រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ពង្រឹង​ខ្លាំង​លើ​សន្តិសុខ ស្ថេរភាព​នយោបាយ​ក្នុង​ខែតុលា វិច្ឆិកា​ឆ្នាំ​២០១៩

327
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រជុំ​ពង្រឹង​ខ្លាំង​ជាង​មុន​លើ​សន្តិសុខ ស្ថេរភាព​នយោបាយ​ក្នុង​ខែតុលា វិច្ឆិកា​ឆ្នាំ​២០១៩ ខណៈ​មាន​ព័ត៌មាន​ថា ផែនការ​មាតុភូមិនិវត្តន៍​របស់​ទណ្ឌិត​សម រង្សី និង​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​បង្ហើប​ថា នឹង​ឆ្លងកាត់​ព្រំដែន​គោក​ពី​ប្រទេស​ថៃ​មក​កម្ពុជា ជាមួយ​ពលករ​ខ្មែរ​នា​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជារ​ការឯកភាព​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ប្រចាំ​ខែតុលា​ឆ្នាំ​២០១៩ តាំងពី​ថ្ងៃទី​១៧​ខែតុលា ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព ស្ថេរភាព​នយោបាយ ក្នុងភូមិ​សាស្ត្រ​ខេត្ត​។​

​កិច្ចប្រជុំ​នៅ​សាលប្រជុំ “​ខ​” សាលាខេត្ត​បន្ទាយមានជ័យ​នោះ មានការ​ចូលរួម​ពី អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក​ប្រធាន​តុលាការ លោក​មេបញ្ជាការ /​រង​យោធា​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត កងឯកភាព​កងកម្លាំង​នានា ស្នងការរង​នគរបាល​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក ជាដើម​។​

​កិច្ចប្រជុំ​ដ៏​សំខាន់ តែមាន​រយៈពេល​ខ្លី​ជាង​មុន​នោះ បានលើកឡើង​ពី​ការងារ​ប្រចាំថ្ងៃ និង​ទិសដៅ​ខែតុលា​និង​ខែវិច្ឆិកា​។ ក្នុងនោះ​ក៏​ផ្តោតលើ​ការត្រៀម​អនុវត្ត​ដីកា​តុលាការ អនុសាសន៍ បទបញ្ជារ​ថ្នាក់លើ​ទាក់ទិន​នឹង​ការ​បង្ហើប​ថា ទណ្ឌិត​សម រង្សី​និង​គូកន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​មាតុភូមិនិវត្តន៍​ជាមួយ​ហ្វូង​កម្មករ កម្មការិនី​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មក​តាម​ផ្លូវគោក​។​

​ពិសេស​គឺ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម