ចិន​និង​ហុងកុង​និយាយ​ថា​សភា​អាម៉េរិក​គួរ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​

443
ចែករម្លែក

​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ពុធ​ទី​១៦​តុលា​នេះ​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សូម​ប្រឆាំង​ជំទាស់​ដាច់ខាត​វិធានការ​ថ្មី​ដែល​សភា​អាម៉េរិក​ទើប​អនុម័ត​នៅ​មួយ​​ថ្ងៃមុន​នេះ ពាក់ព័ន្ធ​នឹង​ការតវ៉ា​នៅ​ហុងកុង ហើយ​បាន​អំពា​នាវ​អោយ​ពួក​សភា​អាម៉េរិក​ឈប់​ជ្រៀតជ្រែក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ហ្គេង​សួង​បាន​និយាយថា​«​យើង​សម្តែង​ការខកចិត្ត​និង​ការប្រឆាំង​ខ្លាំងក្លា​ចំពោះ​ភាព​មានៈ​រឹងរូស​របស់​សភា​អាម៉េរិក ក្នុង​ការអនុម័ត​​អ្វី​ដែល​ខ្លួន​ហៅថា «​ច្បាប់​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​»​។​

​លោក​បាន​បន្ថែមថា ទំនាក់ទំនង​របស់​ចិន​ជាមួយ​សហរដ្ឋ​អាម៉េរិក​នឹង​ត្រូវ​បំផ្លាញ បើសិនជា​ច្បាប់​នេះ​នឹង​ត្រូវ​អនុវត្ត​។​

​សូមបញ្ជាក់​ថា ប្រទេស​ទាំង​២​កំពុង​ពិភាក្សា​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ដែល​នាំអោយ​ប្រទេស​ទាំង​ពីរ​ដំឡើង​ពន្ធ​លើក​ទំនិញ​ផង​គ្នា​រាប់​ពាន់​លាន​ដុល្លារ​។​

«​ច្បាប់​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​» ដែល​ជា​វិធានការ​១​ក្នុងចំណោម​វិធានការ​៣​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​ហុងកុង នឹង​តំរូវ​អោយ​​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បញ្ជាក់​អះអាង​រៀងរាល់​ឆ្នាំ​នៅ​មុខ​សភា ថា​ហុងកុង​នៅ​តែ​រក្សា​បាន​ស្វ័យភាព​ដើម្បី​ទទួលបាន​ការប្រព្រឹត្ត​ពិសេស​ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​ដ៏​សំខាន់​​មួយ​។​

​សភា​អាម៉េរិក៏​បានអនុម័ត​ច្បាប់​ការពារ​ហុងកុង ដែល​ហាម​នាំចេញ​គ្រឿង​បរិក្ខា​យោធា​និង​សម្ភារ​គ្រប់គ្រង​ហ្វូងមនុស្ស ដែល​អាច​អោយ​ប៉ូលិស​ហុងកុង​យក​ទៅប្រើ​លើ​អ្នក​ប្រឆាំង​​តវ៉ា ហើយ​នឹង​សេចក្តីសំរេច​ចិត្ត​មួយ​ដែល​ទទួលស្គាល់​ទំនាក់ទំនង​របស់​ហុងកុង​ជាមួយ​អាម៉េរិក​។​

​មុន​នេះ​នៅ​ថ្ងៃ​ពុធ​ដដែល រដ្ឋាភិបាល​ហុងកុង​និយាយថា សភា​អាម៉េរិក​មិនគួរ​ជ្រៀតជ្រែក​កិច្ចការ​របស់​ទឹកដី​នេះ​ទេ​។​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ដែល​ការពារ​ប្រព័ន្ធ​​នយោបាយ​ហុងកុង ត្រូវបាន​ធ្វើ​ឡើង​មុន​មេដឹកនាំ​ទីក្រុង​នេះ​លោកស្រី​ការី ឡាំ ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ ដោយ​បញ្ចេញ​គោលនយោបាយ​របស់​រដ្ឋាភិបាល​របស់​លោកស្រី​៕ដោយ៖វាសនា

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​របស់ការី ឡាំ និយាយថា​« សភា​បរទេស​មិនគួរ​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​ទោះ​ក្នុង​ទំរង់​ណាក៏ដោយ​»

ទីតាំងផ្សាយពាណិជ្ជកម្ម