ចូលរួម​គិតគូរ​អំពី​សណ្តាប់ធ្នាប់​របៀបរៀបរយ​បញ្ជាក់​ឲ្យឃើញ​នូវ​ភាពថ្លៃថ្នូរ​ក្នុងការ​រស់នៅ​

434
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ ការគិតគូរ​ជា​ចម្បង​អំពី​អនាម័យ សោភ័ណភាព និង​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ចេញពី​ពលរដ្ឋ​គ្រប់រូប ​បញ្ជាក់ឲ្យឃើញ​នូវ​ភាពថ្លៃថ្នូរ​ស័ក្តិ​សមជា​អ្នករស់នៅ​ក្នុង​ក្រុង​ស៊ី​វិ​ល័យ​ពិតប្រាកដ​។

នា​ប្រតិបត្តិ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​ដោយមាន​ការ​កាត់​ទម្លាក់​ស្លាក​យីហោ​ផ្សេងៗ​ក្នុង​សង្កាត់​កំពង់​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ លោក​លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​រៀបរាប់ថា ​ឈរលើ​គោលការណ៍​នៃ​ទីក្រុង​ស្អាត​កម្រិត​ផ្ការំដួល​បី​ទង​ថា្នក់​ជាតិ និង​ជា​បេក្ខភាព​ទីក្រុង​ស្អាត​អាស៊ាន បញ្ហា​សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន ក៏ដូចជា​សោភ័ណភាព​ក្រុង​កំពត​ជា​ករណី​សំខាន់​ដែល​មិនអាច​មើលរំលង​បាន​។ ជារឿយៗ រដ្ឋបាល​ក្រុង ក៏ដូចជា​អាជ្ញាធរ​សង្កាត់​តែង​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ដោយផ្ទាល់​មាត់ និង​ជា​លិខិត ឱ្យ​យកចិត្តទុកដាក់​លើ​បញ្ហា​ចំណីផ្លូវ និង​រូបភាព​អនាធិបតេយ្យ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ផ្តើមចេញពី​បុគ្គល​គ្រប់រូប​។

លោក​អភិបាលក្រុង​បាន​បន្តថា បន្ទាប់ពី​បានធ្វើ​ជា​ជំហានៗ​កន្លងមក​ឃើញថា​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ស្ទុះស្ទា កែលម្អ​ទាន់ពេលវេលា ពិសេស​ទិដ្ឋភាព​នៃ​ការដាក់​តាំង​ស្លាក​យី​ហៅ​លើ​ចំណីផ្លូវ​ជាដើម​។ ប៉ុន្តែ​អ្នកខ្លះ​ហាក់​មាន​ភាពយឺតយ៉ាវ​ដោយសារ​ខ្វះ​កម្លាំង និង​ក្រោម​ហេតុផល​ផ្សេងៗ​ទៀត​។ ម្ល៉ោះហើយ ថ្ងៃនេះ​រដ្ឋបាល​ក្រុង​សម្រេច​ចុះ​រៀបចំ និង​ឈានទៅ​កាត់​ស្លាក​យោ​ហោ​ដែល​ដាក់តាំង​គ្មាន​សណ្តាប់ធ្នាប់​ដើម្បីឱ្យ​ក្រុង​កំពត​មាន​លក្ខណៈ​កាន់តែ​ល្អ​ស្អាត​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​សម្រាប់​សាធារណ​ជន​ទូទៅ​។

លោក​លាង រឿ​សុធី​បាន​បញ្ជាក់ថា​ការចេះ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន សោភ័ណ​ភាព​ជុំវិញខ្លួន ក៏ដូចជា​ទីសាធារណៈ​ដោយ​ស្មារតី​ភ្ញាក់រលឹក និង​ទទួលខុស​ត្រូវ​របស់​ព​ល​រដ្ឋ​ម្នាក់ៗ​បង្ហាញឱ្យឃើញ​អំពី​ភាពថ្លៃថ្នូរ​ស័ក្តិ​សមជា​អ្នករស់នៅ​ក្នុង​ទីក្រុង​ស៊ី​វិ​ល័យ​នៃ​យុគសម័យ​ទំនើប​។ ដូច្នេះ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​ទាំងអស់​មេត្តា​ចូលរួម​ដោយ​ទឹកចិត្ត​ស្មោះសរ​ដើម្បីឱ្យ​ទីក្រុង​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​មក​កម្សាន្ត​។

លោក​អភិបាលក្រុង​បានបញ្ជាក់​បន្ថែមទៀតថា អ្វីដែល​រដ្ឋបាល​ក្រុង​ធ្វើ​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​រួម មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​ឡើយ​។ ក្រៅពី​ភាពស្រស់ស្អាត​សម្រាប់​ទាំងអស់គ្នា គោលដៅ​ជា​ចម្បង​នៃ​សកម្មភាព​នេះ​គឺ​ក្នុង​បំណង​បង្ហាញ​ដល់​សាធារណជន​ឲ្យបាន​ដឹង​ពី​តម្លៃ​នៃ​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ក្រុង​កំពត​ ដែល​ក្សា​បាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ល្អ​ផូរផង់​នៃ​ការរស់នៅ​ដោយ​ភាពល្អ​ស្អាត​៕​B/