មេដឹកនាំ​បាតុកម្ម​ហុងកុង​ត្រូវ​គេ​វាយ​អោយ​របួស​

399
ចែករម្លែក

​សកម្មជន​ដ៏​លេចធ្លោ​ម្នាក់​នៃ​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​និង​ជា​មេដឹកនាំ​ក្រុម​ដែល​មានឈ្មោះ​ថា រណសិរ្ស​សិទ្ធិ​ស៊ីវិល​(CHRF) ត្រូវបាន​គេ​វាយ​អោយ​របួស​យ៉ាងដំណំ​កាលពី​​ល្ងាច​ថ្ងៃ​ពុធ​ទី​១៦​តុលា ។​

​អ្នកនាំពាក្យ​ក្រុម​នេះ​បាន​និយាយថា​លោក ជី​មមី សាម ត្រូវបាន​បុរស​កាន់​ញញួរ​៥​នាក់​វាយ​នៅពេល​លោក​កំពុងធ្វើដំណើរ​ទៅ​ជួបជុំ​នៅ​សង្កាត់​កៅ​លុន​។​សាម បាន​ចេញ​ឈាម​​ក្បាល​តែ​នៅ​ដឹងខ្លួន​នៅពេល​ទៅ​រក​ពេទ្យ​ព្យាបាល​។​វា​ជា​ការវាយប្រហារ​លើក​ទី​២​លើ​សាម បន្ទាប់​ពី​មាន​ការវាយប្រហារ​កាល​ពី​ខែ​សីហា​។​

សកម្មជន​ជី​ម​មី សាម ដួល​នៅ​នឹង​ដី​និង​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រោយ​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​១៦​តុលា​

​អ្នកនាំពាក្យ​ប៉ូលិស​ហុងកុង​បាន​និយាយថា​ខ្លួន​ទទួលបាន​របាយការណ៍​មួយ​ស្តីពី​មនុស្ស​ម្នាក់​ត្រូវបាន​វាយ​អោយ​របួស​នៅ​តំបន់​ម៉ុង​កុក​និង​បាន​ធ្វើ​ការស៊ើបអង្កេត​តែ​មិន​បាន​​បញ្ចេញ​អត្តសញ្ញាណ​ជនរងគ្រោះ​ទេ​។​

​ចលាចល​នៅ​ហុងកុង​បាន​អូសបន្លាយ​ពេល​អស់​ពេល​ជាង​៤​ខែ​មក​ហើយ ដោយ​កម្លាំង​ប៉ូលិស​ប្រើ​គ្រាប់​បែកផ្សែង ទឹក​និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​ទប់ទល់​នឹង​ហ្វូងមនុស្ស នៅ​​ពេល​អ្នក​ប្រឆាំង​តវ៉ា​បាន​ប្រើ​គ្រាប់បែក​សាំង ដុំថ្ម​និង​នៅ​សប្តាហ៍​នេះ​បាន​ប្រើ​គ្រាប់បែក​ផលិត​ដោយ​ខ្លួនឯង​។​

​ការតវ៉ា​ប្រឆាំង​កាន់តែ​ហិង្សា​ឡើង ក្រោយ​ពី​មេដឹកនាំ​ហុងកុង​បាន​ប្រកាស​ប្រើ​ច្បាប់​គ្រា​អាសន្ន ដែល​ហាម​មិន​អោយ​អ្នក​ប្រឆាំង​តវ៉ា​ពាក់​ម៉ាស​បិទមុខ​ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​។​

​សូម​រំលឹក​ថា កាលពី​ខែ​សីហា សាម​ក៏ត្រូវ​បុរស​២​នាក់​វាយ​នឹង​ដំបង​និង​កាំបិត​។​មុន​ឧបទ្ទវហេតុ​ន​នេះ ក្រុម​CHRF​មាន​គំរោង​ធ្វើ​ការជួបជុំ​តវ៉ា​នៅ​ថ្ងៃអាទិត្យ​៕​ដោយ​៖​វាសនា​