លួន​ធំដុំ​ណាមួយ​ពី​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​នោះទេ

613
ចែករម្លែក

​មន្ត្រី​ម្នាក់​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​តុលា​ថា សហរដ្ឋ​អាម៉េរិក​មិនឃើញ​ការរត់​គេចខ្លួន “​ដ៏​សំខាន់​ណាមួយ​” ពី​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​ទេ ចាប់តាំងពី​តួ​ក​គី​បាន​បើក​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​ក្រុម​យុទ្ធជន​ឃឺ​ដ ដែល​កំពុង​ឃុំឃាំង​ពួក​អ្នកទោស​ទាំងនោះ​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​យើង​មិន​បានឃើញ​មានការ​រត់គេចខ្លួន​ដ៏​ជោគជ័យ​ធំ​ណាមួយ​ទេរ​ហូត​មកទល់ពេលនេះ​ចំពោះ​អ្នក​ជាប់ឃុំ​ទាំងនោះ​”​។​

​ទោះយ៉ាងណា មន្ត្រី​រូបនោះ​បាន​និយាយថា ប្រពន្ធ​និង​កូនៗ​របស់​អ្នកទោស​រដ្ឋ​អ៊ីស្លាម​ចន្លោះ​ពី ៥០ ទៅ ១៥០ នាក់​បាន​រត់គេចខ្លួន​ក្នុង​ភាពវឹកវរ បន្ទាប់ពី​កងកម្លាំង​តួ​ក​គី​បាន​វាយប្រហារ​កាលពី​សប្តាហ៍​មុន​។​

​មន្ត្រី​រូបនោះ​បាន​និយាយថា “​យើង​មិនដឹងថា​ពួកគេ​ទៅ​ទីណា​នោះទេ​។ នោះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​នៅ​ទីនោះ​”​។​

​លោក​បាន​និយាយថា “​ប៉ុន្តែ​ជាការ​ពិត​យើង​មិនមាន​សមត្ថភាព​ដូច​ពីមុន​ក្នុងការ​ឃ្លាំមើល​រឿងនេះ​ទេ​” ដោយ​ទទួលស្គាល់​ពី​ការថយចុះ​សមត្ថភាព​របស់​អាម៉េរិក ខណៈដែល​ខ្លួន​ដក​កងទ័ព​តាម​បញ្ជា​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​សម្តី​របស់​មន្ត្រី​រូបនេះ​គឺ​ផ្ទុយគ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ ដែល​បាន​រិះគន់​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​លុកលុយ​នេះ “​ជា​លទ្ធផល​បានធ្វើឱ្យ​រួចខ្លួន​អ្នកទោស​អាយ​ស៊ី​ស​គ្រោះថ្នាក់​ជាច្រើន​នាក់​”​។​

​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន បាន​បញ្ជា​ឱ្យធ្វើ​ប្រតិបត្តិ​ការវាយលុក​នេះ បន្ទាប់ពី​លោក​ត្រាំ​បាន​ប្រាប់​លោក​អឺ​ដូ​ហ្គា​ន​ថា គាត់​កំពុង​កងទ័ព​អាម៉េរិក​ចេញ ដែល​បម្រើការ​ជា​អ្នករក្សា​សុវត្ថិភាព​រវាង​ជនជាតិ​ឃឺ​ដ​ស៊ី​រី​និង​តួ​ក​គី​។​

​ប៉ុន្តែ​ក្រោម​ការរិះគន់​យ៉ាងខ្លាំង​ក្លា លោក​ត្រាំ​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​តួ​ក​គី​និង​វាយ​ពន្ធ​សងសឹក​។ មន្ត្រី​រូបនោះ​បាន​និយាយថា អនុ​ប្រធានាធិបតី​ម៉ៃ ផេ​ន នឹងធ្វើ​ដំណើរ​ក្នុង​រយៈពេល ២៤ ម៉ោង​ទៅកាន់​ទីក្រុង​អង់កា​រ៉ា​ដើម្បី​ស្វែងរក​បទ​ឈប់​បាញ់​។​

​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ពួក​ឃឺ​ដ​បាន​ដឹកនាំ​ការវាយប្រហារ​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក ដែល​បាន​បង្ក្រាប​ចលនា​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី ប៉ុន្តែ​តួ​ក​គី​បាន​ភ្ជាប់​ពួកគេ​ទៅនឹង​ក្រុម​សកម្មប្រយុទ្ធ​បំបែក​ខ្លួន​នៅក្នុង​ស្រុក ហើយ​ប្តេជ្ញា​ថា​នឹង​កម្ទេច​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​តួ​ក​គី​ជិះ​រថក្រោះ M60 ឆ្លង​ចូល​ព្រំដែន​ស៊ី​រី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ